តូ​តា អួតថា មួយ​តួខ្លួន​នាង​ហ្ស៊ី​ន​ពី​ធម្មជាតិ​ទាំងអស់

គិតពី​ពេលវេលា​នៃ​ការចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​របស់​កញ្ញា ម៉ាក សែន​សូ​នី​តា ហៅ (តូ​តា) គឺមាន​រយៈពេល​ជិត10ហើយ។ ការងារ​សិល្បៈ​ក៏មាន​ការវិវឌ្ឍ​រីកចម្រើន​ជាខ្លាំង​ដែរ ប៉ុន្ដែ​សម្រស់​នាង​នៅតែ​អាច​រក្សាបាន​ភាពស្រស់ស្អាត​ដូច​ពេល​ចូល​សិល្បៈដំបូងៗដដែល។

មាន​មហាជន​ជាច្រើន​បាន​លើកសរសើរ​មិន​ដាច់​ពី​មាត់​ពី​រូប​សម្រស់ សាច់ឈាម​របស់​នាង​ដែល​នៅតែមាន​ភាពស្រស់ស្អាត តែ​ទោះយ៉ាងណា​ក៏មាន​អ្នក​លើកឡើងថា កុំទៅ​ឆ្ងល់! នាង​ល្បីឈ្មោះ​ប៉ុណ្ណឹង​ហើយ ច្បាស់​ជា​ទៅរក​មជ្ឈមណ្ឌល​ថែ​សម្ផស្ស​ដើម្បី​ជួយ​នាង​មិន​ខាន ដូច្នេះ​មិនមែនជា​សម្រស់​ពី​ធម្មជាតិ 100%ទេ។

ជាមួយគ្នានេះ​កញ្ញា តូ​តា បាន​អះអាងថា រូប​សម្រស់​នាង​ពេញ​មួយ​តួខ្លួន​គឺជា​អំណោយ​ពី​ធម្មជាតិ​សុទ្ធសាធ​ដោយ​ពុំមាន​ការកែប្រែ​អ្វី​ទាំងអស់។នាង​បន្ថែមថា៖”កាលពី​ខ្ញុំ​ចូល​សិល្បៈ​ដំបូង​ក៏​ធ្លាប់មាន​ចេតនា​ចង់​កែ​សម្ផស្ស​ខ្លះ​ដែរ ប៉ុន្ដែ​ម៉ាក់​ពុំ​សប្បាយ​ចិ​ត្ដ​ឡើយ​ចំពោះ​ការធ្វើ​បែបនេះ ដ្បិតអី​គាត់​យល់ឃើញថា ខ្ញុំ​ស្អាត​ស្រាប់​ហើយ ដូច្នេះ​គាត់​មិន​ចង់ឱ្យ​ពាក់ព័ន្ធ​លើ​ការកែ​សម្រស់​ទេ។ ដូច​បង​ដឹង​ស្រាប់​ហើយ កន្លងមក​គាត់​ធ្លាប់​ប្រាប់ថា បើ​ខ្ញុំ​ហ៊ាន​តែ​កែ​សម្រស់​គាត់​កាត់កាល​ខ្ញុំ​ចោល​តែម្តង (សើច) ទោះបីជា​គាត់​និយាយ​លេង តែ​ខ្ញុំ​ខ្លួនឯង​ក៏​លែង​ចង់​កែ​សម្ផស្ស​អ្វី​ដែរ។ សម្រស់​ធម្មជាតិ​បែបនេះ​ក៏​ម្យ៉ាងដែរ។

រយៈពេល​ជិត10ឆ្នាំ​មកនេះ យើង​ជឿថា មាន​ទស្សនិកជន​ជាច្រើន​ប្រាកដជា​ស្គាល់ និង​ចាំ​មុខ​កញ្ញា តូ​តា បាន​យ៉ាងច្បាស់ ព្រោះ​ចាប់តាំងពី​នាង​ចូល​សិល្បៈ​រហូតមក​ដល់ពេលនេះ សម្រស់​របស់​នាង​ហាក់​ពុំមាន​ប្រែប្រួល​អ្វី​ឡើយ។

នាង​បញ្ជាក់ថា រាល់ពេល​នាង​ចេញ​ថតម្ដងៗក៏មាន​ការព្រួយបារម្ភ​នឹង​កម្តៅថ្ងៃ​ដែរ ប៉ុន្ដែ​នាង​បានជ្រើសរើស​ប្រើ​ផលិតផល​មួយចំនួន​មក​ការពារ​ស្បែក​ដៃជើង​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​ទទួលរង​ពី​កម្ដៅថ្ងៃ​ខ្លាំងពេក។

តារា​ញញឹម​ថ្ពាល់ខួច​រូបនេះ​បញ្ជាក់ថា៖”បើទោះជា​មាន​សម្រស់​ពី​ធម្មជាតិ​ក៏ដោយ ក៏​ខ្ញុំ​គិត​ទៅលើ​ការថែទាំ​ខ្លាំង​ដែរ តែ​ខ្ញុំ​ជ្រើសរើស​វិធី​បែប​ធម្មជាតិ ដូចជា​ស្ទី​ម លាប​ឡេ​ការពារ​កម្ដៅថ្ងៃ ឬ​ឡេ​ជំនួយ​ស្បែក​បន្ដិចបន្ដួច​ប៉ុណ្ណោះ។ ទាល់តែ​មានការ​ថែទាំ​ទើប​សម្រស់​ពី​ធម្មជាតិ​អាច​នៅ​គង់វង្ស​បានល្អ។ នាង​បន្ដថា នាង​នឹង​អាច​កែ​សម្ផស្ស​ខ្លះ​ពេល​មាន​អាយុ​ច្រើន ឬ​មាន​ស្វាមី ព្រោះ​ពេលនោះ​វា​នឹង​អាច​បណ្ដាលឱ្យ​បាត់បង់​សម្រស់​ពី​ធម្មជាតិ​ខ្លះ ព្រោះ​នាង​យល់ថា សម្រស់​ជា​ចំណុច​ទាក់ទាញ​ខ្លាំង​សម្រាប់​នារី ប្រសិន​សម្រស់​ត្រូវបាន​បាត់បង់​កន្លែង​ណាមួយ​យើង​គួរតែ​ចេះ​កែច្នៃ​ឱ្យ​វា​វិ​វត្ដ​មករក​ភាពស្រស់ស្អាត​វិញ៕

Advertisement