សិស្ស​និទ្ទេស A លឹម រស្មី បង្ហាញ​វិធីសាស្ត្រ​ជោគជ័យ​សម្រាប់​ថ្ងៃ​ប្រឡង​បាក់​ឌុប​នេះ

ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​ការប្រឡង​បាក់​ឌុប ជា​ថ្ងៃ​ប្រឡង​យា់ង​សំខាន់​មួយ​ដែល​សិស្ស​ជាច្រើន​កំពុង​យកចិត្តទុកដាក់ ហើយ​អាណាព្យាបាល​ក៏​សុទ្ធតែ​ចង់ដឹង​ផងដែរ​ពី​គន្លឹះសំខាន់ៗដើម្បី​ប្រឡង​ឱ្យបាន​ជោគជ័យ​ដើម្បី​យក​ដំណឹង​ល្អ​នេះ​ទៅប្រាប់កូនៗរបស់គាត់​ដែល​នឹង​ចូល​ប្រឡង​វិញ​ក្នុងពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ។

ដើម្បី​បង្ហាញ​ពី​គន្លឹះ​នៃ​ការប្រឡង​បាក់​ឌុប​ឱ្យ​ទទួលបាន​ជោគជ័យ និង​បាន​ពិន្ទុ​ខ្ពស់ យុវជន លឹម រស្មី ដែលជា​អតីត​សិស្ស​ប្រឡង​ជាប់​និទ្ទេស A នៅ​ឆ្នាំ 2015 ជា​ឆ្នាំ​ទី2 នៃ​កំណែទម្រង់​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ បាន​ចែករំលែក​បទពិសោធរ​បស់​ខ្លួន​ជាច្រើន​ដល់​សិស្ស​ដែល​ប្រឡង​នៅថ្ងៃនេះ និង​ថ្ងៃស្អែក។

យុវជន លឹម រស្មី បាន​លើកឡើងថា អ្នកណា​ក៏ដូចជា​អ្នកណា​ដែរ នៅពេល​ប្រឡង​មកដល់​ប្រាកដ​ជាមាន​អារម្មណ៍​ភ័យ ព្រោះ​អាចមកពី​ការគិត​ថា​លំ​ហាត់​ដែល​គ្រូ​ដាក់​មក​នឹងមិន​ចេះ ឬ​ព្រួយបារម្ភ​លើ​រឿងផ្សេងៗទៀត។ កត្តា​ទាំងអស់នេះ អាចធ្វើឱ្យ​ពួកគេ​ភ្លេច​រូបមន្ត ឬ​មេរៀន​ដែល​គេ​ធ្លាប់​ចេះ ដែល​វា​អាចជា​គ្រោះថ្នាក់​ធំ​មួយ​សម្រាប់​ពេល​ប្រឡង។

ជា​គន្លឹះ​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ រស្មី បានផ្តល់​ជា​បទពិសោធ​ថា នៅពេល​ចូលក្នុង​ថ្នាក់​ប្រឡង​គឺ​ត្រូវ​ដកដង្ហើម​ឱ្យវែងៗដើម្បី​ទប់​លំនឹង​អារម្មណ៍​ខ្លួនឯង​កុំឱ្យ​ភ័យ​ខ្លាំងពេក។ បន្ទាប់មក នៅពេលដែល​វិញ្ញាសា​មកដល់​លើ​តុ​ភ្លាម បេក្ខជន​ត្រូវ​មើល​ពីក្រោម​ដល់​លើ​ឱ្យអស់ ហើយ​មើលថា​មាន​រ៉ូ​ម៉ាំង​ប៉ុន្មាន ហើយ​ចំណុច​នៅ​រ៉ូ​ម៉ាំង​ណាខ្លះ​ចេះ និង​ចំណុច​ណាខ្លះ​មិនចេះ។ ក្រោយ​ពេលដែល​មើល​ដឹង​ហើយ យុវជន​ត្រូវ​ចេះ​សន្សំ​ពេលវេលា​ដោយ​ចាប់ផ្តើម​ធ្វើ​លំ​ហាត់​ដែល​ចេះ​ឱ្យអស់​សិន មុននឹង​ឈានទៅដល់​ចំណុច​ដែល​មិនទាន់​ចេះ។

