ស្ថាប័ន​មួយ​នៅ​ចក្រភព​អង់គ្លេស​ថា ល្បឿន 4G របស់ Cellcard លឿន​ជាង​ល្បឿន 4G របស់​ពិភពលោក

ស្ថាប័ន​អន្តរជាតិ OpenSignal ដែលមាន​ជំនាញ​លើ​ការធ្វើ​តេស្ត​ល្បឿន​អ៊ី​ន​ធើ​ណេ​ត​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បានចេញ​របាយ​ការណ៍​មួយ​ថា ល្បឿន​អ៊ី​ន​ធើ​ណេ​ត 4G LTE របស់​ក្រុមហ៊ុន Cellcard មាន​ល្បឿន​លឿន​ជាង​អ៊ី​ន​ធើ​ណេ​ត 4G LTE ដែល​កំពុង​ប្រើ​លើ​ពិភពលោក​ទៅទៀត ក្រោយពី​ស្ថាប័ន​មួយ​នេះ​បានធ្វើ​ការសិក្សា​អស់​រយៈពេល 3 ខែ​នៅ​កម្ពុជា។
 

តាម​របាយការណ៍​ដែល​បាន​ចុះផ្សាយ​កាលពីពេលថ្មីៗនេះ​បាន​បង្ហាញថា Cellcard បាន​ជាប់​លេខ​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ចល័តធំៗក្នុងប្រទេស​ជាមួយនឹង​ល្បឿន​ដោ​ន​ឡូត 4G LTE របស់ខ្លួន​មាន​ល្បឿន​ជា​មធ្យម​ដល់​ទៅ 19.7 Mbps លឿន​ជាងគេ 2ដង​បើ​ប្រៀបធៀប​ជាមួយ​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​ដូចគ្នា​របស់​ក្រុមហ៊ុន Smart Axiata។ លើសពីនេះទៅទៀត OpenSignal បាន​បន្ថែមថា ល្បឿន​នៃ​ការ​ដោ​ន​ឡូត​របស់ Cellcard មាន​ល្បឿន​លឿន​ជាង​ល្បឿន​ដោ​ន​ឡូត 4G LTE របស់​ពិភពលោក​ទៅទៀត ដែលជា​មធ្យម​មាន​ល្បឿន​ត្រឹមតែ16.2 Mbps ប៉ុណ្ណោះ។

របាយការណ៍​ខាងលើនេះ ត្រូវបាន​ឱ្យដឹង​ក្រោយពី​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ធ្វើការ​សិក្សា​ចាប់ពី​ថ្ងៃទី1 ខែមេសា ដល់​ថ្ងៃទី30 ខែមិថុនា ឆ្នាំ2017កន្លងទៅ លើ​ក្រុមហ៊ុន​ចំនួន 3 គឺ Cellcard, Metfone និង Smart Axiata។ ក្នុងនោះ ក្រៅពី​ល្បឿន​អ៊ី​ន​ធើ​ណេ​ត​4G LTE ហើយ សេវា​គ្របដណ្តប់ 4GLTE របស់ Cellcard ក៏មាន​ភាពទូលំទូលាយ​ផងដែរ ដោយ​ទទួលបាន​ពិន្ទុ​ខ្ពស់ជាង 70% ធ្វើឱ្យ​អតិថិជន​ខ្លួន​អាច​ភ្ជាប់​ទៅ​សេវា 4G បាន​ញឹកញាប់ និង​លឿន​ជាង​មុន។ ការវាស់ស្ទង់​លើ​វិសាលភាព​នៃ​បណ្តាញ​សេវា​របស់ OpenSignal នេះ​ធ្វើឡើង​ដោយ​វាស់​ស្ទង់​លើ​ចំនួន​ដង​នៃ​ការចូល​ទៅប្រើ​បណ្តាញ​សេវា។ តាមរយៈ​ការធ្វើ​តេស្ត​នេះ អ្នកប្រើប្រាស់​អាច​ចូល​ប្រើ​សេវា 4G បាន​រហូតដល់ 7ដង ក្នុងចំណោម10ដង៕

ប្រភព៖ https://goo.gl/uR22rY

Advertisement