អ្នកវិនិយោគ​ខាង​សំណង់​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​ខ្លាំង ចំពោះ​ការសាងសង់​អគារខ្ពស់ៗក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ ដោយថ្មីៗនេះ​នៅ​ទីក្រុង​ភ្នំពេញ​ទទួលបាន​បទពិសោធ​នៃ​ការបាក់​ដី​នៅត្រង់ចំណុច​ការដ្ឋាន​សាងសង់​គម្រោង​ដ៏​ធំ​មួយ​មកពី​ប្រទេស​កូរ៉េ​ឈ្មោះថា ប៊ូ​យ៉ុង ដែល​ស្ទើរតែ​បង្កឱ្យមាន​បញ្ហា​ដល់​វិថី​សហព័ន្ធ​រុស្សី​ប្រសិន​គ្មាន​ការទប់ស្កាត់​ទាន់ពេលវេលា​ទេនោះ។ អភិបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​អ្នកវិនិយោគ និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ទាំងអស់​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​សិក្សា​ឱ្យបាន​ច្បាស់លាស់​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​សំណង់​អគារ និង​ម្ចាស់​គម្រោង​ផ្ទាល់។

ឯកឧត្ដម ​ឃួ​ង ស្រេង អភិបាល​រាជធានី បានបញ្ជាក់​ពីបទ​ពិសោធ​ដែល​លោក​ធ្លាប់​ជួបប្រទះ​កន្លងមក​ថា នៅពេល​ខ្ញុំ​នៅ​ជា​អភិបាលរង​តែង​ជួបប្រទះជារឿយៗនូវ​បញ្ហា និង​ទទួលបាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​នៃ​ខុន​ដូ និង​សំណង់​អគារខ្ពស់ៗនៅក្នុង​រាជធានី​ភ្នំពេញ។ ពិសេស​ក្នុង​ខណ្ឌ​ទាំង4ក្នុង​ទីក្រុង​គ្រា​ដែល​ពួកគាត់​រស់នៅ​ជិត​នោះ​ជួបនឹង​បញ្ហា​ប៉ះពាល់ និង​ខូចខាត​ដល់​ទ្រព្យ​ស​ម្បិ​ត្ដ​ដោយសារតែ​ក្រុមហ៊ុន​មិនបាន​សិក្សា​ឱ្យបាន​ច្បាស់លាស់​ពី​សណ្ឋាន​ដី ព្រោះ​ភាគច្រើន​ទីតាំងនៅ​ក្នុង​ខ​ណ្ឌ​ទាំង4នោះ​ជា​អតីត​ដី​បឹង​ដែល​ត្រូវបាន​ចាក់​បំពេញ​ដោយ​ដីខ្សាច់។ ឯកឧត្ដម​ឃួ​ង ស្រេង បាន​បញ្ជាក់ថា៖«ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​គម្រោង​វិនិយោគ​សូម​សិក្សា​ឱ្យបាន​ច្បាស់លាស់​នឹង​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ហ្មត់ចត់​មុននឹង​ធ្វើការ​ជីកដី​សាងសង់​សំណង់​របស់ខ្លួន។ ភាគច្រើន​អគារខ្ពស់ៗ ឬ​ខុន​ដូ​ទាំងនោះ​ត្រូវ​ជីកដី​ចុះទៅ​ក្រោម​ធ្វើ​ចំណតរថយន្ត​ក្រោម​ដី ដូច្នេះ​មុននឹង​ធ្វើ​ចំណត​ទាំងនោះ​ត្រូវតែមាន​បច្ចេកទេស​ទប់​ស្កាត់​កុំឱ្យ​មានការ​ហូរ​ច្រោះ​បាក់​ដី ធ្វើយ៉ាងណា​កុំឱ្យ​បង្ក​គ្រោះ​ថា្នក់​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ដែល​អាច​នឹង​កើតជា​ទំនាស់ ព្រោះ​នៅពេល​មានទំនាស់​វា​នឹង​ធ្វើឱ្យ​ពួកគាត់​ខាត​ពេលវេលា ខាត​ថវិកា​ព្រោះ​សំណង់​នោះ​នឹងត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន»។

ជាងនេះទៅទៀត​ឯកឧត្ដម​ក៏បាន​សង្កត់ធ្ងន់​ដល់​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​សាងសង់​ត្រូវ​សិក្សា​ពី​សណ្ឋាន​ដី​ឱ្យបាន​ច្បាស់លាស់​ថា នៅក្នុង​រាជធានី​ដី​មួយផ្នែកធំ​ជា​ដី​បូម​ខ្សាច់​ចាក់​បំពេញ​មិនមែនជា​ដីឥដ្ឋ ឬ​ដីគោក​មាន​តាំង​យូរយារ​មក​នោះទេ។

ពាក់ព័ន្ធ​នឹង​ការស្រុត​បាក់​ដី​នេះ ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា យើង​នឹងសិក្សា​មើល​នៅពេល​ក្រោយ​ទៅលើ​គម្រោង​អគារ​ប៊ូ​យ៉ុង​នោះ​ថា តើ​បាន​អនុវត្ដ​ទៅតាម​បទដ្ឋាន​ដែល​ក្រសួង​បាន​ដាក់ឱ្យ​អនុវត្ដ​ដែរឬទេ? ប៉ុន្ដែ​បញ្ហា​ចំពោះមុខ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​ចុះ​ពិនិត្យ​ផ្ទាល់​ដើម្បី​ទប់ស្កាត់​នូវ​ការបាក់​ដី​បន្ដទៀត​ដែល​វា​អាច​នឹង​បង្ក​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង រហូតដល់​អាច​បណ្ដាល​ឱ្យ​បាក់​ដាច់​ដល់​ផ្លូវ​សហព័ន្ធ​រុស្សី​ជា​វិថី​ស្នូល និង​សំខាន់បំផុត​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​តែង​ធ្វើដំណើរ​ទៅមក​ជាប្រចាំ។

ឯកឧត្ដម​បន្ដថា៖ «ដោយសារតែ​គិតគូរ​លើ​បញ្ហា​បាក់​ដី​នេះហើយ ទើប​យើងខ្ញុំ​ចុះ​មកដល់​ការដ្ឋាន​ដើម្បីឱ្យ​គាត់​បន្ថែម​គ្រឿងចក្រ និង​បង្កើន​ការចាក់ដី​ទប់​ជើងទេរ ព្រោះ​បើ​យើង​ធ្វើ​កិច្ចការ​នេះ​មិនទាន់​ពេលវេលា​ទេនោះ  បញ្ហា​ធំ​នឹង​អាច​កើតមានឡើង ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​ដ៏​សំខាន់ និង​ជា​ផ្លូវ​អន្តរជាតិ​មួយ​សម្រាប់​រាជធានី​ភ្នំពេញ»៕

Advertisement