ក្រសួង​បញ្ចេញ​ថវិកា 30លាន​ដុល្លារ ត្រៀម​ទប់ស្កាត់​កុំឱ្យ​ឈ្មួញ​ទម្លាក់​តម្លៃ​ទិញស្រូវ

ភ្នំពេញ៖ ដើម្បី​ទប់ស្កាត់​ការទម្លាក់​តម្លៃ​ទិញស្រូវ​ពី​សំណាក់​ឈ្មួញ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជា30លាន​ដុល្លារ​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​កសិករ​នៅក្នុង​រដូវ​កាល​ប្រមូល​ផល​ដែល​នឹង​ជិត​ចូលមក​ដល់​នាពេល​ខាងមុខនេះ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​នៅក្នុង​កា​ប្រមូល​ទិញស្រូវ​បានបញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​រក្សា​ស្ថិរភាព​ថ្លៃ​ស្រូវ​នេះ ក្រសួង​នឹង​បង្កើន​ការវិនិយោគ​ដល់30លាន​ដុល្លារ​លើ​មជ្ឈមណ្ឌល​ប្រមូល​ទិញស្រូវ​ពី​កសិករ និង​បង្កើន​ឥណទាន 50លាន​ដុល្លារ​សម្រាប់​ប្រមូល​ទិញស្រូវ​ក្នុង​អត្រា​ការប្រាក់5%។ យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ការប្រមូល​ទិញស្រូវ​នេះ​ត្រូវបាន​សម្រេច​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមការងារ នៃ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ចំណែកឯ​ល្បឿន​នៃ​ការបង្កបង្កើន​ផលដំណាំ​រដូវវស្សា​ឆ្នាំ2017 របស់​ក្រសួងកសិកម្ម​ឱ្យដឹងថា​ការងារ​ប្រមូល​ផល​ស្រូវស្រាល នៅ​ដើមរដូវ​រហូតមកទល់​ខែកក្កដា ឆ្នាំ2017 នេះ​សម្រេចបាន​ប្រមាណ​ជា79,749ហិកតា​លើ​ផ្ទៃដី​សរុប​ទូទាំងប្រទេស​ចំនួន583,486ហិកតា​ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន324,207តោន កើន​លើស​ឆ្នាំមុន​ប្រមាណ​ជា190,964តោន ដោយ​ក្នុងនោះ​ទិន្នផល​គិត​ជា​មធ្យម​ប្រមាណ​ជា4.065តោន​ក្នុង​មួយ​ហិកតា។ ទិន្នផល​នេះ​ទទួលបាន​ទាប​ជាង​ឆ្នាំមុន​ដោយ​កាលពី​ឆ្នាំ2016ទិន្នផល​គិត​ជា​មធ្យម​ទទួលបាន​ប្រមាណ​ជា 4.066 តោន​ក្នុង​មួយ​ហិកតា។

គួរ​បញ្ជាក់ថា គោលនយោបាយ​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុង​ឆ្នាំ2010កន្លងទៅ​បានកំណត់​នូវ​គោលដៅសំខាន់ៗចំនួន3គឺ៖

1.បង្កើន​ផលិតផល​ស្រូវ​លើសពី​សេចក្តីត្រូវការ​ឱ្យដល់ 4 លាន​តោន។
2.ជំរុញ​ការនាំចេញ​អង្ករ​ឱ្យបាន​យ៉ាងតិច1លាន​តោន។
3.ធ្វើឱ្យ​អង្ករ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ឆ្នាំ2015៕

Advertisement