ក្រសួង​ចំនួន4 រួមគ្នា​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិតផល​ខ្មែរ

ភ្នំពេញៈ ក្រសួង​ចំនួន4 បាន​បើក​សិក្ខាសាលា​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិផល និង​ផលិតផល​ខ្មែរ​ដែល​ផលិត​ក្នុងស្រុក​ដើម្បី​ជំរុញ​ការនាំចេញ ក្នុងនោះ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ផង។

ក្រសួង​ទាំង4 នោះ​រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួងទេសចរណ៍។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​នា​ព្រឹក​ថ្ងៃទី១៧ សីហា​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​សុំ​ឲ្យ​វិស័យ​ឯកជន​រួមគ្នា​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិតផល​របស់​ពួកគេ​ដើម្បី​ជំរុញ​ការនាំចេញ​របស់​កម្ពុជា និង​បាន​ជំរុញ​ឲ្យ​តំណាង​វិស័យ​ឯកជន​ធ្វើការ​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ដើម្បី​លើក​ជា​សំណូមពរផ្សេងៗមកកាន់​គណៈអធិបតី​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ការ​សមស្រប។

ឯក​ឧ​ត្ក​ម​បាន​បន្តថា នេះ​ជា​លើក​ទី2ហើយ​ដែល​ក្រសួងពាណិជ្ជកម្ម​បា​នស​ហ​ការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងទេសចរណ៍​ធ្វើ​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង​ដើម្បី​កំណត់​នូវ​បញ្ហា​ប្រឈម និង​ដាក់ចេញ​នូវ​វិធានការ​ឆ្លើយតប​នានា​សំដៅ​លើកកម្ពស់​ចង្វាក់​ផលិតកម្ម និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​ផលិតផល​ខ្មែរ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ក៏បាន​លើកយក​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ដែល​សម្រេច​បានជា​មធ្យ​ម7ភាគរយ​ក្នុង​រយៈពេល2ទសវត្សរ៍​ចុងក្រោយ និង​ការប្តេជ្ញាចិត្ត​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការបន្ត​ស្វែងរក​ទីផ្សារ​ជូន​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​នៅ​កម្ពុជា។ លើសពីនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ជំហរ​គាំទ្រ ចំពោះ​ការចាប់​ដៃគូ​ធុរកិច្ច​រវាង​ម្ចាស់​ផលិតផល និង​អ្នកទទួល​ទិញ​នៅក្នុង​សិក្ខាសាលា​ដែលជា​វឌ្ឍនភាព​ថ្មី​មួយទៀត​សម្រាប់​លើកកម្ពស់​កិត្យានុភាព​របស់​ផលិតផល​ខ្មែរ៕

Advertisement