5ចំណុច ដែល​ស្ត្រី​គ្រប់រូប​ត្រូវ​យល់ដឹង​ក្នុងការ​ថែរក្សា​សុខភាព

បញ្ហា​សុខភាព​ស្ត្រី​ជា​រឿង​សំខាន់​ខ្លាំងណាស់ ព្រោះ​រាងកាយ​ស្ត្រី​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ច្រើន និង​អាច​បង្ក​ជា​ជំងឺផ្សេងៗបាន​យ៉ាង​ងាយ​បំផុត។ ហេតុនេះហើយ ទើបបាន​ជាការ​មើលថែ​ទាំ​សុខភាព​គឺជា​រឿង​ដ៏​ចាំបាច់​បំផុត​ដែល​ស្ត្រី​គ្រប់រូប​ត្រូវតែ​ធ្វើឱ្យបាន​ជាប្រចាំ និង​ដោយ​ប្រុងប្រយ័ត្ន​បំផុត។ សម្រាប់​ស្ត្រី ជំងឺ​អាច​កើតឡើងភ្លាមៗដោយ​នឹកស្មាន​មិន​ដល់ ឬ​ជា​រឿង​ដែល​ខ្លួន​តែងតែ​ធ្វើជា​ញឹកញាប់ តែ​មិនសូវ​បាន​ប្រយ័ត្នប្រយែង និង​ចាប់អារម្មណ៍ ដែល​អាច​បណ្ដាលឱ្យ​កើតជា​បញ្ហា​ធ្ងន់ធ្ងរបាន​នៅ​ថ្ងៃ​អនាគត។ ដូច្នេះ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​អ្នក​បានដឹង​ពី​បញ្ហា​សុខភាព​មួយចំនួន​ដូចតទៅ ដែល​ស្ត្រី​ទាំងឡាយ ត្រូវ​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត ដូចជា៖

1/ សុខភាព​ការ​បន្ទោបង់​មិន​ប្រក្រតី​ជាធម្មតា
ស្ត្រី​មាន​ពោះវៀន​វែង​ជាង​បុរស ដូច្នេះហើយ​ទើប​បណ្ដាលឱ្យ​កើតមាន​បញ្ហា​ច្រើន​ពេល​បន្ទោបង់​ដោយ​ស្ត្រី​មួយចំនួន​មាន​អាការ​ទល់លាមក​ជា​ញឹកញាប់​រហូត​ក្លាយជា​ទម្លាប់​នោះ នាង​ក៏​គិតថា​នេះ​ជាធម្មតា​របស់​មនុស្សម្នាក់ៗ ដោយ​មិនដឹងថា នេះ​ជា​ជំងឺ​មួយ​ប្រភេទ​ឡើយ។ ហើយមូលហេតុ​ដែល​ការ​បន្ទោបង់​មាន​ភាពមិនប្រក្រតី​ជួនកាល​ក៏​អាច​បណ្ដាលមកពី​ភាព​តានតឹង​ក្នុង​អារម្មណ៍​ដែរ ព្រោះតែ​ពេលណា​មាន​ភាព​តានតឹង​ធុញថប់​នោះ ដំណើរ​នៃ​ការប្រព្រឹត្ត​របស់​រាងកាយ​ក៏​នឹង​ខុស​ប្រក្រតី​ទៅតាម​នោះ​ដូចគ្នា។ ហើយ​បើ​សម្រាប់​ស្ត្រី​ទាំងឡាយណា​ដែល​បន្ទោបង់​ចេញមក​មាន​លាយ​ឈាម​មកជា​មួយ សូម​ដឹង​ចុះ​ថា វា​មិនមែនជា​រឿង​ធម្មតា​ឡើយ ព្រោះ​វា​អាចជា​សញ្ញា​នៃ​ជំងឺ​អ្វីមួយ ដែល​អ្នក​ត្រូវតែទៅ​ពិនិត្យមើល​ឱ្យបាន​ដឹងថា តើ​កើតមាន​អ្វី​ក្នុង​រាងកាយ​អ្នក​ឱ្យ​ពិតប្រាកដ។ ដែល​វិធី​ដែល​អាច​កែ​បញ្ហា​សុខភាព​ការ​បន្ទោបង់​បាន​គឺ ធ្វើយ៉ាងនា​គួរ​ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​គ្រប់ពេល​គួរ​បន្ថែម​អាហារ​ពពួក​កាក​សរសៃ​បន្លែ​ផ្លែឈើចូលទៅក្នុង​អាហារ​គ្រប់​ពេលដែល​អ្នកទទួល​ទាន ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ពី1-2កែវ​ក្រោយពេល​ភ្ញាក់​ពី​ដំណេក និង​ព្យាយាម​ហ្វឹកហាត់​ខ្លួនឯង​ឱ្យ​បន្ទោបង់​យ៉ាង​ទៀងទាត់​បំផុត។

