Neymar រកបាន2គ្រាប់ ខណៈ PSG លត់ Toulouse ចាស់ដៃ

ខ្សែប្រយុទ្ធ Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ក្រុម Paris St-Germain បានធ្វើការ​វាយបក​ដើម្បី​ផ្តួល​ក្រុម Toulouse យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-2 ដើម្បី​ដណ្តើមបាន9ពិន្ទុ​ពេញ​ពី​ការប្រកួត​បើកឆាក​ទាំង3លើក​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Ligue 1 កាលពី​ថ្ងៃអាទិត្យ។

ការទទួល​ជ័យជម្នះ​ដ៏​កក់ក្តៅ​នេះ​បានធ្វើ​ឲ្យ​ក្រុម PSG របស់លោក Unai Emery ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Ligue 1 បើទោះបី​ពួកគេ​បាន​ដេញតាម​ពីក្រោយ​នៅ​កីឡដ្ឋាន Parc des Princes តាមរយៈ​គ្រាប់​បាល់​បើកឆាក​របស់​កីឡាករ Max Gradel នៅ​នាទី​ទី18ក៏ដោយ។ Neymar បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​សម្រាប់​ក្រុម PSG មុនពេល​កីឡាករ Adrien Rabiot រក​គ្រាប់​បាល់​នាំមុខ​សម្រាប់​ក្រុម​ខ្លួន​នៅមុន​ពេល​បញ្ចប់​តង់​ទី1។

បន្ទាប់មក ខ្សែប្រយុទ្ធ Edinson Cavani បាន​បន្ថែម​គ្រាប់​បាល់​ទី3 ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី2 មុនពេល​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Thiago Silva បាន​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​វាយបក​បាន1គ្រាប់​វិញ។ ប៉ុន្តែ កីឡាករ Javier Pastore, Layvin Kurzawa និង Neymar ដែលជា​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​បាន​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​ដើម្បី​ផ្តល់​ជ័យជម្នះ​ដ៏​កក់ក្តៅ​សម្រាប់​ក្រុម​ខ្លួន​តែម្តង។

ក្រោយពី​បាន​រក​គ្រាប់​បាល់​នៅ​ថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​ជា​លើក​ទី1របស់គេ​នៅលើ​ទឹកដី​ក្រុម Guingamp រួចមក  ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar បច្ចុប្បន្ន​បាន​ស៊ុត​បាល់​បញ្ចូល​ទី3គ្រាប់​ក្នុងការ​ប្រកួត2លើក​សម្រាប់​ក្រុម PSG ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Barcelona ក្នុងតម្លៃ​ខ្លួន 222លាន​អឺរ៉ូ (ស្មើនឹង261លាន​ដុល្លារ​អាមេរិក)។

ក្រោយពី​បញ្ចប់​ការប្រកួត Neymar វ័យ 25ឆ្នាំ​បាន​និយាយថា៖ «ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ និង​ធូរស្រាល​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា​លេង​នៅក្នុង​ផ្ទះ​អ៊ីចឹង។ ខ្ញុំ​កំពុងតែ​សម្រប​ខ្លួន​ឲ្យ​បាន​រហ័ស​តាម​ដែល​អាច​ធ្វើបាន។ ខ្ញុំ​កាន់​តែមាន​ភាពរឹងមាំ​ផ្នែក​រាងកាយ ហើយ​ខ្ញុំ​នៅតែ​អាចធ្វើ​បានល្អ​ប្រសើរ​ជាង​នេះ»៕

ប្រភពពី៖ The Guardian

Advertisement