Matuidi ពិនិត្យ​សុខភាព​ជាមួយ Juventus មុននឹង​បំពេញ​ការផ្ទេរ​ពី​ក្លិប PSG

ខ្សែបម្រើ​អន្តរជាតិ​បារាំង Blaise Matuidi កំពុងតែ​ស្ថិត​លើផ្លូវ​ឆ្ពោះទៅកាន់​ការបំពេញ​ការ​ផ្ទេរ​ជា​ផ្លូវការ​ទៅកាន់​ក្លិប  Juventus ដែល​បាន​យល់ព្រម​ចំណាយ​ប្រាក់​ទៅ​ឲ្យ​ក្លិប Paris Saint-Germain ក្នុង​ទឹកប្រាក់​ប្រមាណ​ជា20លាន​អឺរ៉ូ (ស្មើនឹង23.5លាន​ដុល្លារ​អាមេរិក) បូក​រួមទាំង​ប្រាក់ឧបត្ថម្ភផ្សេងៗទៀត ក្រោយពី​ទទួលបាន​ការត្រួតពិនិត្យ​សុខភាព​កាលពី​ថ្ងៃ​ពុធ។ Matuidi ដែល​បានឈ្នះ​ពាន​ក្របខ័ណ្ឌ​លី​ក4លើកជាប់ៗគ្នា​ជាមួយនឹង​ក្រុម PSG នោះ ត្រូវបាន​ស្វាគមន៍​ដោយ​អ្នកគាំទ្រ​ជាច្រើន​នាក់​ក្នុងពេល​រូបគេ​ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន Caselle ក្នុង​ទីក្រុង Torino កាលពី​ថ្ងៃ​ពុធ​មុនពេល​ទទួល​ការត្រួតពិនិត្យ​សុខភាព។

រូបគេ​ត្រូវបាន​រំពឹងទុក​ថា នឹង​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​ដែល​នឹងធ្វើ​ឲ្យ​ខ្សែបម្រើ​វ័យ30ឆ្នាំ​រូបនេះ​ទទួលបាន​ចំណូល3.5លាន​អឺរ៉ូ (ស្មើនឹង4.1លាន​ដុល្លារ​អាមេរិក) ក្នុង​មួយ​រដូវ​កាល​នេះ។ នេះ​បើ​យោងទៅតាម​ការចេញផ្សាយ​របស់​គេហទំព័រ Gazzetta dello Sport។ ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល​ដែល​ជំនាញ​ខាង​គ្រប់គ្រង​បាល់​យ៉ាងរឹងមាំ និង​មាន​សមត្ថភាព​ក្នុងការ​បញ្ជូន​បាល់​យ៉ាង​ល្អ​ឱ្យទៅ​ដៃគូ​រូបនេះ បាន​ក្លាយជា​គោលដៅ​របស់​ក្លិប Juventus ជា​យូរ​មកហើយ។ Juventus បានប្រកាស​ពី​ការផ្ទេរ​នេះ​តាមរយៈ​ការ​បង្ហោះ​រូបថត​មួយ​នៅលើ​គេហទំព័រ​របស់​ពួកគេ ដែល​បង្ហាញ​ពី Matuidi កំពុងតែ​សើច​ពេលធ្វើ​ដំណើរ​ដល់​កន្លែង​ពិនិត្យ​សុខភាព។

កីឡាករ​រូបនេះ​នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី9របស់ Juventus នៅ​រដូវក្តៅ​នេះ ក្រោយពី​ការនាំយក​កីឡាករ Douglas Costa (Bayern Munich), Mattia Di Sciglio (AC Milan), Federico Bernardeschi (Fiorentina) និង​អ្នកចាំទី Wojciech Szczesny (Roma)៕

ប្រភពពី៖ Sport24

Advertisement