អាជីវកម្ម​ចំនួន500ក្រុមហ៊ុន​រួចមកហើយ ដែល​បានមក​ចុះបញ្ជី​យក​ស្លាក​សញ្ញា​ស្តង់ដារ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ថ្លែងថា រហូតមកទល់​ពេលនេះ​មាន​ម្ចាស់​អាជីវកម្ម ចំនួន500រួចហើយ​ដែល​បានមក​ចុះបញ្ជី​យក​ស្លាក​សញ្ញា​ស្តង់ដារ​ពី​វិទ្យាស្ថាន​ស្តង់ដារ​ជាតិ​កម្ពុជា​ដើម្បី​ទទួលបាន​ការទទួលស្គាល់​ផលិតផល​របស់ខ្លួន និង​ដើម្បី​ជំរុញ​ការនាំចេញ។

លោក ចាន់ បូ​រិន្ទ ប្រធាន​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១៨ សីហា​នេះ​ថា ទន្ទឹមនឹង​ការខិតខំ​របស់​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ ក្នុងការ​ជម្រុញ​បង្កើតជា​ស្តង់ដារ​ជាតិ​តែមួយ ដែល​ចាត់ទុកជា​គ្រឹះ​យ៉ាងសំខាន់​ដល់​ម្ចាស់​សហគ្រាស សិប្បកម្ម និង​ឧស្សាហកម្ម​នោះ មកដល់ពេលនេះ មាន​ម្ចាស់​ក្រុមហ៊ុន​មួយចំនួន​ដែល​ចង់​ពង្រឹង​ពី​គុណភាព​អនាម័យ លើ​ផលិតផល​របស់ខ្លួន ដើម្បី​ឈានទៅរក​ការប្រកួតប្រជែង​នោះ បច្ចុប្បន្ន​មាន​ម្ចាស់​អាជីវកម្ម​ចំនួន៥០០ក្រុមហ៊ុន​រួចមកហើយ ដែល​បានមក​ចុះបញ្ជី​យក​សញ្ញា​ស្តង់ដារ ក្រោម​ភាព​អនុលោម និង​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ លើ​ការវាយតម្លៃ​ទទួលស្គាល់​ក្រុមហ៊ុន​ទាំងនោះ។

លោក​បន្តថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ បានអនុម័ត​យក​ស្តង់​ដារ​អន្តរជាតិ និង​ស្តង់ដារ​ក្នុងប្រទេស​អាស៊ាន​ទាំង១០ សរុប​ចំនួន៨៤៨ស្តង់ដារ មកជា​ស្តង់ដារ​ជាតិ​បាន៨០៤ស្តង់ដារ​រួចហើយ ដើម្បី​ជួយ​ជម្រុញ​និង​ជា​ប្រយោជន៍ សម្រាប់​ជួយ​ដល់​ម្ចាស់​ឧស្សាហករ សិប្បកម្ម និង​ដល់​ម្ចាស់​សហគ្រាសផ្សេងៗក្នុងការ​ប្រកួតប្រជែង​នូវ​ផលិតផល​របស់ខ្លួន​ប្រកបដោយ​គុណភាព។

ប្រធាន​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​បាន​បន្តថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ បាន​បើក​កិច្ចប្រជុំ​ជាច្រើនលើក​ច្រើនសារ ដើម្បី​សម្រេច​អនុម័ត​យក​ស្តង់ដារផ្សេងៗមកជា​ស្តង់ដារ​ជាតិ ក្នុង​គោលបំណង​ជម្រុញ​ដល់​ម្ចាស់​សហគ្រាស សិប្បកម្ម និង​វិស័យ​ឧ​ស្សហកម្ម​នៅ​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​ទៅតាម​ស្តង់ដារ ឲ្យ​មាន​សន្ទុះ​កាន់តែ​ប្រសើរឡើង​ជាង​មុន ដែលជា​ខ្នងបង្អែក​យ៉ាងសំខាន់ សម្រាប់​ព​ន្លឿ​ន​ឧស្សាហកម្ម​របស់ខ្លួន។

គិត​មកដល់ពេលនេះ ក្រុមប្រឹក្សា​ស្តង់ដារ​កម្ពុជា បានអនុម័ត​យក​ស្តង់​ដារ​អន្តរជាតិ​រួមមាន ស្តង់ដារ ម្ហូបអាហារ​មាន​ចំនួន៤០០ស្តង់ដារ ស្តង់ដារ​អគ្គិសនី​អេ​ឡិច​ត្រូ​និ​ច​ជាង១០០ស្តង់ដារ ស្តង់ដារ​ឈើ ស្តង់ដារ​ផលិត​អំពី ឈើ​និង​ផលិត​អំពី​កៅស៊ូ ក្នុងនោះ​ស្តង់ដារ​ជាតិ​រួមមាន ស្តង់ដារ​ត្រីងៀត ផ្អក ប្រហុក ស្តង់ដារ​បង្គា​បង្កក ស្តង់ដារ​អង្ករ ស្តង់ដារ​មួកសុវត្ថិភាព ស្តង់ដារ​យានយន្ត (មាន​ម៉ូតូ និង​រថយន្ត) សរុប​ទាំងអស់​មាន​ចំនួន៨៤៨ស្តង់ដារ ក្នុងនោះ​កម្ពុជា​បានអនុម័ត​បាន​ចំនួន៨០៤ស្តង់ដារ​ជាតិ​រួចមកហើយ ដើម្បី​ជា​តម្រូវការ​ដល់​ម្ចាស់​សហគ្រាស សិប្បកម្ម ឧស្សាហកម្ម៕

Advertisement