Liverpool ច្រានចោល​សំណើ​ពី​ក្លិប Barcelona ក្នុងតម្លៃ130លាន​អឺរ៉ូ​សម្រាប់ Coutinho

ក្លិប​ហង្ស​ក្រហម Liverpool បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ម្តងទៀត​ដើម្បី​រក្សាទុក Philippe Coutinho តាមរយៈ​ការច្រានចោល​សំណើ​មួយ​ដែលមាន​តម្លៃ​ខ្លួន130លាន​អឺរ៉ូ (ស្មើនឹង153លាន​ដុល្លារ​អាមេរិក) ពី​ក្លិប Barcelona សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​រូបនេះ។

ការព្យាយាម​ជា​លើក​ទី3របស់​ក្លិប Barcelona ក្នុងការ​នាំយក Coutinho ពី​កីឡដ្ឋាន Anfield បានផ្តល់​តម្លៃ​ខ្លួន​ជា​គោល90លាន​អឺរ៉ូ និង​ប្រាក់ឧបត្ថម្ភផ្សេងៗចំនួន40លាន​អឺរ៉ូ​ផ្សេងទៀត ពោលគឺ​បង្កើន​តម្លៃ​ខ្លួន5លាន​អឺរ៉ុប និង​ប្រាក់ឧបត្ថម្ភផ្សេង25លាន​អឺរ៉ូ​ទៅលើ​ដំណើការ​កាលពីមុន​រប​ស់​ពួកគេ។ ក្លិប​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ បានដាក់​សំណើ​ដេញថ្លៃ​ជា​លើក​ទី3ហើយ​កាលពី​ថ្ងៃ​សុក្រ ក្រោយពី​ទទួលបាន​ការលើកទឹកចិត្ត​ដោយ​ការដាក់​សំណើសុំ​ផ្ទេរ​របស់ Coutinho វ័យ25ឆ្នាំ ទៅកាន់​ប្រធាន​ក្លិប​ផ្នែក​កីឡា​របស់​ក្លិប Liverpool គឺ​លោក Michael Edwards កាលពី​រយៈពេល1សប្តាហ៍​មុន។ ការស្នើសុំ​ផ្ទេរ​របស់ Coutinho បានកើត​ឡើង ក្រោយពី​មានការ​ប្រកាស​មួយ​ពី​ក្រុមហ៊ុន Fenway Sports Group ដែលជា​ម្ចាស់​ក្លិប Liverpool ថា តារា​ឆ្នើម​រូបនេះ​នឹង​បន្ត​នៅ​កីឡដ្ឋាន Anfield និង​មិន​ចាកចេញ​ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុងពេល​នេះឡើយ។ ប៉ុន្តែ ការព្យាយាម​របស់គេ​ក្នុងការ​បង្ខំ​ឲ្យ​មានការ​ផ្ទេរ ក៏ដូចជា​ការដាក់សំណើ​កាលពីពេលថ្មីៗនេះ​របស់​ក្លិប​មាន​មូលដ្ឋាន​នៅ​កីឡដ្ឋាន Camp Nou មិនបាន​ផ្លាស់ប្តូរ​ជំហរ​របស់​ក្រុមហ៊ុន Fenway Sports Group ក្នុងការ​រក្សាទុក​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ឡើយ។ បើទោះបី Coutinho បានដាក់​សំណើសុំ​ផ្ទេរចេញ និង​ក្រោយពី​ក្លិប Barcelona បានដាក់​សំណើ​ដេញថ្លៃ2លើក​ហើយ​ក៏ដោយ ក៏​ក្លិប Liverpool បាន​ឆ្លើយ​ចំពោះ​សំណើ​កាលពី​ថ្ងៃ​សុក្រ​ជាមួយនឹង​ការច្រានចោលភ្លាមៗមួយ​ផ្សេងទៀត​ដែរ៕

ប្រភពព័ត៌មាន៖ The Guardian

Advertisement