សហគ្រាស​ខ្នាតតូច និង​មធ្យម​កំពុង​បារម្ភ​ពី​កង្វះ​ទីផ្សារ​លក់​ផលិតផល

ភ្នំពេញ៖ ស្រប​ពេលដែល​ផលិតផល​បរទេស​ត្រូវ​បាន​នាំ​ចូលមក​លក់​នៅលើ​ទីផ្សារ​កម្ពុជា យ៉ាងច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ វា​បាន​បង្ក​ជា​ក្តីបារម្ភ​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​អំពី​ការលក់​ផលិតផល​ក្នុងស្រុក​របស់ខ្លួន​មិនសូវមាន​ការគាំទ្រ​ពី​អតិថិជន។

លោក​ឧកញ៉ា តែ តាំង​ប៉  ប្រធាន​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ខ្មែរ​ជាមួយ​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​បន្ត​ដែល​រៀបចំឡើង​ដោយ​ក្រសួង​ពាក់ព័ន្ធ​ចំនួន4កាលពី​ព្រឹក​ថ្ងៃទី17 ខែសីហា ឆ្នាំ2017 នេះ​ឱ្យដឹងថា ប​ច្ច​ប្បន្ន​ផលិតផល​ក្រៅ​ស្រុក​បាន​សម្រុក​ចូលមក​ល​ក់​យ៉ាងច្រើន​នៅលើ​ទីផ្សារ​កម្ពុជា ដូច​ជាការ​នាំចូល​សម្ភា​រ​ប្រើប្រាស់​ពី​ប្រទេស​ថៃ​មាន ពូក ខ្នើយ សម្លៀកបំពាក់​ជាដើម បាន​ចរាចរ​គ្រប់ទិសទី​តាមរយៈ​ការធ្វើ​ពិព័រណ៍​ពាណិជ្ជកម្ម​ទៅតាម​ខេត្ត​ឆ្ងាយ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​ទៅប្រើ​ប្រាស់​វត្ថុ​នាំចូល​ទាំងនោះ ហើយ​មិនសូវមាន​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​ប៉ុន្មាន​ឡើយ​ដោយសារ​មានការ​ប្រកួតប្រជែង​ផ្នែក​តម្លៃ។ លោក​ឧកញ៉ា​បន្តថា ចំពោះ​ទីផ្សារ​នៅតាម​ទីប្រជុំជន ដូចជា​នៅតាម​ផ្សារ​ទំនើប តាម​ស្តា​រ៍​ម៉ា​តតូចៗវិញ​ផលិតផល​ក្នុងស្រុក​ក៏​ពិបាក​ជ្រៀតចូល​ដូចគ្នា​ដែរ ដោយសារ​មាន​ផលិតផល​បរទេស​ច្រើន ហើយ​អតិថិជន​នៅក្នុង​ប្រទេស​ក៏​និយម​ប្រើប្រាស់​សម្ភារ​នាំចូល​ពី​ក្រៅប្រទេស​ទាំងនោះ​ដែរ។

លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​អ្នក​នាំចេញ​កសិផល​ផ្លែឈើ​កម្ពុជា​មានប្រសាសន៍​ដោយ​សម្តែង​ក្តីបារម្ភ​ថា ខណៈដែល​កសិករ​ផលិត​បាន​ហើយ​គ្មាន​ទីផ្សារ​សម្រាប់​លក់​ចេញ ពិសេស​ផ្លែស្វាយ​មកទល់​បច្ចុប្បន្ន​ទាំង​កំពុង​ប្រមូល​ផល និង​មិនទាន់​ប្រមូល​មាន​សរុប​ប្រមាណ​ជា1លាន​ហិកតា ហើយ​កាលពីពេលថ្មីៗកន្លងមកនេះ​ស្វាយបាន​ធ្លាក់​ថ្លៃ​យ៉ាងគំហុក ដោយសារតែ​មិនសូវមាន​ឈ្មួញ​ពី​ក្រៅប្រទេស​មក​ទិញ។ លោក​ថា បច្ចុប្បន្ន​ទោះជា​មាន​ក្រុមហ៊ុន​កែច្នៃ​ផ្លែស្វាយ​ធ្វើជា​ដំណាប់​ក៍ដោយ តែ​មិនអាច​ទិញ​ទិន្នផល​ផ្លែស្វាយ​មក​កែច្នៃ​ទាំងអស់​នោះបានទេ ដូច្នេះ​លោក​ចង់​ស្នើ​ដ្ឋា​ភិ​បាល​ឱ្យជួយ​ស្វែងរក​ទីផ្សារ​ក្រៅប្រទេស​សម្រាប់​លក់​ផ្លែស្វាយ​នេះ​ផង។

ឆ្លើយតប​នឹង​ក្តីបារម្ភ​របស់​វិស័យ​ឯកជន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម  ក៏បាន​លើកឡើង​ពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ដែល​សម្រេច​បានជា​មធ្យម 7% ក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ ហើយ​ក្រសួងពាណិជ្ជកម្ម​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​បន្ត​ស្វែងរក​ទីផ្សារ​ជូន​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​នៅ​កម្ពុជា។ លើសពីនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​ការចាប់​ដៃគូ​ធុរកិច្ច​រវាង​ម្ចាស់​ផលិតផល និង​អ្នកទទួល​ទិញ​នៅក្នុង​សិក្ខាសាលា ដែលជា​វឌ្ឍនភាព​ថ្មី​មួយទៀត​សម្រាប់​លើកកម្ពស់​កិត្យានុភាព​ផលិតផល​កម្ពុជា។

សូមបញ្ជាក់ថា តាមរយៈ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី1ដែល​បានរៀបចំ​ដោយ​ជោគជ័យ​កាលពី​ឆ្នាំមុន បញ្ហា​ប្រឈម​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការជំរុញ​ផលិតផល​កម្ពុជា​ចូល​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​ត្រូវបាន​ដោះស្រាយបាន​មួយកម្រិត​ហើយ។ ដោយឡែក​សិក្ខាសាលា​ឆ្នាំនេះ​ក៏​រំពឹងថា នឹង​អាច​ស្វែងរក​ដំណោះស្រាយ​កាន់តែច្រើន​ថែមទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​របស់​កម្ពុជា៕

Advertisement