Laura Mam បញ្ជាក់​ពី​មូលហេតុ​ដែល​ក្រុមហ៊ុន​រថយន្ដ Porsche ជ្រើសរើស​ជា​ទូត​សុ​ឆន្ទៈ

នៅ​ថ្ងៃទី18 ខែសីហា ឆ្នាំ2017 នេះ ក្រុមហ៊ុន​រថយន្ដ​ប្រណីត​លំដាប់​ពិភពលោក​ម៉ាក Porsche  ដែលមាន​សាខា​នៅក្នុង​ប្រទេស​កម្ពុជា​បានរៀបចំ​នូវ​កម្មវិធី​ដាក់​បង្ហាញ​រថយន្ដ​ប្រណីត​ជាច្រើន​ម៉ូ​ដែល ព្រមទាំង​តែងតាំង​តារាចម្រៀង Original Song ស្រី​មួយរូប​ដែលជា​កូនកាត់​ខ្មែរ-កាណាដា គឺ​កញ្ញា Laura Mamជា​ទូត​សុ​ឆន្ទៈ​សម្រាប់​រថយន្ដ​ប្រណីត Porsche នៅក្នុង​បរិវេណ​ហាង Apros Pub & Cafe ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ក្នុងឱកាស​ដ៏​វិសេសវិសាល​មួយ​នេះ តារា​ស្រី​រូបនេះ​បានផ្ដល់​បទ​សម្ភាស​អម​ដោយ​ទឹកមុខ​រំភើប​សប្បាយរីករាយ ជាមួយ​អ្នកសារព័ត៌មាន ឡា​រ៉ែ​ន ថា ៖ «ក្នុងនាម​នាង​ខ្ញុំ​ជា​សិល្បការិនី និង​ជា​តារាចម្រៀង​បទ​និពន្ធ​ថ្មី​ឬ Original Song នាង​ខ្ញុំ​មាន​អារម្មណ៍​រំភើប​សប្បាយចិត្ត និង​មាន​កិ​ត្ត​យស​យ៉ាងខ្លាំង​ដែល​ត្រូវបាន​ក្រុមហ៊ុន​រថយន្ដ​ប្រណីត​ម៉ាក​ល្បី​លំដាប់​ពិភពលោក Porsche ជ្រើស​រើសយក​នាង​ខ្ញុំ​ធ្វើជា​ទូត​សុ​ឆន្ទៈ ហើយ​ពួកយើង​មាន​ការងារ​ជាច្រើន​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​តាមរយៈ Porsche ដែល​នេះ​ជា​លើក​ទី 1 ហើយ​សម្រាប់​នាង​ខ្ញុំ»។

ក្នុងការ​ចាប់ផ្ដើម​ជា​អ្នក​តំណាងឱ្យ​ក្រុមហ៊ុន​ខាងលើនេះ ម្ចាស់​បទ “សុបិន​ស្នេហ៍” បាន​បន្ដ​ប្រាប់ទៀតថា៖ «មូលហេតុ​ដែល​ក្រុមហ៊ុន​រថយន្ដ​លំដាប់​ពិភពលោក​មួយ​នេះ​ជ្រើស​រើសយក​នាង​ខ្ញុំ គឺ​ដោយសារ​នាង​ខ្ញុំ​ជា​តារាចម្រៀង Original Song ហើយ Porsche ក៏​ជា​រថយន្ដ Original ដូចគ្នា ទើប​នាង​ខ្ញុំ​មានឱកាស​បាន​សហការ​រួម​ការងារ​ជាមួយគ្នា ហើយ​ក្នុងនោះ​ផងដែរ ក្រុមហ៊ុន​រថយន្ដ​ប្រណីត​មួយ​នេះ​ក៏បាន​ប្រគល់​រថយន្ដ Porsche មួយគ្រឿង​ឱ្យ​នាង​ខ្ញុំ​បាន​សាកល្បង​ប្រើប្រាស់​ផងដែរ ដែលជា​ម៉ូ​ដែល Macan ពណ៌​ខ្មៅ »។

គួរបញ្ជាក់​ផងដែរ តារាចម្រៀង Laura Mam នឹងធ្វើ​ជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​រថយន្ដ​ប្រណីត Porsche ដែល​នាំចូល​ពី​ប្រទេស អាល្លឺម៉ង់​នេះ​រយៈពេល 1 ឆ្នាំ ក្នុងការ​ធ្វើការ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា។ កញ្ញា​ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​មុខងារ​នេះ គឺ​មិនមាន​ផលប៉ះពាល់​ដល់​ការងារ​ផលិត​បទ​ចម្រៀង​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ឡើយ៕

Advertisement