លោក Vitorino ទទួលស្គាល់ថា កម្ពុជា U23 ត្រូវការ​បទពិសោធ​បន្ថែមទៀត

លោក Leonard Vitorino គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម23ឆ្នាំ បាន​ទទួលស្គាល់ថា ក្រុមយុវជន​របស់លោក​ត្រូវការ​បទពិសោធ​បន្ថែម និង​ទទួល​ការអភិវឌ្ឍ​បន្ថែមទៀត ក្រោយពី​ពួកគេ​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​វៀតណាម​អាយុ​ក្រោម23ឆ្នាំ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​លទ្ធផល 4-1 ក្នុងការ​ប្រកួត​ជុំ​ទី2នៃ​ពូ​ល B ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី29 ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​នៅតែ​ជឿជាក់ថា ក្រុម​របស់លោក​នឹងមាន​ការអភិវឌ្ឍ​កាន់តែ​ល្អប្រសើរ​ក្នុងពេល​អនាគត។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​បញ្ចប់​ការប្រកួត លោក Vitorino បាន​និយាយថា៖ «យើង​ចាប់ផ្តើម​យ៉ាងរឹងមាំ និង​បាន​បង្កើត​ឱកាស​មួយចំនួន​ក្នុង​តង់​ទី1។ ពិតណាស់ ក្រោយពី​យើង​បាន​ដេញតាម​ពីក្រោយ 1-០ យើង​បាន​ព្យាយាម​ធ្វើការ​វាយបក​វិញ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្តថា៖ «ប៉ុន្តែ យើង​មិនអាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បានឡើយ និង​របូត​គ្រាប់​បាល់​ជាច្រើន។ ហេតុនេះ មានន័យថា យើង​ត្រូវការ​បទពិសោធ​បន្ថែម​ជាច្រើន​ទៀត ប៉ុន្តែ​ខ្ញុំ​នៅតែ​ជឿជាក់ថា កម្ពុជា​អាចធ្វើ​ការអភិវឌ្ឍ​ទៅមុខ​បាន»។

ក្រុម​ជម្រើសជាតិ​កម្ពុជា U23 បាន​ការពារ​យ៉ាងរឹងមាំ​ក្នុង​តង់​ទី1 មុននឹង​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់ខ្លួន​នៅពេល​ជិត​បញ្ចប់​តង់ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា កម្ពុជា​បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ដល់​ទៅ3គ្រាប់​ក្នុង​ចន្លោះពេល​ត្រឹមតែ10នាទី​ប៉ុណ្ណោះ​ក្នុង​តង់​ទី2។ ក្រោយមក នេន សុធា​រ័ត្ន បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​កម្ពុជា​ក្នុង​យុទ្ធនាការ​ស៊ី​ហ្គេម​នេះ ក្រោយពី​បាន​ស៊ុត​បាល់​ពិន័យ11ម៉ែត្រ​ចូល​ទី​យ៉ាងខ្លាំង បន្ទាប់ពី​កីឡាករ​នៃ​ក្រុម​វៀតណាម​បានធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​ក្នុង​ប្រអប់​គ្រោះថ្នាក់។ លទ្ធផល​នេះ ធ្វើ​ឲ្យ​កម្ពុជា ចាញ់2លើក​ពី​ការប្រកួត​ទាំង2លើកដំបូង​របស់ខ្លួន ខណៈដែល​វៀតណាម​ឈ្នះ​ទាំង2ជើង និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី4គ្រាប់​ដូចគ្នា៕

Advertisement