ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​មួយទៀត​ចូលមក​វិនិយោគ​នៅ​កម្ពុជា

ភ្នំពេញៈ ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​ថ្មី​មួយទៀត​បានសម្រេច​ចិត្ត​ឈាន​ជើង​ចូលមក​វិនិយោគ​នៅ​កម្ពុជា​តាមរយៈ​ការវិនិយោគ​លើ​គម្រោង ARATA។

លោក TAKASHI Eguchi អគ្គនាយក​ក្រុមហ៊ុន CREED ASIA (Cambodia) Co,Ltd បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ការិយាល័យ​របស់លោក​នា​ព្រឹក​ថ្ងៃទី21 សីហា​ម្សិលមិញ​នេះ​ថា ការវិនិយោគ​លើ​គម្រោង ARATA ដែល​បាន​សម្ពោធ​កាលពី​ថ្ងៃទី20 សីហា​កន្លងទៅនេះ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជប៉ុន​ថ្មី​មួយទៀត​គឺ​ក្រុមហ៊ុន Hoosiers បានមក​ចាប់​ដៃគូ​ជាមួយ​យើង។លោក​បន្តថា ដូច្នេះ​គម្រោង​វិនិយោគ​ថ្មី​នេះ​មានការ​សហការ​ពី​ក្រុមហ៊ុន​ចំនួន3 គឺ​ក្រុមហ៊ុន CREED GROUP ក្រុមហ៊ុន TRIPLE GEM និង​ក្រុមហ៊ុន Hoosiers។

លោក​បន្តថា “យើង​មាន​សុទិដ្ឋិនិយម​លើ​ទីផ្សារ​កម្ពុជា ដោយសារ​ចំនួន​ប្រជាជន​កាន់តែ​ច្រើនឡើង​មាន​ប្រាក់ចំណូល​កើនឡើង និង​ប្រជាជន​កម្ពុជា​នៅតែ​ពេញនិយម​រស់នៅ​តាម​លំនៅដ្ឋាន​ក្នុង​បុរី​នានា។ លោក​បន្តថា “កម្ពុជា​ជា​ប្រទេស​មាន​ភាព​បើកចំហ​យ៉ាងខ្លាំង​ដែល​ផ្តល់នូវ​ភាពកក់ក្តៅ​ដល់​អ្នកវិនិយោគ​មក​ប​ណ្តា​ក់​ទុន​នៅទីនេះ។

គម្រោង​បុរី ARATA ស្ថិតនៅលើ​ផ្ទៃដី​ជាង 12ហិកតា និង​មានផ្ទះ​ជាច្រើន​ប្រភេទ​ដែល​បាន​លក់​ក្នុងតម្លៃ​ចាប់ពី​ជាង 87,000ដុល្លារ ដល់​ជាង 200,000ដុល្លារ​អាមេរិក។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភី​អឹ​ល​ស៊ី​ដែលជា​ធនាគារ​ផ្តល់​សេវា​ទូទាត់​សាច់ប្រាក់​ជាមួយ​អ្នកវិនិយោគ​ជប៉ុន​ជាង1,000ក្រុមហ៊ុន​នោះបាន​ថ្លែងថា អ្នកវិនិយោគ​ជប៉ុន​មុនពេល​ពួកគេ​សម្រេចចិត្ត​វិនិយោគ​នៅ​ប្រទេស​ណាមួយ ពួកគេ​បាន​សិក្សា​ច្បាស់លាស់​ណាស់​លើ​កត្តាសំខាន់ៗចំនួន3 គឺ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម​ដែល​មិនមាន​អ្វី​ប្រែប្រួល​ជា​ដុំកំភួន និង​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេចបាន។

លោក​បន្តថា “ក្រៅពី​កត្តា​ទាំង3នេះហើយ បទ​ប្បញ្ញត្តិ និង​ច្បាប់​នានា​ក៏មាន​ភាព​អំណោយផល ពិសេស​ច្បាប់​វិនិយោគ​របស់​កម្ពុជា និង​ច្បាប់​ទាក់ទង​នឹង​ពន្ធ​ដែល​បានផ្តល់​ភាពអនុគ្រោះ និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​យ៉ាងខ្លាំង មិនថាតែ​អ្នកវិនិយោគ​ជាតិ ឬ​អន្តរជាតិ​ឡើយ គឺ​រដ្ឋាភិបាល​ប​បាន​អនុវត្តស្មើៗគ្នា​ដោយ​គ្មាន​ការរើសអើង​ឡើយ៕

Advertisement