សុខភាព​របស់​កុមារ​នៅតែ​ជា​បញ្ហា​ធំ​នៅឡើយ​សម្រាប់​កម្ពុជា

ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង​ខ្លាំង វិស័យ​វិនិយោគ និង​ផ្នែក​នានា​ក្នុងសង្គម​ក៏​ចាប់ផ្តើម​អភិវឌ្ឍ​ខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ដែរ។ នៅក្នុង​ដំណើរ​នៃ​ការរៀបចំ​សង្គម​ដែល​ប្រកបដោយ​ការប្រកួតប្រជែង​ផ្នែក​អាជីវកម្ម ធនធានមនុស្ស​ចាប់ផ្តើម​ក្លាយជា​ចំណុច​អាទិភាព​ដែល​ត្រូវ​យកចិត្តទុកដាក់ ព្រោះ​គ្រប់​ចង្វាក់​ផលិតកម្ម ឬ​សេវាកម្ម​នានា​សុទ្ធតែ​ត្រូវការ​មនុស្ស​ទៅធ្វើ​ការ។

ជាក់ស្តែង ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ខំ​ជំរុញឱ្យមាន​ការគិតគូ​រ​ពី​បញ្ហា​សុខភាព និង​ការ​គាំពារ​កុមារ​តាមរយៈ​គម្រោង​នានា​ដូច​ជាការ​គាំពារ​មិន​ឱ្យមាន​អំពើហិង្សា គាំពារ​ផ្នែក​សិទ្ធិ​កុមារ និង​ការ​គាំពារ​ផ្នែក​សុខភាព​ជាដើម។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ Unicefនៅ​កម្ពុជា​ឆ្នាំ 2016 បាន​បង្ហាញថា ជំងឺ​កង្វះ​អាហារូបត្ថម្ភ​លើ​កុមារ នៅតែ​ជា​បញ្ហា​ធំ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​កុមារ​ក្រោម​អាយុ 5 ឆ្នាំ ចំនួន 32% មាន​ជំងឺ​ក្រិស​ក្រិន។ តាម​ការរកឃើញ​រប​ស់​អង្គការ​អន្តរជាតិ​មួយ​នេះ​បានបង្ហាញ​ផងដែរ​ថា កុមារ​ចំនួន 10% មាន​បញ្ហា​ស្គមស្គាំង និង​ចំនួន 24% មាន​បញ្ហា​មិន​គ្រប់​ទម្ងន់។

យោងតាម​របាយការណ៍​របស់ Unicef ដដែល​បានបង្ហាញ​ផងដែរ​ថា នៅ​ឆ្នាំ 2013 មានការ​បាត់បង់​ថវិកា​យ៉ាងហោចណាស់168លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ដោយសារតែ​ផលវិបាក​អវិជ្ជមាន​ផ្នែក​សុខភាព​មួយចំនួន​ដែល​បង្កើតឡើង​ដោយ​អំពើហិង្សា​លើ​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាងណាក៏ដោយ គេ​សង្កេតឃើញថា ស្ថាប័ន​ពាក់ព័ន្ធ​នានា​បាន និង​កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការជំរុញឱ្យ​អនាគត​ធនធានមនុស្ស​នៅ​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ​ឡើង៕

Advertisement