ធនាគារជាតិ​ព្រមាន​ផាកពិន័យ10ម៉ឺន​ដុល្លារ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ

ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ ព្រមាន​ពិន័យ 400លាន​រៀល​ឬ​ស្មើនឹង10ម៉ឺន​ដុល្លារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយណា ដែល​មិន​អនុវត្តតាម​សេចក្តីណែនាំ​ក្នុងការ​ផ្តល់​កម្ចី​កំណត់​យក​អត្រា​ការប្រាក់ 18% ក្នុង​មួយឆ្នាំ។

សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី18 ខែសីហា​នេះ​បាន​បញ្ជាក់ថា​អនុលោម​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន និង​ក្នុង​គោលដៅ​ពង្រឹង​កិច្ច​គាំពារ​អតិថិជន ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច ៖

1.នឹង​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន 400លាន​រៀល​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយណា​ដែល​មិន​អនុលោម​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ ជាពិសេស​ប្រកាស​ស្តីពី​តម្លាភាព​ក្នុង​ការផ្តល់សេវា​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ។

2.ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​ Hotline ចំនួន 4ខ្សែ​ដើម្បី​រង់ចាំ​ទទួល​ព័ត៌មាន​អំពី​អតិថិជន​ដែលមាន​បញ្ហា​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។

3.បន្ត​ពង្រឹង​ការចុះ​ត្រួតពិនិត្យ​ដល់ទី​កន្លែង​ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ស្ថិតក្រោម​អាណាព្យាបាល​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា។

ដើម្បីឱ្យ​ការអនុវត្ត​នេះ​ប្រព្រឹត្ត​ទៅដោយ​តម្លាភាព និង​ផ្តល់​ជា​ប្រយោជន៍​ទៅដល់​អតិថិជន ឬ​ប្រជាពលរដ្ឋ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ដូច​មានចែង​ក្នុង​ជំពូក18, 19 និង20 នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ណា​ដែល​ប្រព្រឹត្តល្មើស។

ជាមួយគ្នានេះដែរ ធនាគារជាតិ​បាន​ក្រើនរំឭក​ទៅដល់​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់​ថា ទាំងអស់​គឺជា​គ្រឹះស្ថាន​ឯកជន​រក​ផលចំណេញ ហើយ​គ្រឹះស្ថាន​ទាំងនោះ​មិនមែនជា​របស់​រដ្ឋ​ទេ ដូច្នេះ​រាល់​ការឃោសនា​បោកប្រាស់​ណាមួយ​ដែលថា នឹងមាន​ការ​លុប​បំណុល​របស់​អតិថិជន​នោះ មិនមែនជា​ការពិត​ទេ ហើយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។

គួរ​បញ្ជាក់ថា ចាប់តាំងពី​ធនាគារជាតិ​តម្រូវឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យកការប្រាក់​ខ្ពស់​បំផុត​ត្រឹម18%ក្នុង​មួយឆ្នាំ​មក​គេ​សង្កេតឃើញថា មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្លះ​មិនបាន​បញ្ចុះ​អត្រា​ការប្រាក់​របស់ខ្លួន​ទេ​សម្រាប់​អតិថិជន​ចាស់ និង​ថ្មី​របស់ខ្លួន គឺអាច​ថា​គិត 2%ក្នុង 1ខែ​ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងទៀត​យកការប្រាក់ 18%ក្នុង1ឆ្នាំ ​តាម​ធនាគារជាតិ​តម្រូវ តែ​អតិថិជន​ត្រូវ​បង់​សេវាផ្សេងៗជាច្រើន​ដូចជា​ថ្លៃ​សេវា​រដ្ឋបាល គឺ​អតិថិជន​ត្រូវ​បង់ 0.5%ជា​រៀងរាល់ខែ ដូច្នេះ​សរុប​ទាំង​សេវា​រដ្ឋបាល និង​ការប្រាក់​អតិថិជន​ត្រូវ​បង់អស់ 2%ក្នុង1ខែ​ដដែល ចំណែក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងទៀត​យកការប្រាក់18% ក្នុង1ឆ្នាំ​មែន តែ​អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​រដ្ឋបាលផ្សេងៗ (fee) ទម្លាក់​កម្ចី​ម្តង 3%បើ​ខ្ចី​រយៈពេល 3-6ខែ ឬ 6%បើ​ខ្ចី​រយៈពេល1ឆ្នាំ​ដែល​បើ​សរុប​ទាំង​ការប្រាក់​ផង​គឺ​នៅតែ24% ក្នុង1ឆ្នាំ​ដដែល។

លោក សេន សុភ័ក្ត្រ ជា​អតិថិជន​ដែល​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​និយាយថា កាលពី​អំឡុងពេល​ខ្ចី​ដំបូង​នៅ​ឆ្នាំ2015 លោក​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន 3,000ដុល្លារ ហើយ​បាន​តម្រូវឱ្យ​បង់​ការប្រាក់1.7%ក្នុង​មួយខែ​ដោយ​មិនមាន​សេវា​រដ្ឋបាល​នោះទេ ប៉ុន្តែ​ក្រោយពី​ធនាគារជាតិ​ប្រកាស​ឱ្យ​ទម្លាក់​អត្រា​ការប្រាក់ 18% ក្នុង​មួយឆ្នាំ​មក ស្រាប់តែ​ខាង​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ​នោះ​តម្រូវឱ្យ​លោក​បង់​សេវា​រដ្ឋបាលផ្សេងៗ សរុប​ទាំង​អស់លោក​ត្រូវ​ចំណាយ​ដល់​ទៅ40ដុល្លារ​ជាង​ឯណោះ ហើយ​នៅពេល​សួរថា ហេតុអ្វី​បាន​យក​សេវា​រដ្ឋបាល​នេះ ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាប់ថា ជាគោលការណ៍​ថ្មី៕

Advertisement