សំណាង រង​ពិន័យ​កាត​ក្រហម ខណៈ​កម្ពុជា​ធ្លាក់​ចេញពី​ស៊ី​ហ្គេម​ក្រោម​ស្នាដៃ​ថៃ

ក្រុម​យុ​ជន​អាយុ​ក្រោម22ឆ្នាំ​របស់​កម្ពុជា បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី29 ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃអាទិត្យ ក្រោយពី​បាន​រង​បរាជ័យ​ជា​លើក​ទី3ក្នុងការ​ប្រកួត3លើកដំបូង​ក្នុង​ពូ​ល B ពេល​ប្រកួត​ជាមួយនឹង​ជើង​ខ្លាំង​ថៃ។

ក្រុម​កម្ពុជា U22 បាន​ឈានទៅ​កាន់ការ​ប្រកួត​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​ត្រូវការ​ឈ្នះ​ជាដាច់ខាត ដើម្បី​រក្សា​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​យក​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-០ ពេល​ជួប​ក្រុមយុវជន​ហ្វីលីពីន​កាលពី​ថ្ងៃ​បើកឆាក និង​ចាញ់​ក្រុម​ជម្រើសជាតិ​វៀតណាម U22 ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​សុក្រ។ ទោះបីជា​យ៉ាងណា កម្ពុជា U22 បាន​ជួប​ការខកចិត្ត ខណៈដែល​ពួកគេ​បាន​រង​បរាជ័យ​យ៉ាងដំណំ​ក្នុង​លទ្ធផល 3-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ថៃ បើទោះបី​ទាំង​កម្ពុជា និង​ថៃ​បាន​រង​ពិន័យ​កាត​ក្រហម​លើ​កីឡាករ​ម្នាក់​មួយ​ដូចគ្នា​ក៏ដោយ។ ក្នុងពេល​ថៃ​កំពុងតែ​នាំមុខ 1-០ នៅ​ជិត​បញ្ចប់​ការប្រកួត​តង់​ទី1 កំហឹងផ្សេងៗបាន​ផ្ទុះឡើង​ក្រោយពី​កីឡាករ​ថៃ Chaiyawat Buran បាន​ប្រព្រឹត្ត​កំហុស​លើ​កីឡាករ​កម្ពុជា ហើយ​ការចូល​ទៅធ្វើ​អន្តរាគមន៍​ទាំង​ខឹងសម្បា​របស់​កីឡាករ សុខ សំណាង របស់​ក្រុម​កម្ពុជា​បានធ្វើ​ឲ្យ​រូបគេ​រង​ពិន័យ​កាត​ក្រហម បន្ទាប់ពី​អាជ្ញាកណ្តាល​បាន​ពិន័យ​កាត​ក្រហម​ដូចគ្នានេះ​ទៅលើ Chaiyawat ដែរ។

បើទោះបី​លេង​ជាមួយនឹង​សមាជិក​តែ10នាក់​ដូចគ្នា​ក្តី  ក៏​ក្រុម​ជម្រើសជាតិ​ថៃ​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី2គ្រាប់​បន្ថែមទៀត ដើម្បី​បំពេញ​ថ្ងៃ​ដ៏​ខកចិត្ត​របស់​កម្ពុជា​បានដែរ។ ប៉ុន្តែ ក្រុម​ជម្រើសជាតិ​ថៃ U22 នៅតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ដោយមាន7ពិន្ទុ ខណៈដែល​វៀតណាម និង​ឥណ្ឌូនេស៊ី កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ1 និង​លេខ2 ដោយមាន9ពិន្ទុ និង7ពិន្ទុរៀងៗខ្លួន ស្រប​ពេលដែល​មានតែ2ក្រុម​ប៉ុណ្ណោះ​ក្នុង​ពូ​ល B នេះ ដែលមាន​សិទ្ធិ​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ធ្វើការ​ប្រកួត​បង្គ្រប់កិច្ច​របស់ខ្លួន​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ទី​ម័​រ និង​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​ថៃ នឹងត្រូវ​ជួប​ក្រុម​ហ្វីលីពីន និង​វៀតណាម នៅ​ថ្ងៃ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល៕

Advertisement