អ្នកវិភាគ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​ឈានដល់​របត់​ថ្មី​មួយ

ភ្នំពេញៈ ស្របពេល​ការដាក់ចេញ​បទ​ប្បញ្ញត្តិ​នានា​ពី​ធនាគារជាតិ​នៃ​កម្ពុជា កាន់តែ​មាន​ភាព​តានតឹង​ជាង​មុន អ្នកវិភាគកម្ពុជា​បានលើកឡើង​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ឈានដល់​របត់​ថ្មី​មួយ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​Emerging Market Consulting បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ឈានដល់​របត់​ថ្មី​មួយ​ដែល​អ្នកវិនិយោគ​ក្នុង​វិស័យនេះ​បាននិងកំពុង​យកចិត្តទុកដាក់​ដើម្បី​បន្ត​ឈរជើង​នៅលើ​ទីផ្សារ​ឱ្យបាន​ដោយ​ផ្អែកលើ​មូលដ្ឋាន​មួយចំនួន​ដូចជា៖

ទី1/ ការតម្រូវ​ឱ្យ​ដំឡើង​ដើមទុន​ចុះបញ្ជី​ដែល​គ្រឹះស្ថានតូចៗមួយចំនួន​ត្រូវ​លក់​ទៅ​ឲ្យ​អ្នកវិនិយោគ​ដែលមាន​លទ្ធភាព ឬ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គ្រឹះស្ថាន​ដទៃ។ នេះ​ជាស​ញ្ញា​ដ៏​វិជ្ជមាន​មួយ ព្រោះ​សព្វថ្ងៃ​កម្ពុ​ជាមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើនពេក​រហូតដល់62គ្រឹះស្ថាន​ដែល​ធ្វើ​ឲ្យ​ខ្វះ​ប្រសិទ្ធភាព​ក្នុង​ការផ្តល់សេវា។

ទី2/ សម្ពាធ​ដែល​ត្រូវ​បញ្ចុះ​អត្រា​ការប្រាក់​តាមរយៈ​ការប្រកួតប្រជែង​ខ្លាំង យុទ្ធសាស្ត្រ​រួមមាន កាត់បន្ថយ​ថ្លៃដើម​ប្រតិបត្តិការ បង្កើន​ការផ្តល់​កម្ចី​ខ្នាត​មធ្យម និង​ខ្នាត​ធំ។

ទី3/ ការប្រើ​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ប្រតិបត្តិការ ដូចជា​ការសង​ត្រឡប់​តាម​ទូរស័ព្ទដៃ​ទំនើប ជាដើម។

ទី4/ វិស័យនេះ​ត្រូវ​បន្ត​អប់រំ​មហាជន​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​អតិថិជន​ប្រើ​កម្ចី​ត្រូវ​គោលដៅ ព្រោះ​និរន្តរភាព​ជីវភាព​របស់​អតិថិជន គឺជា​និរន្តរភាព​របស់​ស្ថាប័ន និង​វិស័យ​ទាំងមូល។

លោក ង៉ែត ជូ បាន​បន្តថា “វិស័យ​មីក្រូហិរញ្ញវត្ថុ​បានរួម​ចំណែក​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា ជា​មោទនភាព​គឺ ធនាគារ​អេស៊ីលីដា និង​ធនាគារ​ស្ថាបនា​បាន​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​ឡាវ និង​ភូមា”៕

Advertisement