Real Madrid ផ្តល់​ភាពអាម៉ាស​ដល់ Barcelona ដើម្បី​លើក​ពាន Super Cup

ខ្សែប្រយុទ្ធ Marco Asensio បានបង្ហាញ​ឲ្យ​ឃើញ​ពី​មូលហេតុ​ដែល​រូបគេ​កំពុងតែ​ស្ថិតក្នុង​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ក្លិបកំពូលៗនៅ​អឺរ៉ុប ក្រោយពី​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី1គ្រាប់ ក្នុងពេល​ក្រុម Real Madrid បាន​បំបាក់​ក្រុម​ជើង​ខ្លាំង Barcelona 2 – ០ ដើម្បី​លើក​ពាន Super Cup របស់​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ពុធ។

ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 3-1 ពី​ការប្រកួត​ជើង​ទី1 រួចមក  Real បានបង្ហាញ​ពី​ភាពច្បាស់លាស់​នៃ​ការលើក​ពាន​បើក​រដូវ​កាល​នេះ ក្រោយពី​លេង​បានត្រឹមតែ4នាទី ខណៈដែល​តារា​ឆ្នើម Asensio វ័យ21ឆ្នាំ បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ខណៈពេលដែល​មិត្ត​រួម​ក្រុម​របស់គេ បាន​រត់​ទៅកាន់​តំបន់​ប្រយុទ្ធ​យឺត​ពេល​បន្តិច​នោះ  Asensio បាន​ស៊ុត​បាល់​ពី​ចម្ងាយ​ចូលក្នុង​ទី​របស់​អ្នកចាំទី Marc-Andre ter Stegen នៃ​ក្រុម Barcelona តែម្តង។

ខ្សែប្រយុទ្ធ Karim Benzema បាន​បន្ថែម​គ្រាប់​បាល់1គ្រាប់​ទៀត​ដើម្បី​បំពេញ​ការទទួល​ជ័យជម្នះ​របស់​ក្រុម​ខ្លួន​តែម្តង ខណៈដែល​លោក Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona បាន​គិតទុក​រួចស្រេច​ទៅហើយ​ថា នឹងត្រូវ​ប្រឈមមុខ​នឹង​ការងារ​ដ៏​លំបាក​មួយ​ក្នុងការ​ប្រជែង​ជាមួយនឹង Real Marid ដើម្បី​ឈ្នះ​ពាន​នៅ​រដូវ​កាល​នេះ។ Real Madrid បានចាប់ផ្តើម​យ៉ាង​ល្អឥតខ្ចោះ ហើយ​ពួកគេ​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ក្នុង​តង់​ទី1 មុន​នឹងរង​សម្ពាធ​វិញ​ក្នុង​តង់​ទី2។

ក្រុម Barcelona បាន​ព្យាយាម​វាយបក​វិញ​តាមរយៈ​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​ក្នុង​តង់​ទី2 ប៉ុន្តែ មិនអាច​រក​គ្រាប់​បាល់​បានឡើយ ខណៈដែល Lionel Messi និង Luis Suarez សុទ្ធសឹង​បាន​ស៊ុត​បាល់​ទៅ​ប៉ះ​នឹងរ​បាទី​ទាំងអស់។ ការទទួល​ជ័យជម្នះ​នេះ​បាន​បន្តធ្វើ​ឲ្យ​ក្រុម Real ទទួលជោគជ័យ​ក្រោម​ការដឹកនាំ​របស់លោក Zinedine Zidane ខណៈដែល​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប​មួយ​នេះ បច្ចុប្បន្ន​បានឈ្នះ​ពាន​ចំនួន៧ ក្នុង​រយៈពេល20ខែ ក្រោម​ការដឹកនាំ​របស់​លោក Zidane៕

ប្រភពពី៖ The Sun

Advertisement