ឱកាស​របស់​ក្រុមហ៊ុន​កម្ពុជា​បានមក​ដល់​ហើយ ដើម្បី​ឈានទៅ​ក្លាយជា​អ្នកជំនាញ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗ  

ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ថៃ នាពេល​កន្លងមក​ប្រទេស​ថៃ​បាន​ប្រឹងប្រែង​បង្កើន​សកម្មភាព​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​រួមគ្នា។ ថ្មីៗនេះ​តំណាង​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗនៅ​ប្រទេស​ថៃ (events Organizer) កំពុងមាន​ចំណាប់អារម្មណ៍​ក្នុង​ការធ្វើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​នៅ​កម្ពុជា​ជាខ្លាំង។

លោក ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​ថា​ដោយ​ផ្អែកទៅលើ​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​ការរីកចម្រើន​ខ្លាំង គួបផ្សំ​នឹង​ការរក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​រៀងរាល់ឆ្នាំ បានធ្វើឱ្យ​ពាណិជ្ជករ​ថៃ​ក៏ដូចជា​ក្រុមហ៊ុនធំៗជាច្រើន​មានការ​ចាប់អារម្មណ៍​លើ​ទីផ្សារ​កម្ពុជា​យ៉ាងខ្លាំង។ លោក​បន្ដថា ក្រៅពី​មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ផ្នែក​សំណង់ សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ម្ហូបអាហារ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​និង​ការផលិត​ភាពយន្ដ​ជាដើម​បានមក​ធ្វើ​កិច្ច​សហការគ្នាជាមួយ​ក្រុម​ហ៊ុន​នៅ​ប្រទេស​កម្ពុជា​ហើយ បច្ចុប្បន្ន​ក៏មាន​ក្រុមហ៊ុន​ដែលមាន​អាយុកាលចំណាស់ៗនៅ​ប្រទេស​ថៃ​មាន​ជំនាញ​លើ​ការងារ​រៀបចំ​កម្មវិធី​ព្រឹ​ត្ដិ​ការណ៍ធំៗ (events Organizer)ជាច្រើន​ចាប់អារម្មណ៍​ចង់​សហការ​ជាមួយនឹង​ក្រុមហ៊ុន​នៅ​កម្ពុជា។

អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ បន្ថែមថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​នៅ​បណ្ដា​ប្រទេស​រីកចម្រើន​មួយចំនួន​នៅក្នុង​តំបន់​កំពុងតែ​មានការ​ចាប់អារម្មណ៍​លើ​ផ្នែក​នេះ ពិសេស​ពួកគេ​ក៏​កំពុង​តែមាន​សក្ដានុពល​នៅក្នុង​តំបន់​ផងដែរ ដូចជា​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ជាដើម។ ដូច្នេះ​លោក​មានជំនឿថា ប្រសិនបើ​ក្រុមហ៊ុន​នៅ​កម្ពុជា និង​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ​រួម​សហការគ្នា​លើ​ការងារ​នេះ នឹង​អាច​ជំ​រុញឱ្យ​ប្រទេស​ទាំងពីរ​មាន​សក្ដានុពល​លើ​ផ្នែក​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗ ដូច​បណ្ដា​ប្រទេស​ទាំង​នោះដែរ។

លោក ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត សង្កត់ធ្ងន់ថា៖«តាមរយៈ​កិច្ចសហការ​នេះ​ក្រៅពី​បានធ្វើឱ្យ​ក្រុមហ៊ុន​នៅ​កម្ពុជា​មានដំណើរ​ការល្អ​លើ​ការរៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗឈានទៅ​ក្លាយជា​ក្រុមហ៊ុន​ជំនាញ និង​មាន​សក្ដានុពល​ខ្លាំង​ហើយ យុវជន​កម្ពុជា​ក៏មាន​ឱកាស​បាន​រៀនសូត្រ​ពីបទ​ពិសោធ​ជាច្រើន​ពី​ដៃគូ​មកពី​ប្រទេស​ថៃ​ផងដែរ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ​មាន​បទពិសោធ​មិនតិចជាង50ឆ្នាំ​ទេ ពោល​ចាប់តាំងពី​ប្រទេស​ថៃ​បើក​ទីផ្សារសេរី​មកម្ល៉េះ ម្យ៉ាង​ពួកគេ​ក៏មាន​គំនិត​ច្នៃ​បង្កើតថ្មី(Creative)ច្រើន​ដែរ ។ ខ្ញុំ​សង្ឃឹមថា តាមរយៈ​កិច្ចសហការ​នាពេល​អនាគត ក្រុមហ៊ុន​ថៃ​នឹង​ផ្ដល់​ការអប់រំ ឬក៏​អាច​បញ្ជូន​យុវជន​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​ផ្ទាល់​តែម្ដង លើ​ផ្នែក​ជំនាញ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​បំពេញ​កិច្ចការងារ​ឱ្យមាន​ប្រសិទ្ធភាព»។

គួរ​បញ្ជាក់ថា នៅ​ខែវិច្ឆិកា ឆ្នាំ2017ខាងមុខ ក្រុមហ៊ុន​មាន​បទពិសោធ​លើ​ការងារ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗប្រមាណ20ក្រុមហ៊ុន​នឹង​មកដល់​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ដៃគូ​សហការគ្នាជាមួយ​ក្រុមហ៊ុន​នៅ​កម្ពុជា។ កម្មវិធី​នេះ​នឹងត្រូវ​រៀបចំឡើង​ដោយ​តំណាង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា​ផងដែរ៕

Advertisement