តើ​អាយុ​គភ៌​ប៉ុន្មាន​ខែ ទើប​កូន​ចាប់ផ្តើម​រើ?

ជា​ប្រក្រតី បន្ទាប់ពី​មានការ​ចាប់បដិសន្ធិ តួ​កំណើត​នឹង​ចាប់ផ្តើម​សាង​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្តាល​ជាមុន និង​ប្រព័ន្ធ​សរសៃឈាម តាម​ដោយ​ប្រព័ន្ធ​សាច់ដុំ​ច្រើន​ឡើងជា​បណ្តើរ។ បើ​ស្ត្រី​តាំង​គភ៌​បាន​ប្រមាណ6សប្តាហ៍ ពេល​ឆ្លុះ​អេកូ​មើល នឹង​ឃើញ​តួ​កំណើត​តូច​មួយ​ទំហំ​ប៉ុន​គ្រាប់​អង្ករ​នៅឡើយ តែបើ​ឆ្លុះ​មើល​នៅ​សប្តាហ៍​ទី8 ដែល​បេះដូង​របស់​ទារក​ដំណើរការ​ហើយ​នោះ អ្នក​ម្តាយ​នឹង​មើលឃើញថា កូន​ចាប់ផ្តើម​ចេះ​រើ​ហើយ។ អ្នក​ម្តាយ​មួយចំនួន​នឹងមាន​អារម្មណ៍​រំភើប​ញាប់​ញ័រ​រហូតដល់​ស្រក់​ទឹកភ្នែក​ក៏មាន ព្រោះ​នៅពេល​មើលឃើញថា កូន​ចេះ​រើ​បាន​ហើយ ម្តាយ​នឹងមាន​អារម្មណ៍​ថា ខ្លួន​លែងមាន​តែម្នាក់ឯង​ទៀតហើយ តែ​នៅ​មានកូន​នៅក្នុង​ផ្ទៃ​ម្នាក់ទៀត។

ក្នុងអំឡុង​តាំង​គភ៌ដំបូងៗ ស្ត្រី​មានគភ៌​មិនទាន់មាន​អារម្មណ៍​ដឹងថា កូន​រើ​នៅឡើយ​ទេ ព្រោះ​ខ្លួន​កូន​នៅ​តូច​ណាស់ លាដៃ​លា​ជើង​ទៅខាង​ណា​ក៏​មិនទាន់​ប៉ះ​នឹង​សាច់​ជញ្ជាំង​ខាងក្នុង​ពោះ​ដែរ តែ​ពេល​បន្ទាប់ពី​តាំង​គភ៌​ចុងខែ​ទី4ឡើងទៅ​ហើយ ស្ត្រី​មានគភ៌​ខ្លះ​អាច​នឹងមាន​អារម្មណ៍​ដឹងថា ដូច​មាន​អី្វ​ម្យ៉ាង​រុញ​នៅក្នុង​ពោះតិច។ ស្ត្រី​មានគភ៌​នឹងមាន​អារម្មណ៍​ថា កូន​រើយឺតៗ ឬ​លឿន​ខ្លាំងខុសៗពីគ្នា។ ស្ត្រី​មានគភ៌​លើកដំបូង​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ដឹងថា កូន​ក្នុង​ផ្ទៃ​រើ ក៏​នៅពេលដែល​គភ៌​មាន​អាយុប្រមាណ18-20សប្តាហ៍​ចំណែក​ស្ត្រី​ដែល​ធ្លាប់​តាំង​គភ៌​ហើយ អាច​នឹងមាន​អារម្មណ៍​ដឹងថា កូន​រើ ប្រមាណ​ជា​ក្នុង​សប្តាហ៍​ទី16-18ឡើងទៅ។

រូបរាងកាយ​របស់​ស្ត្រី​មានគភ៌​ក៏មាន​ចំណែក​ក្នុងការ​រើ​ដោល​របស់​កូន​ដែរ អនាគត​អ្នក​ម្តាយ​ដែលមាន​រូបរាងកាយ​ស្គម​ស្តើង​ក្បាលពោះ​មិនធំ មិន​ក្រាស់ ស្បូន​នឹង​ឆាប់​អណ្តែត​មក​ប៉ះ​នឹង​ស្បែក​ក្បាលពោះ ទើប​ធ្វើឱ្យ​ឆាប់​មាន​អារម្មណ៍​បានដឹងថា កូន​ចាប់ផ្តើម​រើ​លឿន​ជាង​ស្ត្រី​មានគភ៌​ដែល​ធាត់ ត្រគាក​ធំ ក្បាលពោះ​ក្រាស់… រឹតតែ​ស្ត្រី​មានគភ៌​ដែលមាន​មាឌធំ ដងខ្លួន​ក្រាស់​នឹង​រឹតតែ​ធ្វើឱ្យ​ក្រ​មាន​អារម្មណ៍​ដឹងថា កូន​រើ។

គិត​ពេលវេលា​ជា​ភាគរយ​វិញ ក្នុងមួយថ្ងៃៗ កូន​នឹង​រើ​ប្រមាណ​ជា20% ចំណែក80%ទៀត កូន​នឹង​គេង​លក់។ កូន​នឹង​រើ​ខ្លាំង​ក្នុងអំឡុង​ពេលមុន និង​ក្រោយ​ទទួលទាន​អាហារ​រៀងរាល់​ពេល ហើយនឹង​រើ​ខ្លាំង​ក្នុងអំឡុង​ពេលយប់ តាំងពី​ម៉ោង9រហូតដល់​ប្រមាណ​ជា​ម៉ោង1រំលង​អា​ធ្រា​ត្រ។ជួនកាល​កូន​ក៏​រើ​ខ្លាំង​នៅពេល​ថ្ងៃ​ដែរ គឺ​រើ​មិនសូវ​ជា​ទៀងពេល​ប៉ុន្មាន​ឡើយ ព្រោះ​កូន​មិនទាន់​ស្គាល់​ពេលយប់ ឬ​ពេល​ថ្ងៃ​នៅឡើយ។ ភ្ញាក់​ពេលណា ក៏​រើ​ភ្លាម​តែម្តង ហើយនឹង​រើ​ខ្លាំង​នៅពេលដែល​ម្តាយ​ឃ្លាន ព្រោះ​សំឡេង​កូរពោះ​របស់​ម្តាយ​អាច​ទៅ​រំខាន​ការ​គេង​របស់​កូន ដោយសារតែ​ពោះវៀន​របស់​ម្តាយ​ស្ថិតនៅ​ផ្នែក​ខាងលើ​ស្បូន​ដែលជា​កន្លែង​កូន​នៅ។

ការ​រើ​របស់​កូន​នៅក្នុង​ផ្ទៃ ជា​សញ្ញា​មួយ​ដែល​ល្អ​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មានគភ៌ ព្រោះ​នៅពេល​កូន​រើ វា​គឺជា​ការបញ្ជាក់​ពី​សញ្ញា​ជីវិត​របស់​កូន​ហ្នឹងឯង ដូច្នេះ​ស្ត្រី​មានគភ៌​គួរ​រាប់ការ​រើ​របស់​កូន​ក្នុងមួយថ្ងៃៗផង​ទើប​ជាការ​ល្អ៕

Advertisement