ដំណឹង​ល្អ! កម្មករ-កម្មការិនី​អាច​ជិះ​រថយន្តក្រុង​គ្រប់​ខ្សែ​ដោយ​ឥតគិតថ្លៃ

ជា​ដំណឹង​មួយ​ដ៏​គួរឱ្យ​រំភើប សម្រាប់​បងប្អូន​កម្មក​រ-កម្មការិនី​ទាំងអស់គ្នា​ដែល​ចាប់ពីពេលនេះ​តទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដីប្រកាស​ឱ្យដឹងថា នឹងមិន​យក​ថ្លៃ​លើ​សេវា​រថយន្តក្រុង​គ្រប់​ខ្សែ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី20 ខែសីហា ឆ្នាំ2017 តទៅ។

សេចក្ដីជូនដំណឹង​នេះ​បានប្រកាស​ឱ្យដឹងថា កម្មករ-កម្មការិនី​ទាំងអស់​អាច​ជិះ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​រយៈពេល2 ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចេញ​សេចក្តីប្រកាស​នេះ​រហូតដល់​ថ្ងៃទី20 ខែសីហា ឆ្នាំ2019។

សេចក្ដីជូនដំណឹង​នេះ​បានធ្វើ​ឡើងភ្លាមៗបន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ចេញ​នូវ​អនុសាសន៍​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​ចំនួន4,270 នាក់​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃទី20 ខែសីហា ឆ្នាំ2017 ម្សិលមិញ​នេះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​បន្ថែមទៀត​លើ​គណនី Facebook ផ្លូវការ​ទៀតថា នេះ​ជា​កាដូ​ថ្មី​មួយ​បន្ថែមទៀត​ពីស​ម្តេច​តេ​ជោ បន្ទាប់ពី​ការគិតគូរ​ពី​អត្ថប្រយោជន៍ផ្សេងៗជូន​កម្មករ កម្មការិនី​រួមមាន​ការដំឡើង​ប្រាក់ខែ​អប្បបរមា​ជា​រៀងរាល់ឆ្នាំ ការបញ្ចុះ​តម្លៃ​ទឹក​ភ្លើង និង​ត​បណ្តាញ​ដល់ផ្ទះ​ជួល/បន្ទប់​ជួល។ល។ ទន្ទឹមនឹងនេះ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ក៏បាន​កែសម្រួល និង​បន្ថែម​ខ្សែ​រត់ ដើម្បី​ផ្តល់​សេវា​កាន់តែច្រើន​គោលដៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ៕

Advertisement