អ្នកគាំទ្រ​តារាចម្រៀង​កូរ៉េ សប្បាយ​ចិ​ត្ដ​ឱ្យ​ហើយ​ទៅ! UNS TV នឹង​នាំមក​ជូន​នូវ​កម្មវិធី​កម្សាន្ដ​ជាច្រើន

ភ្នំពេញ – តារាចម្រៀង និង​តារា​សម្ដែងល្បីៗឈ្មោះ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​នឹង​កាន់តែ​មានឱកាស​បានមក​បង្ហាញ​វត្ដ​មាននៅ​ក្នុងប្រទេស​កម្ពុជា​បន្ថែមទៀត!  នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី យូ​លី​ណា ក្នុងឱកាស​នៃ​ពិធី​ការប្រគល់សិទ្ធិ​ពាក់កណ្ដាល​ទៅឱ្យ​ផលិតករ​កូរ៉េ និង​ប្រកាស​ប្ដូ​ឈ្មោះ​ពី​ទូរទស្សន៍ NTV ទៅ​ទូរទស្សន៍​កូរ៉េ UNS TV។

អ្នកស្រី យូ​លី​ណា ត្រូវបាន​គេ​ស្គាល់​ថា ជា​ម្ចាស់​ជំនួញ​ប្រាក់​វាល់​លាន​ជនជាតិ​កូរ៉េ​សញ្ជាតិ​កម្ពុជា និង​ជា​អ្នករៀបចំ​ព្រឹត្តិការណ៍​តន្ត្រី​សប្បុរស​ធ​ម៍​ដោយមាន​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា ចូលរួម​នោះ បាន​អះអាងថា តារាល្បីៗលំដាប់​ពិភពលោក​របស់​កូរ៉េ​នឹងត្រូវ​ចូលខ្លួន​មក​បង្ហាញ​វត្ដ​មាន​ដើម្បី​កំដរ​អារម្មណ៍​អ្នកគាំទ្រ​កម្ពុជា​ដែល​និយម​ចូល​ចិ​ត្ដបទ​ចម្រៀង និង​ភាពយន្ដ​កូរ៉េ។

អ្នកស្រី​បន្ដថា តាមរយៈ​ការវិនិយោគទុន​រួមគ្នា​ជាច្រើន​លាន​ដុល្លារ​នេះ​បានធ្វើឱ្យ​កិច្ចព្រមព្រៀង​នៃ​ការប្ដូរឈ្មោះ​ទូរទស្សន៍​ NTV មកជា UNS TV និង​ប្រគល់ឱ្យ​អ្នកស្រី​ទទួលខុសត្រូវ​ដើម្បីឱ្យ UNS TV មាន​កម្មវិធី​ប្រកួតប្រជែង​កម្រិត​អន្តរជាតិ​តាមរយៈ​ការចំណាយ​ប្រាក់​យក​តារាល្បីៗរបស់​កូរ៉េ​មក​ច្រៀង​រាំ​នៅ​កម្ពុជា។ អ្នកស្រី​បញ្ជាក់ថា ក្រៅពី​មានការ​អញ្ជើញ​តារា​សិល្បៈ​កូរ៉េ​មកហើយ​នោះ ទូរទស្សន៍​ក៏មាន​គម្រោង​អញ្ជើញ​តារា​សិល្បៈ​លំដាប់​ពិភពលោក​មក​ចូលរួម​ក្នុង​កម្មវិធី​កម្សាន្ដ​នៅ​កម្ពុជា​ផងដែរ។

គួរ​បញ្ជាក់ថា ទូរទស្សន៍​ UNS TVជាការ​វិនិយោគ​រួមគ្នា​រវាង​កម្ពុជា-កូរ៉េ ដូច្នេះ​លោក​បណ្ឌិត សំបូរ សាណូ នៅតែ​ជា​អគ្គនាយក​ប្រចាំ​ស្ថានីយទូរទស្សន៍​មួយ​នេះ​ដដែល។ ទុន​ដែល​ត្រូវ​វិនិយោគ​ជាច្រើន​លាន​ដុល្លារ​នេះ​គឺ​ដើម្បី​សាងសង់​ស្ទូ​ឌី​យោ​ស្ថានីយទូរទស្សន៍​ស្ដង់ដារ​មួយ និង​បំពាក់​ដោយ​ឩ​បក​រណ៍​កម្រិត​ទំនើប​ដើម្បី​បម្រើឱ្យ​ការផលិត​កម្មវិធី​ផ្លូវការ និង​កម្មវិធី​កម្សាន្ដ​នានា។

អ្នកស្រី​បញ្ជាក់ថា មូល​ហេតុដែល​អ្នកស្រី​បោះទុន​វិនិយោគ​នេះ ព្រោះ​វា​ជួយ​ឱ្យ​អ្នកស្រី​ចំណេញ​ពេលវេលា​តិច​ដោយ​គ្រាន់តែ​បន្ត​សាងសង់​ស្ទូ​ឌី​យោ និង​ផលិត​កម្មវិធីបណ្ដើរៗជាការ​ស្រេច។ អ្នកស្រី​ថា ក្នុងពេល​ដ៍​ខ្លី UNS TV នឹង​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​តន្ត្រីធំៗដែលមាន​វត្តមាន​កំពូល​តារាល្បីៗមកពី​ប្រទេស​កូរ៉េ និង​តារា​សិល្បៈ​លំដាប់​ពិភពលោក​ផងដែរ ហើយ​វា​ក៏​ជា​ចំណែក​មួយ​ចូលរួម​ជំ​រុញឱ្យ​ពិភពលោក​កាន់តែ​ចាប់អារម្មណ៍​មក​កម្ពុជា​តាមរយៈ​វត្ដ​មាន​របស់​តារាល្បីៗទាំង​នោះដែរ។

លោក សាម៉ន បណ្ឌិត្យ តំណាងឱ្យ UNS TV  ភាគី​ខាង​កម្ពុជា​បាន​អះអាងថា  មូលហេតុ​ឈានដល់​ការធ្វើ​កិច្ចព្រមព្រៀង​ព្រោះ​ក្រៅពី​ការបោះ​ទុនវិនិយោគ​ហើយ អ្នកស្រី  យូ​លី​ណា នឹង​ធ្វើឱ្យ​ទូរទស្សន៍ NTV  ដែល​ប្ដូរ​មកជា UNS TV មាន​កម្មវិធី​កម្សាន្ត​ប្រកួតប្រជែង​ច្រើន ពិសេស​អ្នកស្រី​បានប្រកាស​ទិញ​សិទ្ធិ​ពី​កម្មវិធី​របស់​ប្រទេស​កូរ៉េ​មួយចំនួន​យកមក​ផលិត​នៅ​កម្ពុជា​ទៀតផង៕

Advertisement