2/ មាន​អាការ​ហត់នឿយ ល្វើយ​អស់កម្លាំង និង​ឆាប់​ហត់
ស្ត្រី​ដែលមាន​អាយុ​ចាប់ពី 25ឆ្នាំ​ឡើងទៅ សុខភាព​នឹង​ចុះខ្សោយ​មិន​ដូច​កាលពី​អាយុ10-20ឡើយ។ កាលពី​នៅ​ពេញវ័យ​ទោះជា​ទៅ​ជប់លៀង​មួយ​យប់​ទើស​ភ្លឺ ក៏​ព្រឹក​ឡើង​អាច​ក្រោក​ទៅធ្វើ​ការ​បាន​ធម្មតា​ដែរ តែ​ដល់ពេល​មាន​អាយុ​ចាប់ពី25-30ឆ្នាំ​ឡើងទៅ គឺ​មិនអាច​ដូច​មុន​ទៀតឡើយ។ រាងកាយ​ឆាប់​នឿយហត់​ញ៉ាំ​ស្រា​ឆាប់​ស្រវឹង ឬ​គេង​មិន​ចង់​ក្រោក​ជាដើម​គឺ​សុទ្ធតែជា​សញ្ញា​ដែល​បញ្ជាក់ថា សុខភាព​អ្នក​កំពុងតែ​ធ្លាក់​ខ្សោយ​ទាំងអស់។ ដូច្នេះ​អ្នក​ត្រូវ​ចាប់ផ្តើម​យកចិត្តទុកដាក់​ចំពោះ​សុខភាព​អ្នក​ឱ្យបាន​មែនទែន ដោយ​ត្រូវតែ​ចាប់ផ្ដើម​ថែទាំ​សុខភាព​អ្នក​បានល្អ​បំផុត។ ហើយ​វិធី​ដែល​អាច​កែ​បញ្ហា​សុខភាព​ដែល​ហត់នឿយ ល្វើយ​អស់កម្លាំង និង​ឆាប់​ហត់​របស់​អ្នក​បាន​គឺ ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​ចម្រើន ដោយ​ងាក​មក​ហាត់ប្រាណ​បែប​យ៉ូ​ហ្គា

វិញ​ម្តង ព្រោះ​វា​អាចជួយ​ឱ្យ​រាងកាយ​របស់​អ្នក​លែង​សូវ​ឆាប់​ហត់នឿយ និង​ជួយ​ឱ្យ​សាច់​និង​ស្បែក​របស់​អ្នក​ស្អាត​ភ្លឺរលោង ជាពិសេស​នោះ​គឺ ត្រូវ​គេង​ឱ្យបាន​គ្រប់គ្រាន់ ដោយ​មិនមែន​ផ្ដោតលើ​ការ​គេង​ឱ្យបាន​ច្រើន​ម៉ោង​នោះទេ តែ​គឺ​ត្រូវ​ចូល​គេង​ឱ្យបាន​ទៀងទាត់ និង​ដឹង​ពី​ពេលវេលា​គេង​ដែលមាន​ប្រយោជន៍ ព្រោះ​ពេលដែល Growth Hormone ផលិត​បានល្អ​នោះ​គឺ​នៅ​ច​ម្លោះ​ពី​ម៉ោង10យប់​ដល់11យប់។

3/ រដូវ​មក​មិន​ទៀង
ការ​មក​រដូវ​ប្រចាំខែ​របស់​អ្នក គឺអាច​ឱ្យ​អ្នក​ដឹងបាន​ថា អ័រម៉ូន​របស់​អ្នក​ល្អ ឬ​មិនល្អ។ ការទទួល​ទាន​អាហារ​មិនល្អ ភាព​តានតឹង​ក្នុង​អារម្មណ៍ នឹង​ធ្វើឱ្យ​អ័រម៉ូនបាត់បង់​តុល្យភាព បន្ទាប់មក​ក៏​បណ្ដាលឱ្យ​រដូវ​មក​មិន​ទៀង និង​មុខ ឬ​ពេល​មក​មានការ​ឈឺពោះ​ខ្លាំង​ស្ទើរតែ​ទ្រាំ​មិនបាន ឯ​ទម្ងន់​ខ្លួន​ក៏​ចាប់ផ្ដើម​កើនឡើង ហើយ​កើតមុន ដែល​ទាំងអស់នេះ គឺជា​សញ្ញា​បញ្ជាក់ថា​អ័រម៉ូន​របស់​អ្នក​កំពុងតែ​ប្រែប្រួល​ខុស​ប្រក្រតី។ វិធី​កែខៃ​ដ៏​ល្អ​បំផុត​ចំពោះ​បញ្ហា​នេះ គឺ​ត្រូវ​ចេះ​សង្កេត​តាមដាន​មើល រួចទៅ​ជួប​លោកគ្រូ​ពេទ្យ ដើម្បី​ពិនិត្យ​ព្យាបាល និង​សុំ​ការណែនាំ។ តែ​ការឈឺចាប់​ពេល​មក​រដូវ គឺជា​រឿង​ធម្មតា​ទេ​សម្រាប់​ស្ត្រី​ទូទៅ ដូច្នេះ​វិធី​ដែល​ល្អ គឺ​គួរ​កុំ​ទទួលទាន​ទឹក​ដែល​ត្រជាក់ ឬ​បើ​ឈឺពោះ​ខ្លាំង​ជាប្រចាំ​នោះ សូម​ទទួលទាន​ខ្លាញ់ត្រី ព្រោះ​ខ្លាញ់ត្រី​អាចជួយ​កាត់បន្ថយ​ការឈឺ​បាន។

