កម្ពុជា​ត្រៀម​បំបែក​កំណត់ត្រា​ពិភពលោក តាមរយៈ​ការបង្កើន​ចំនួន​សហគ្រិន​វ័យក្មេង

កម្ពុជា​កំពុង​ត្រៀមខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​តាមរយៈ​ការបង្កើន​ចំនួន​សហគ្រិន​ក្នុង​យុទ្ធនា​ការរៀន​ធ្វើ​ជំនួញ ឬ #GoBusiness17 ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។

កម្ម​វី​ធី​រៀន​ធ្វើ​ជំនួញ​នេះ ជា​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង​របស់​យុវជន​ដែលមាន​អាយុ​ចាប់ពី 15ឆ្នាំ ដល់ 29ឆ្នាំ ចំនួន 3000នាក់ ឱ្យចូល​រួម​វគ្គ​បណ្តុះបណ្តាល​សហគ្រិន​ភាព ជំរុញ​កិច្ចសហការ និង​ការសម្របសម្រួល​រវាង​វិស័យ​នានា​ដើម្បី​គាំទ្រ​ដល់​សហគ្រិន​វ័យក្មេង និង​ដើម្បី​ត្រៀម​ជា​ផ្លូវការ​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក Guinness។

សកម្មភាព​ដែល​នឹងធ្វើ​នៅក្នុង​យុទ្ធនា​ការរៀន​ធ្វើ​ជំនួញ ឬ#GoBusiness17 នេះ​មាន 4ចំណុចសំខាន់ៗដូចជា សកម្មភាព​ទី1 គឺ​ការប៉ុនប៉ង​ជា​ផ្លូវការ​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក Guinness ស្តីពី​សិក្ខាសាលា​ធុរកិច្ច​ជាក់ស្តែង​ដ៏​ធំ​បំផុត។ ទី2 គឺ​កិច្ចប្រជុំតុមូល​ស្តីពី​ភាពជា​សហគ្រិន ដែលមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល អង្គការ​ជាតិ អន្តរជាតិ អង្គការ​ដែលជា​ដៃគូ អ្នកផ្តល់​សេវា​អប់រំ សហគ្រិន​ជោគជ័យ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត។ ទី3 គឺ​វីដេអូ​ប្រកាស​ពី​សេវាកម្ម​សាធារណៈ​ដើម្បី​លើកកម្ពស់​ឱកាស​សម្រាប់​យុវជន​ក្នុងការ​ទទួលបាន​នូវ​ការបណ្តុះបណ្តាល និង​ការគាំទ្រ​អំពី​សហគ្រិនភាព និង​ទី4 គឺ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដល់​យុវជន និង​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់​យុវជន ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្ហាត់​យុវជន​អភិវឌ្ឍ​សមត្ថភាព និង​ការយល់ដឹង​ពី​សហគ្រិនភាព។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា យុទ្ធនាការ​នេះ អាច​នឹង​បង្កើត​បទពិសោធ​រៀនសូត្រ​របស់​យុវជន​កម្ពុជា​ដោយ​អភិវឌ្ឍ​គំនិត និង​ជំនាញ​ដែល​ចាំបាច់​ក្នុងការ​ប្រែក្លាយ​គំនិត​អាជីវកម្ម​ទៅជា​ការវិនិយោគ​ផ្នែក​ពាណិជ្ជកម្ម​មួយ​ពិតប្រាកដ​សម្រាប់​ការបង្កើត​ការងារ​ដោយ ខ្លួនឯង។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា៖ «តាមរយៈ​ការបណ្តុះបណ្តាល​សហគ្រិន​ភាព​នេះ យុវជន​អាច​បង្កើន​ជំនាញ​ទន់ ហើយ​ជួយ​ពួកគេ​ឱ្យ​ត្រៀមខ្លួន​សម្រាប់​ទីផ្សារការងារ ឬ​ការបង្កើត​ការងារ​ដោយ​ខ្លួនឯង​បន្ទាប់ពី​បញ្ចប់​ការសិក្សា។ ជា​រឿង​សំខាន់​ដែល​យុវជន​មាន​ស្មារតី​យល់ដឹង​ពី​សហគ្រិនភាព និង​ភាពជា​អ្នកដឹកនាំ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ»។

គម្រោង​មួយ​នេះ​មានការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ (ILO) រួមជាមួយ​នឹង​ដៃគូ​សហការ​នានា​ជាច្រើន​ទៀត៕

Advertisement