4ចំណុច​ដែល​ធ្វើឱ្យ​ផលិតផល​ខ្មែរ​មានការ​គាំទ្រ​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ

ភ្នំពេញ៖ ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ផលិតផល​ខ្មែរ ជាមួយ​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​បន្ត​ដែល​បាន​ប្រារព្ធ​ធ្វើ​រួមគ្នា​រវាង​ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងទេសចរណ៍ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​មានប្រសាសន៍ថា ដើម្បីឱ្យ​ផលិតផល​របស់​ខ្មែរ​ទទួលបាន​ការគាំទ្រ​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​នោះ​គឺ​ត្រូវ​ពង្រឹងៈ

1.គុណភាព
2.ការ​វេច​ខ្ចប់​ប្រកបដោយ​សោភ័ណភាព
3.មាន​ស្តង់ដារ
និង 4.កត្តា​តម្លៃ​សមរម្យ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា បច្ចុប្បន្ន​និន្នាការ​នៃ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​សកលលោក​កំពុងមាន​ភាព​ប្រកួតប្រជែង​ដ៏​ស្រួចស្រាល់ ហើយ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែលមាន​ប្រទេស​ក្នុង​អាស៊ាន10ជា​សមាជិក​វិញ ការប្រកួត​ក្នុង​តំបន់​មួយ​នេះ​ក៏មាន​លក្ខណៈ​ស្រួចស្រាល់​ខ្លាំង​ណាស់ដែរ ដោយសារ​វា​មាន​លំហូរ​ដោយ​សេរី​នូវ​ទំនិញ សេវា​មូលធន និង​កម្លាំង​ពលកម្ម​ជាដើម ដូច្នេះ​សហគ្រាស​ក៏ដូចជា​ឧស្សាហកម្ម​ក្នុងស្រុក​ត្រូវតែ​ង្រឹ​ង និង​កែច្នៃ​ចង្វាក់​ផលិត​របស់ខ្លួន​ធ្វើយ៉ាងណា​ឱ្យ​ផលិតផល​ឬ​ទំនិញ​របស់​យើង​ផលិត​ចេញមក​មាន«1.គុណភាព 2.ការ​វេច​ខ្ចប់​ប្រកបដោយ​សោភ័ណភាព 3.មាន​ស្តង់ដារ និង4.តម្លៃ​សមរម្យ​ផងដែរ»។

កន្លងមក​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច បាន​ខិតខំ​ក្នុង​ការធ្វើសមាហរណកម្ម​របស់ខ្លួន​ក្នុង​តំបន់ និង​ពិភពលោក ដោយ​កម្ពុ​ជាមាន​សក្តានុពល​ខ្លាំង​តាមរយៈ​ការទទួលបាន​ការអនុគ្រោះ​ពាណិជ្ជកម្ម ដែល​អាច​នាំ​ទំនិញ​ទៅ​ក្រៅប្រទេស​ជាច្រើន​ដោយ​មិន​ជាប់ពន្ធ និង​កូតា​នាំចេញ «កត្តា​នេះ​យើង​គ្រាន់តែ​បាន​ឆ្លងកាត់​ដំណាក់កាល​របាំង​ពន្ធ​ប៉ុណ្ណោះ ក្នុងនោះ​ដើម្បី​មាន​ឧត្តមភាព​ប្រកួតប្រជែង យើង​ត្រូវ​ជម្នះ​របាំង​មួយទៀត​ឱ្យបាន​គឺ​របាំង​មិនមែន​ពន្ធគយ​ឬ​ហៅថា របាំង​បច្ចេកទេស ដែល​ទាក់ទង​ជាសំខាន់​ទៅលើ​កត្តា​អនាម័យ​និង​ភូតគ្រាម​អនាម័យ (SPS) និង​បទដ្ឋាន​ស្តង់ដារ​ជាដើម» ។

ការខិតខំ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ក្នុងនាម​ដែល​ឯកឧត្តម​ចម ប្រសិទ្ធ ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ​បាន​ជំរុញឱ្យមាន​ការខិតខំ​យក​ស្តង់ដារ​ម្ហូបអាហារ និង​ស្តង់ដារ​ផលិតផល​អន្តរជាតិ​ក៏ដូចជា​ស្តង់ដារ​អាស៊ាន​មក​ធ្វើជា​ស្តង់ដារ​ជាតិ​បាន​ចំនួន 804 ស្តង់ដារ​រួចហើយ ដើម្បីឱ្យ​ការផលិត​ទំនិញ​នៅ​កម្ពុជា​អាច​នាំចេញ​បាន​ដោយ​មិន​ជាប់​របាំង​បច្ចេកទេស។ ចំណែក​ការបន្លំ​ឈ្មោះ​ប្រទេស​អ្នក​ផលិត​វិញ​បើ​ផលិតករ សិប្បករ​ឬ​ឧស្សាហករ​ចង់​រក្សា​ផលិតផល​របស់ខ្លួន​ថា ពិតជា​ផលិត​នៅ​កម្ពុជា​ពិតប្រាកដ​ត្រូវបំពេញ​លក្ខខណ្ឌ​តម្រូវ​មួយចំនួន​ដូចជា៖ ក្រុមហ៊ុន រោងចក្រ ឬ​សហគ្រាស​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ឬ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ដើម្បី​សុំ​វិញ្ញាបនបត្រ​ដំណើរការ និង​បន្ទាប់មក​ត្រូវ​ចុះបញ្ជី​ផលិតផល​នៅ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា ឬ​បិទ​ Bar Code ដើម្បី​បញ្ជាក់ថា ផលិតផល​នោះបាន​ផលិត​នៅ​កម្ពុជា​ពិតប្រាកដ​មែន៕

Advertisement