4/ ស្បែក​ជ្រីវជ្រួញ
នៅពេល​អាយុ​កាន់តែច្រើន ការផលិត​ខ​ល​ឡា​ជេន​ក៏​នឹង​ថយចុះ​ទៅតាម​នោះដែរ។ បើ​អ្នក​សង្កេតមើល​ឱ្យបាន​ដិតដល់ មិន​ថា​ជា​ស្បែ​កមុខ ឬ​ស្បែក​ត្រង់កន្លែង​ណា​ទៀត​ទេ​អ្នកនឹង​ឃើញថា ស្បែក​ប្រែប្រួល ដោយ​ចាប់ផ្ដើម​ស្ងួត យារ លែង​ហាប់​ណែន​ដូច​មុន និង​មាន​សភាព​ជ្រីវជ្រួញ ហើយ​បើ​ក្រចក​របស់​អ្នក​ឆែប ឬ​ងាយ​នឹង​កើតមាន​ស្នាម​នោះ គឺជា​សញ្ញា​បង្ហាញឱ្យឃើញ​ថា ប្រូតេអ៊ីន ឬ​សារធាតុ​រ៉ែ​ក្នុង​ខ្លួន​អ្នក​កំពុង​បាត់បង់។ ចំពោះ​បញ្ហា​ស្បែក វិធី​កែខៃ​ដ៏​ប្រសើរ​បំផុត គឺ​សូម​លាប​ក្រែ​មដែលមាន​គុណភាព​ល្អ​ឱ្យបាន​ជាប្រចាំ ព្រោះ​ការធ្វើ​បែបនេះ នឹងធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​សំណើម​ទោះជា​អ្នកចេញ​ក្រៅ​ត្រូវ​ខ្យល់ ឬក៏​នៅតែ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ក៏ដោយ ជាពិសេស​នោះ​គឺ​អាចជួយ​ការពារ​ពី​ការ​ត្រូវ​កាំរស្មី​យូ​វីរ​បស់​ព្រះអាទិត្យ​ដែល​ចូលមក​បំផ្លាញ​ស្បែក និង​ខូ​ល​ឡា​ជេន​ក្នុង​ស្បែក​របស់​អ្នក​បាន។

5/ មាន​អារម្មណ៍​ថា ខួរក្បាល​ស្ពឹក​ស្រពន់
Brain Aging គឺជា​អាការ​ស្ពឹក​ស្រពន់​របស់​ខួរក្បាល កាលបើ​មាន​វា​ហើយ​ខួរក្បាល​នឹង​ស្ពឹក​ស្រពន់ គិត​អ្វី​មិនសូវ​ចេញ ការចងចាំ​ធ្លាក់ចុះ និង​មិន​ស្រឡះ​ល្អ​ឡើយ តែ​មិនមែន​មានន័យថា អ្នក​កើត អាល់​ហ្សៃ​មើ​រ៍ នោះទេ គឺ​បណ្ដាលមកពី​អ្នក​បានធ្វើឱ្យ​តុល្យភាព​នៃ​ប្រព័ន្ធ​សរសៃឈាម​មិន​ស្មើគ្នា និងទទួលទាន​សារជាតិ​ចិញ្ចឹម​ខួរក្បាល​មិន​គ្រប់គ្រាន់​នោះឯង ដូចជា អាស៊ីត អា​មី​ណូ ឬ​វីតាមីន​ជាដើម ម្យ៉ាងទៀត​អាច​បណ្ដាលមកពី​អ្នកប្រើប្រាស់​ខួរក្បាល​មិនបាន​ត្រឹមត្រូវ។ វិធី​កែប​ញ្ហា​នេះ​គឺ ធ្វើយ៉ាងណា​ត្រូវ​បន្ថែម​សារជាតិ​ចិញ្ចឹម​ខួរក្បាល​ឱ្យបាន​ច្រើន​បំផុត ដូចជា ទទួលទាន​អាហារ​ដែលមាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នារី ដូចជា ប៉ិកួ​យ (មាន​លក្ខណៈ​ដូចជា ចាហួយខ្មៅ) អាស៊ីត​អា​មី​ណូផ្សេងៗ និង​ប្រើប្រាស់ ឬ​ហ្វឹកហាត់​ខួរក្បាល​ឱ្យបាន​ត្រឹមត្រូវ ដូចជា ហាត់​គិត​លេខ រៀន​គិត​វិភាគ​ទស្សនៈ និង​រៀន​តែង​និពន្ធ​ជាដើម៕

Advertisement