ក្រសួង​ទុក​ឱសានវាទ​ឱ្យ​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ទាំងអស់​ត្រឹម​ថ្ងៃទី1 ខែកញ្ញា

និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​កោះអញ្ជើញ​ប្រតិ​ប​ត្ត​ករ​ទូរស័ព្ទ​ចល័ត​ទាំង 7 រួមមាន​ក្រុមហ៊ុន​ស្មា​ត សែ​ល​កាត មិត្ត​ហ្វូ​ន CADCOMMS, Seatel, EMAXX  និង CooTel មក​រំឭក​ឡើងវិញ​នូវ​សារាចរ​ណែនាំ​អន្តរក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួងមហាផ្ទៃ និង​ច្បាប់​ស្តីពី​ទូរគមនាគមន៍ ដោយ​ទុក​ឱសានវាទ​ត្រឹម​ថ្ងៃទី1 ខែកញ្ញា​ត្រូវ​បញ្ឈប់​ឱ្យអស់​នូវ​ការលក់ ឬ​ចែកចាយ​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត​ដោយ​មិន​យក​អត្តសញ្ញាណ​បណ្ណ ឬ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ពី​អ្នកទិញ ឬ​ជួល​ជាវ​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត។

កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​និយតករ​ទូរគមនាគមន៍​ក​ម្ពុ​ជា អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ និង​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រោម​អធិបតីភាព​ឯ.ឧ ម៉ូ​វ ចរិយា ប្រធាន ន.ទ.ក។ ការលក់​ស៊ឹម​កាត់​ដោយ​គ្មាន​ឯកសារ​ទាំងនោះ​គឺជា​បុព្វហេតុ​នាំឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ និង សន្តិសុខ​ជាតិ និង​មិនអាច​រកមុខ​ជន​ប្រព្រឹត្ត​ឃើញ។

និយតករ​ទូរគមនាគមន៍​កម្ពុជា កំណត់ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​បញ្ឈប់​ទាំងស្រុង​នូវ​ការបើក​ឱ្យ​ដំណើរ​មុន​រាល់​ស៊ឹម​កាត​មិនទាន់​លក់​ឬ​ចែកចាយ (Pre-Active) និង​ហាម​បើក​ឱ្យ​ដំណើរការ​នៅពេល​អ្នកទិញ ឬ​អ្នក​ចែកចាយ​បន្ត​មិនមាន​អត្តសញ្ញាណ​បណ្ណ ឬ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ត្រឹមត្រូវ​ត្រឹម​ថ្ងៃទី1 ខែកញ្ញា​ឆ្នាំ 2017។ ក្រុមហ៊ុន​ទាំង​ទូរស័ព្ទ​ទាំងអស់​ត្រូវធ្វើ​លិខិត​ជា​លាយលក្ខណ៍អក្សរ​ធានាថា ខ្លួន​ពិតជា​អនុវត្តបាន100% តាម​ការកំណត់​នេះ។ ចាប់ពី​ថ្ងៃទី1 ខែកញ្ញា​ឆ្នាំ 2017 និយតករ​ទូរគមនាគមន៍​កម្ពុជា​នឹង​អនុវត្តតាម​ច្បាប់​ដោយ​មិន​យោគយល់​ឡើយ៕

Advertisement