ពិត​អត់! ក្មេង​ខ្មែរ ហេង ពិ​ទូ និង​អេ​ដា ត្រៀមខ្លួន​ចូល​សាន់​ដេ?

ស្របពេល​មាន​តារាចម្រៀង​មួយចំនួន ពិសេស​លោក ខេមរៈ សិរីមន្ដ បាន​ចាក​ចេញពី​ផលិតកម្ម​សាន់​ដេ​ទៅកាន់​ផលិតកម្ម​ថ្មី​នោះ ក៏​ស្រាប់​តែមាន​ព័ត៌មាន​លេចឮ​ឡើង​ថា សាន់​ដេ ក៏​មិន​ព្រមឱ្យ​ខ្លួន​អស់​ធនធានមនុស្ស​សម្រាប់​ធ្វើការ​ងារ​ដែរ ពោលគឺ​ផលិតកម្ម​មួយ​នេះ​កំពុង​ត្រៀម​ទទួល​វត្ដ​មាន​តារាចម្រៀងល្បីៗជាច្រើនរូប​បន្ថែមទៀត ដូចជា ក្រុម​ក្មេង​ខ្មែរ លោក ហេង ពិ​ទូ និង​អេ​ដា ជាដើម។

ដើម្បី​ស្រាយ​នូវ​ចម្ងល់​នេះ លោក ឡាយ សុខ​ចំរើន អ្នកគ្រប់គ្រង​ទូទៅ​នៃ​ផលិតកម្ម​សាន់​ដេ បាន​បញ្ជាក់ថា ការចេញចូល​ទៅមករ​បស់​តារាចម្រៀង​នៅក្នុង​ផលិតកម្មនីមួយៗ វា​ជា​រឿង​ធម្មតា​ទេ ប៉ុន្ដែ​ផលិតកម្ម​នៅតែមាន​ធនធានមនុស្ស​ប្រើ​ជាធម្មតា ពិសេស​គឺ​ផលិតកម្ម​សាន់​ដេ​ក៏បាន​ត្រៀម​បញ្ចូល​ធនធានមនុស្សល្អៗបន្ថែមទៀត ដើម្បី​ដំណើរការ​នៅក្នុង​ទីផ្សារ។

គ្រាន់តែ​ចោទ​ជា​សំណួរ​ថា តើ​ធនធាន​ថ្មី​នោះ​ជា​ក្រុម​ក្មេង​ខ្មែរ លោក ហេង ពិ​ទូ និង​អេ​ដា ដូច​គេ​លើកឡើង​នោះ​តើ​មែន​ទេ? លោក​ឡាយ សុខ​ចំរើន បញ្ជាក់ថា៖ «អូ! បញ្ហា​នេះ​ខ្ញុំ​មិនអាច​ឆ្លើយ​បានទេ ខ្ញុំ​គ្រាន់តែ​ឮ​មកពី​ខាងក្រៅ​វិញ​តែប៉ុណ្ណោះ ប៉ុន្ដែ​ព័ត៌មាន​ច្បាស់ការ​យ៉ាងណា ខ្ញុំ​ក៏​មិនទាន់​អាច​បញ្ជាក់​បានដែរ»។

ទោះយ៉ាងណា​អ្នកគ្រប់គ្រង​រូបនេះ បាន​លើកសរសើរ​នូវ​សមត្ថភាព​តារាចម្រៀង​ខាងលើនេះ ដោយ​លោក​បាន​បញ្ជាក់ថា លោក​មានការ​សប្បាយ​ចិ​ត្ដ ព្រមទាំង​ស្វាគមន៍​ជានិច្ច​ចំពោះ​តារាចម្រៀង​ទាំងនោះ ប្រសិនបើ​រឿង​នោះ​កើតឡើង​ពិតប្រាកដ​មែន ព្រោះ​ក្រុមហ៊ុន​មួយ​ដែលមាន​ធនធានមនុស្សល្អៗបែប​ហ្នឹង វា​ងាយស្រួល​ក្នុង​ធ្វើ​ការងារ​ដើម្បី​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យមាន​ភាព​រីកចម្រើន៕

Advertisement