ដឹង​ទេ​ថា វិស័យ​ទេសចរណ៍​រកប្រាក់​ចូលជាតិ​បាន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន?

ភ្នំពេញ៖ មិនធម្មតា​ទេ បើ​យើង​ក្រឡេកមើល​ជ្រុង​មួយ​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​គេ​ឱ្យឈ្មោះ​ថា​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ឬ​មាន​ផ្សែង​តិចតួច​សោះ តែ​អា​ចរក​ចំណូល​ចូលជាតិ​បាន​រាប់ពាន់​លាន​ដុល្លារ​ក្នុងមួយឆ្នាំៗនោះ។

ក្រសួងទេសចរណ៍​បានបង្ហាញ​របាយការណ៍​ចុងក្រោយ​មួយ​ឱ្យដឹងថា ប្រាំ​មួយខែ​ដើមឆ្នាំ2017 នេះ​កម្ពុជា​ទទួលបាន​ទេសច​រ​អន្តរ​ជាតិប្រមាណ2,6លាន​នាក់ កើនឡើង​ប្រមាណ12.8% ធៀប​នឹង​ឆ្នាំ2016ក្នុង​រយៈពេល​ដូចគ្នា។ ដោយ​ឈរលើ​គោលការណ៍​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ទេសចរណ៍​កម្ពុជា​មានការ​កើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ជាក់ស្តែង​កាលពី​ឆ្នាំ2016 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង 5លាន​នាក់​ក្នុង​កំណើន5% និង​នាំ​ចំណូល​ចូលជាតិ​បាន​ប្រមាណ3400លាន​ដុល្លារ​អាមេរិក​ស្មើនឹង13.5% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ62ម៉ឺន​នាក់ ស្មើនឹង13% នៃ​ការងារ​សរុប​នៅក្នុង​វិស័យផ្សេងៗទៀត។

ជា​ចក្ខុវិស័យ​ឆ្នាំ2020 កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 7លាន​នាក់​ដែល​អាច​នឹង​នាំ​ចំណូល​ចូលជាតិ​បាន​ប្រមាណ5ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ដោយផ្ទាល់​ជិត1លាន​នាក់ ដូច្នេះ​យុវជន​កម្ពុជា​នឹងមាន​ឱកាស​ការងារ​កា​ន់​តែច្រើនឡើងៗថែមទៀត​នៅក្នុង​វិស័យ​ទេសចរណ៍​នេះ៕

Advertisement