Conte សរសើរ​ពី​ស្មារតី​របស់ Chelsea ខណៈ Huddersfield ឈ្នះ​ម្តងទៀត

ក្រុម Chelsea ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក​ក្របខ័ណ្ឌ Premier League បានទទួល​នូវ​ការជឿជាក់​ដែល​ពួកគេ​ត្រូវការ​ជា​ចាំបាច់​កាលពី​ថ្ងៃអាទិត្យ ខណៈដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី2គ្រាប់​ពី​សំណាក់​ខ្សែការពារ Marcos Alonso បាន​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ​មួយ​នេះ កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 លើ​ក្រុម​ម្ចាស់​ជើងឯក​រង​កាលពី​រដូវ​កាល​មុន Tottenham Hotspur ក្នុងការ​ប្រកួត​ជា​លើក​ទី50របស់លោក Antonio Conte ក្នុងនាម​ជា​គ្រូបង្វឹក។

ខ្សែការពារ​អន្តរជាតិ​អេ​ស្ប៉ា​ញ​វ័យ26ឆ្នាំ​រូបនេះ​បា​នរក​គ្រាប់​បាល់​ឈ្នះ​ខណៈដែល​នៅសល់​រយៈពេល​តិចជាង3នាទី​នៅពេល​ក្រុម Chelsea បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ក្រោយពី​ពួកគេ​ត្រូវបាន​តាម​ស្មើ​វិញ នៅពេលដែល​ខ្សែប្រយុទ្ធ​បម្រុង Michy Batshuayi បានតែ​តបាល់​ចូលក្នុង​ទី​របស់​ខ្លួនឯង​នៅ​រយៈពេល8នាទីចុងក្រោយ។ លោក Conte បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «នេះ​គឺជា​ការឆ្លើយតប​ដ៏​ល្អឥតខ្ចោះ​របស់​ក្រុម​ម្ចាស់​ជើងឯក។ ប៉ុន្តែ ទោះបីជា​យ៉ាងណា យើង​ត្រូវតែ​បន្តធ្វើ​ការងារ​ជានិច្ច»។ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​វ័យ48ឆ្នាំ​រូបនេះ​ដែលមាន​បញ្ហា​ដោយសារតែ​ជម្លោះ​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ Diego Costa នោះ បាន​និយាយថា រូបលោក​មិនអាច​ស្នើសុំ​ការខិតខំ​ប្រឹងប្រែង​ឲ្យ​ខ្លាំង​ជាង​នេះ​ពី​សំណាក់​កីឡាករ​ឡើយ។ លទ្ធផល​នេះ​មានន័យថា ក្រុម Chelsea បាន​បំពេញ​នូវ​ការស្តារ​មុខមាត់​មួយ ក្រោយពី​ចាញ់​ក្រុម Burnley ក្នុង​លទ្ធផល 3-2 លើ​ទឹកដី​ខ្លួនឯង កាលពី​ថ្ងៃ​ប្រកួត​បើកឆាក។

ក្នុងការ​ប្រកួត​នា​ថ្ងៃ​ដដែល​នេះ​ផងដែរ Huddersfield ដែលជា​ក្រុម​ចំណូល​ថ្មី​ទី3នោះបាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី2ពី​ការប្រកួត​បើកឆាក​ទាំង2លើក​របស់ខ្លួន ក្រោយពី​បាន​ផ្តួល​ក្រុម Newcastle 1-០ ខណៈដែល​កីឡាករ Aaron Mooy គឺជា​អ្នក​រកបាន​គ្រាប់​បាល់​តែមួយ​គ្រាប់​នោះ៕

ប្រភពពី៖ Sport24

Advertisement