សិស្ស​ពូកែ​និទ្ទេស A ខាងលើ​បានបង្ហាញ​ផងដែរ​ថា ទោះបីជា​ចំណុច​ណាមួយ​យើង​ចេះ​ហើយ​ក៏ដោយ តែ​យើង​មិនអាច​ប្រហែស​បានដែរ សូម​ធ្វើ​លំ​ហាត់​ទាំងអស់នោះមួយៗ កុំ​រំភើប​ខ្លាំងពេក ព្រោះ​វា​អាចធ្វើឱ្យ​យើង​សរសេរ ឬ​គិត​ខុស។ ចំពោះ​អក្សរ និង​លេខវិញ គឺ​ត្រូវ​សរសេរ​ឱ្យបានច្បាស់ៗ ដកឃ្លា​ឱ្យបាន​ល្មម ហើយ​បើ​មាន​រូប​គឺ​ត្រូវ​គូរ​ឱ្យ​ធំ កុំ​ខ្លាច​អស់​ក្រដាស ព្រោះ​បើ​សន្លឹក​កិច្ចការ​របស់​យើង​ស្អាត អ្នក​កែ​គាត់​អាច​នឹងមាន​អារម្មណ៍ល្អ គាត់​នឹងដាក់​ពិន្ទុ​ឱ្យ​ល្អ​តាម​នោះដែរ។

ចំណែកឯ​ការសរសេរ​ចម្លើយ គឺ​ត្រូវ​សរសេរ​តាម​ដំណាក់កាល​របស់​វា​កុំ​កាត់​ជាដាច់ខាត ទោះបីជា​យើង​ចេះ​ហើយ​ក៏ដោយ ព្រោះ​ការសរសេរ​កាន់តែច្រើន គឺ​កាន់តែ​ល្អ។ ម្យ៉ាងវិញទៀត នៅពេលដែល​អង្គុយ​ប្រឡង​កុំ​ខ្វល់​ពី​បរិស្ថាន​ជិតខាង ដូចជា​អ្នក​ប្រឡង​ដូចគ្នា អនុរក្ស ឬ​អ្នកសង្កេតការណ៍​ជាដើម ហើយ​អ្វីដែល​យើង​ត្រូវផ្តោត​នោះ​គឺ ត្រូវ​ផ្ចង់អារម្មណ៍​តែ​លើ​ក្រដាស​ខ្លួនឯងបាន​ហើយ។

យុវជន​ខាងលើ​បាន​បន្ថែមទៀតថា ចំពោះ​វិញ្ញាសា​គណិតវិទ្យា​វិញ សិស្ស​ជាច្រើន​បាន​ត្អូញត្អែរ​លើ​អនុគមន៍​គណិត។ តាមពិតទៅ​លំ​ហាត់​នេះ​ពិបាក​តែមួយ​ចំណុច ឬ​ពីរ​ចំណុច​តែប៉ុណ្ណោះ ក្រៅពីនេះ​គឺ​សុទ្ធតែ​ធម្មតា ហេតុនេះ​ក្រៅពី​ធ្វើ​អ្វីដែល​ចេះ​ខាងលើ​ហើយ យើង​ត្រូវ​បន្តធ្វើ​លំ​ហាត់​ផ្នែកស្រួលៗឱ្យអស់ ព្រោះ​ថាបើ​យើង​ធ្វើ​អស់​ចំណុច​មិនសូវ​ពិបាក​ហើយ ចំណុច​ពិបាក​គឺអាច​សល់​តិចតួច​ប៉ុណ្ណោះ៕

Advertisement