ភ្ញាក់ផ្អើល! សង្ស័យ​មាន​ជនអនាមិក​លួច​ Hack ចូល​បណ្ដាញ​សង្គម​របស់ Taylor Swift

មានរឿង​អ្វី​បានជា​តារាចម្រៀង​ស្រី Taylor Swift លុប​វីដេអូ និង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​នាង​ចេញពី​បណ្ដាញ​ផ្សព្វផ្សាយ​ទំនាក់​ទ​នង​សង្គម​ទាំងអស់​ដូច្នោះ?

តាមរយៈ​សារព័ត៌មាន​ដ៏​ធំ​មួយ​ប្រចាំ​ចក្រភព​អង់គ្លេស Dailymail បានចេញ​ផ្សាយ​ឱ្យដឹងថា នៅ​ប្រមាណ​ជា​ម៉ោង 11 និង 30 នាទី​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ តារាចម្រៀង​ល្បីឈ្មោះ Taylor Swift បាន​លុបចោល​រាល់​ព័ត៌មាន​ផ្ទាល់ខ្លួន វីដេអូ និង រូបភាព​ដែល​នាង​តែងតែ​អាប់​ដេ​ត​ជាមួយ​អ្នកគាំទ្រ​របស់​នាង ចេញពី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំងអស់​ដូចជា Instagram, Twitter, Tumblr ជាពិសេស​គឺ Facebook Page ផ្លូវការ​របស់​នាង​ទាំងអស់​ដែល​នាង​ទើបតែ​ចាប់ផ្ដើម​ប្រើប្រាស់​កាលពី​ឆ្នាំ 2015។

ហេតុការណ៍​ចម្លែក​មួយ​នេះ​បានធ្វើឱ្យ​បណ្ដា​អ្នកគាំទ្រ​របស់​នាង​មានការ​ភ្ញាក់ផ្អើល ដោយមាន​ការសង្ស័យថា គណនី​សង្គម​របស់​នាង​ទាំង​ប៉ុន្មាន​នេះ​អាច​ត្រូវបាន​ជន​មិន​ស្គាល់មុខ​លួច​ចូលទៅ​ប្រើប្រាស់ ពោលគឺ​ស្រប​ពេលដែល​បច្ចុប្បន្ន​មានការ​ហ៊ែ​ក​ចូល​គណនី​ជាច្រើន។ ការ​ភ័យ​ស្លន់ស្លោ គឺ​ស្រប​ពេលដែល​តារា​ស្រី​រូបនេះ​កំពុងតែ​ដាក់លក់​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​របស់ខ្លួន​ដែល​បាន​ច្រៀង​រួមគ្នា​ជាមួយ​អតីត​សមាជិក​ក្រុម​ចម្រៀង​ប្រុស One Direction គឺ​លោក ZAYN ដែលមាន​ចំណងជើង​ថា «Don’t Wanna Live Forever»។

គួរបញ្ជាក់​ផងដែរ​ថា នៅលើ​បណ្ដាញ​សង្គម​របស់​តារាចម្រៀង​រូប​ស្អាត​រូបនេះ​ដូចជា Twitter page មាន​អ្នកគាំទ្រ 85.4 លាន​នាក់ ហើយ Instagram មាន​ប្រមាណ​ជា 102 million និង Facebook មាន​លើសពី 70.5 លាន​នាក់​ផងដែរ។ រហូតមកទល់​ពេលនេះ​មិនទាន់មាន​ការបញ្ជា​ក់ណា​មួយ​ពី​តារា​វ័យ 27ឆ្នាំ​រូបនេះ​នៅឡើយ​ទេ ដឹង​ត្រឹមតែ​ថា នាង​កំពុងតែ​ស្វែងរក​ដំណោះស្រាយ៕

Advertisement