វគ្គបណ្តុះបណ្តាលខ្លីជំនាញបច្ចេកទេសនៅវិទ្យាស្ថាន NPICទទួលបានការគាំទ្រច្រើន

វគ្គបណ្តុះបណ្តាលខ្លីមួយក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ជាមួយក្រុមហ៊ុន Samsung អេឡិចត្រូនិកលើជំនាញបច្ចេកទេសកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សិស្សនិស្សិត ខណៈវគ្គបណ្តុះបណ្តាលនេះបានផ្តោតយ៉ាងសំខាន់លើវិស័យអប់រំ និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា។

លោក រឿង ថៃ ជាគ្រូបណ្តុះបណ្តាលជំនាញទូរស័ព្ទដៃ និងធ្លាប់ជាសិស្សជំនាន់ទី1ដែលនោះ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលកើតចេញពីការសហការគ្នានេះមានឈ្មោះថា Samsung Tech Institute ដោយគិតមកដល់ពេលនេះមាន4ជំនាន់ហើយ ដែលអនុញ្ញាតឱ្យសិក្ខាកាមចូលរៀនចាប់ពីឆ្នាំ2014មក ផ្ដោតលើជំនាញបច្ចេកទេស ទូរស័ព្ទដៃ ថេប្លេត ម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិកជាច្រើនទៀតដែល Samsung មានលក់ក្នុងទីផ្សារ។

លោកថា៖ «តាមខ្ញុំសង្កេតមើល និងប្រៀបធៀបវគ្គបណ្តុះបណ្តាលនីមួយៗ ឃើញថាជំនាន់ទី4 នេះមាននិស្សិតចូលរួមច្រើនជាងគេ។ ចំនួននិស្សិតសូមចុះឈ្មោះច្រើនលើសធម្មតា»។

គ្រូបណ្តុះបណ្តាលខាងលើពន្យល់ថា ជំនាន់ទី1 និងជំនាន់ទី4 នេះមានការខុសប្លែកគ្នាច្រើន។ ដោយកាលពីដំបូងទូរស័ព្ទដៃដែលបានឧបត្ថម្ភដោយ Samsung មិនទាន់មានភាពជឿនលឿន និងមានចំនួនតិចនៅឡើយ ប៉ុន្តែសម្រាប់ជំនាន់ទី4 នេះវិញ លោកបានសង្កេតឃើញថា Samsung បានជួយឧបត្ថម្ភទូរស័ព្ទដៃថ្មីៗជាច្រើនគ្រឿងដែលមានបច្ចេកវិទ្យាទំនើបសមស្របទៅនឹងទីផ្សារបច្ចុប្បន្ន ហើយចំនួននិស្សិតចូលរៀនបានកើនឡើងច្រើនទ្វេដង។

គិតមកដល់ពេលនេះ មាននិស្សិតកម្ពុជាប្រហែល300នាក់ដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេស និងសាលានានា បានទទួលនូវចំណេះជំនាញច្បាស់លាស់ផ្នែកបច្ចេកទេសអេឡិចត្រូនិក បន្ទាប់ពីពួកគេបានបញ្ជាប់វគ្គបណ្តុះបណ្តាលបច្ចេកទេស Samsung Tech Institute ដែលឧបត្ថម្ភដោយក្រុមហ៊ុន Samsung ប្រចាំនៅកម្ពុជា។ ពីមួយជំនាន់ទៅមួយជំនាន់ វគ្គបណ្តុះបណ្តាលនេះ កាន់តែទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិស្សិតជំនាញបច្ចេកទេស ដោយសារវាបានផ្តោតយ៉ាងសំខាន់លើវិស័យអប់រំ និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ព្រមទាំងជួយឧបត្ថម្ភសម្ភារបរិក្ខារសិក្សាផ្សេងៗដល់និស្សិតដើម្បីប្រើប្រាស់ក្នុងពេលកំពុងសិក្សាទៀតផង។

លោក ជា ចាន់ណា ជានិស្សិតឆ្នាំទី2 ផ្នែកបរិក្ខារម៉ាស៊ីនត្រជាក់ដែលកំពុងរៀនក្នុងវគ្គបណ្តុះបណ្តាលនេះបានឱ្យដឹងថា អ្វីដែលធ្វើឱ្យលោកចាប់អារម្មណ៍ចូលរៀន ក៏ព្រោះថា នៅទីនេះសម្បូរទៅដោយផលិតផលថ្មីៗដែលមានបច្ចេកវិទ្យាខ្ពស់ ដូចជាទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនត្រជាក់ដាក់ឱ្យអនុវត្តផ្ទាល់។ ក្នុងនោះកញ្ញា ចន ចន្ត្រា ដែលជានិស្សិតផ្នែកអេទ្បិចត្រូនិក Samsung Smart TV បានបង្ហាញចំណាប់អារម្មណ៍ថា មូលហេតុដែលកញ្ញាចាប់យកផ្នែកអេទ្បិចត្រូនិកនេះ ក៏ព្រោះតែកញ្ញាចូលចិត្តផលិតផល Samsung ហើយកញ្ញាក៏ចង់យល់ដឹងបន្ថែមអំពី Smart TV ផងដែរ។

សម្រាប់វគ្គបណ្តុះបណ្តាល Samsung Tech Institute គឺជាវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាក្រោមការឧបត្ថម្ភ និងរៀបចំឡើងដោយក្រុមហ៊ុន Samsung និងវិទ្យាស្ថានជាតិបច្ចេកទេស។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺធ្វើឡើងដើម្បីលើកកម្ពស់គុណភាពធនធានមនុស្សលើផ្នែកបច្ចេកទេស ដើម្បីឱ្យប្រាកដថា គ្រប់និស្សិតដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះនឹងអាចទទួលបានចំណេះដឹងពិតប្រាកដ ដើម្បីទទួលបានការងារល្អដើម្បីផ្គត់ផ្គង់គ្រួសារ និងជួយដល់ការអភិវឌ្ឍសង្គមស្របពេលដែលប្រទេសកម្ពុជាបាននិងកំពុងធ្វើកំណែទម្រង់វិស័យអប់រំ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាក៏បានជំរុញ និងលើកទឹកចិត្តឱ្យនិស្សិតកម្ពុជាចាប់យកជំនាញសំខាន់ៗដែលមានដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលសុទ្ធសឹងជាជំនាញដែលជំរុញឱ្យការស្ថាបនា និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឱ្យកាន់តែមានការរីកចម្រើនឡើងទាំងអស់៕

Advertisement