ការប្រឡង​បាក់​ឌុប​ព្រឹក​នេះ មានការ​ស្ងប់ស្ងាត់​នៅ​ទីក្រុង តែ​ខេត្ត​មួយចំនួន​មាន​ឧបសគ្គ

ព្រឹក​ថ្ងៃទី21 ខែសីហា ឆ្នាំ2017 នេះ​ជា​ពេល​បើក​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) ដោយ​ក្នុងនោះ​យើង​ឃើញថា គ្រប់​រាជធានី-ខេត្ត​បានរៀបចំ​គ្រប់​សកម្មភាព​ដើម្បី​សម្រួល​ឱ្យ​ការប្រឡង​ដ៏​សំខាន់​នេះ​ទទួលបាន​ជោគជ័យ។

យោងតាម​ទំព័រ Facebook ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញថា ដំណើរការ​នៅ​មណ្ឌល​ប្រឡង​វិញ្ញាសា​ទី1 គឺ​ប្រវត្តិសាស្ត្រ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​ផែនដី និង​បរិស្ថានវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​សភាព​ស្ងប់ស្ងាត់ និង​មាន​សណ្តាប់ធ្នាប់​ល្អ​ទាំង​ក្នុង និង​ក្រៅ​មណ្ឌល តែ​នៅ​ខេត្ត​មួយចំនួន​កំពុងមាន​ឧបសគ្គ​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់។ ទោះបីជា​យ៉ាងណាក៏ដោយ ដំណើរការ​ប្រឡង​អាចធ្វើ​ទៅបាន​ទាន់ពេលវេលា​កំណត់។

សម្រាប់​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅថ្ងៃនេះ គឺមាន​ការបើក​វិញ្ញាសា​សម្រាប់​ដំណើរការ​ប្រឡង ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង គណៈ​អភិបាល​រាជធានី-ខេត្ត គណៈមេប្រយោគ​ទូទាំងប្រទេស  ប្រធាន អនុប្រធាន​មណ្ឌល អ្នកត្រួតពិនិត្យ​តាម​អគារ អ្នកសង្កេតការណ៍ និង​អ្នកពាក់ព័ន្ធ​នានា រួមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

សូមបញ្ជាក់​ផងដែរ​ថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ 2017 នេះ​មាន​មណ្ឌល​ប្រឡង 179មណ្ឌល ស្មើនឹង 4,093បន្ទប់ នៅ​ទូទាំងប្រទេស បេក្ខជន​ចូលរួម​ប្រឡង​មាន​ចំនួន101,410នាក់ ក្នុងនោះ​មាន​សិស្សស្រី​ចំនួន 50,049នាក់៕

Advertisement