ឯកឧត្តម ម៉ៅ ភិ​រុណ៖ បេក្ខជន​ប្រឡង​ជោគជ័យ​ត្រូវការ​កត្តាធំៗចំនួន4យ៉ាង

ការប្រឡង​មធ្យមសិក្សា​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជា​ព្រឹត្តិការណ៍​មួយ​ដែល​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​នៅ​កម្ពុជា​យកចិត្តទុកដាក់ និង​ចាប់អារម្មណ៍។ ក្នុងនោះ​ក៏មាន​អភិបាលខេត្ត​ជាច្រើន​ខេត្ត​ចាប់ផ្តើម​រៀបចំ​ពិធី​ផ្តល់​បទពិសោធ និង​លើកទឹកចិត្ត​ឱ្យ​សិស្ស​នៅក្នុង​ខេត្ត​ដែល​លោក​គ្រប់គ្រង​ខិតខំ​ប្រឡង​ឱ្យបាន​ជាប់​និទ្ទេសល្អៗច្រើនជាង​ខេត្ត​ដទៃ​នៅ​កម្ពុជា។

ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល​បានលើកឡើង​នៅក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយនឹង​សិស្សានុសិស្ស​ត្រៀមប្រឡង​បាក់​ឌុប​នៅ​ក្រុង​តាខ្មៅ​ថា សិស្សានុសិស្ស​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​របស់​សង្គម ដែល​ពួកគេ​ជា​អ្នក​បន្តវេន និង​ជា​ធនធាន​ដែល​សង្គម​ត្រូវការ​ដើម្បី​ដឹកនាំ​នាវា​សង្គម​នា​ថ្ងៃ​អនាគត​ឱ្យ​ឆ្ពោះទៅរក​វ​ឌ្ឍ​ភាព។ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​សិស្ស​ថ្នាក់​ទី 12 នឹងត្រូវ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ហេតុនេះ​សិស្សានុសិស្ស​ត្រូវ​ត្រៀមខ្លួន និង​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ឆ្លងកាត់​ដំណាក់កាល​ដ៏​មានតម្លៃ​មួយ​នេះ។

ឯកឧត្តម ម៉ៅ ភិ​រុណ បាន​មានប្រសាសន៍ថា៖ «បេក្ខជន​ដែល​ប្រឡង​ប្រកបដោយ​ភាពជោគជ័យ គឺ​អាស្រ័យ​លើ​ការចូលរួម​យ៉ាង​ពី​កត្តាសំខាន់ៗចំនួន4 គឺ កត្តា​គ្រូ កត្តា​សិស្ស កត្តា​សង្គម និង​កត្តា​ប្រព័ន្ធ​អប់រំ»។

ឯកឧត្តម ម៉ៅ ភិ​រុណ បានលើកឡើង​ផងដែរ​ថា កត្តា​សំខាន់​ទាំង4 នេះ​មាន​តួនាទី​សំខាន់​ក្នុងការ​បណ្តុះបណ្តាល​ដល់​យុវជន ដើម្បី​ស្ថាបនា​ប្រទេស​ឱ្យ​រីកចម្រើន​ដូច​បណ្តា​ប្រទេស​នានា​ក្នុង​សកលលោក។ ក្នុងនោះ លោកគ្រូ​អ្នកគ្រូ​ក៏មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​បណ្តុះបណ្តាល​សិស្ស​ឱ្យមាន​សមត្ថភាព​ខ្ពស់ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់។

ចំពោះ​សិស្ស​ខ្លួនឯង​វិញ​ក៏ត្រូវ​ខិតខំ​រៀនសូត្រ និង​រំលឹក​មេរៀន​ឱ្យ​បានល្អ​ដើម្បី​ត្រៀមប្រឡង​យក​សញ្ញាបត្រ​ដែល​នឹង​ចូល​មកដល់​នា​ថ្ងៃទី21 ខែសីហា ឆ្នាំ2017 ដោយ​ប្រកាន់យក​ទិស​ស្លោ​កថា «អ្នកចេះ​គឺជា​ប់» និង​ចងចាំ​ផងដែរ​ថា «ផ្លូវ​ទៅកាន់​ភាពជោគជ័យ​គឺ​គ្មាន​ដានជើង​មនុស្ស​ខ្ជិល​នោះទេ»៕

Advertisement