វិធី​ដោះខ្លួន​ឱ្យ​រួច​ពី​ស្ថានការណ៍​អាសន្ន

ដោយ​ការរស់នៅ​បែប​ប្រក្រតី​របស់​មនុស្ស​យើង​ដូច​សព្វថ្ងៃនេះ ប្រហែលជា​មិន​ងាយ​ធ្លាក់​ចូលទៅក្នុង​ស្ថានការណ៍​ដែល​អាសន្ន ឬ​អាក្រក់​ប៉ុន្មាន​ឡើយ តែតើ​លោក​អ្នកនឹង​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា ក្នុង​មួយជីវិត​នេះ​លោកអ្នក​នឹងមិន​ជួប​ហេតុការណ៍​អាសន្ន ឬ​អាក្រក់​ណាមួយ​នោះ?  ដូច្នេះ​បើ​លោកអ្នក​ស្គា​ល់ពី​វិធី​ដោះខ្លួន​ឱ្យ​រួច​ផុតពី​ស្ថាន​ការ​អាសន្ន​ទាំង​នោះបាន  ជីវិត​របស់លោក​អ្នក​នឹង​កាន់​តែមាន​សុវត្ថិភាព​ច្រើនឡើង​មិន​ខាន។ ខាងក្រោម​នេះ​គឺជា​វិធី​ដោះខ្លួន​ឱ្យ​រួច​ពី​ស្ថានការណ៍​គ្រោះថ្នាក់ផ្សេងៗដែល​លោកអ្នក​អាច​នឹង​ជួបប្រទះ​នៅ​ថ្ងៃ​ណាមួយ​ក៏​អាច​ថា​បានដែរ។

1 – វិធី​បង្កាត់ភ្លើង​ពី​ថ្ម​ទូរស័ព្ទដៃ

ក្នុងអំឡុង​ពេលដែល​លោកអ្នក​ត្រូវ​វង្វេងផ្លូវ និង​ស្ថិតនៅ​កន្លែង​ណាមួយ​ដែល​ឆ្ងាយ​ពី​មនុស្សម្នា និង​ទូរស័ព្ទ​របស់លោក​អ្នក​ក៏​អស់​ថ្ម​មិន​អាចធ្វើ​អ្វី​បាន​ទៀត  តែ​វា​ក៏​មិនបាន​គ្មាន​ប្រយោជន៍​ទាល់តែសោះ​នោះដែរ ព្រោះ​ថ្ម​បាត់​តេ​រី​នៅក្នុង​ទូរស័ព្ទដៃ ឬ​ថេប​ប្លេ​តរបស់​លោកអ្នក​គឺជា​ថ្ម​បាត់​តេ​រី “លិ​ធៀ​ម​អៃ​អន់” ដែល​អាច​យកមក​បង្កា​ត់​ភ្លើង​បាន ដោយ​នៅក្នុង​កម្មវិធី Man VS Wild  របស់ ប៊ែ​រ៍ ហ្គ្រី​ល ធ្លាប់បាន​ណែនាំ​ពី​វិធី​បង្កាត់ភ្លើង​ដោយ​ថ្ម​ទូរស័ព្ទ​នេះ​រួចមកហើយ គឺ​ប្រើ​កាំបិត​ចាក់យឺតៗទៅក្នុង​ថ្ម​បាត់​តេ​រី​នោះ សារធាតុ​គីមី​ដែល​នៅ​ខាងក្នុង​នឹង​បញ្ចេញ​ប្រតិកម្ម​កើតចេញ​ជា​អណ្តាតភ្លើង​ឡើង និង​អ្វីដែល​សំខាន់​នោះ​គឺ លោកអ្នក​គួរ​ត្រៀម​ឱ​ស ឬ​វត្ថុ​សម្រាប់​បំពក់ភ្លើង​ទុកជា​ស្រេច​ឱ្យ​ហើយ។

2 – ការ​គេចខ្លួន​ឱ្យ​រួច​ពី​ខ្សែទឹក​ហូរ​កួច​បញ្ច្រាស់ (Rip Current)

ខ្សែទឹក​កួច​បញ្ច្រាស់ ឬ Rip Current ជា​លក្ខណៈ​របស់​ទឹករលក​ដែល​បោក​មកលើ​ច្រាំង ហើយ​ហូរ​កួច​ទៅ​សមុទ្រ​វិញ​តាម​ប្រឡោះ​ផ្ទាំង​ថ្ម ដែល​នេះ​គឺជា​ឃាតករ​លាក់​មុខ​ដែល​សម្លាប់​ជីវិត​មនុស្ស​អស់​ជាច្រើន​មកហើយ ព្រោះ​ពេលដែល​លោកអ្នក​ត្រូវ​ទឹករលក​កួច​ចេញពី​ច្រាំង​ទៅហើយ នឹង​គ្មាន​ផ្លូវ​ហែល​ត្រឡប់​មករក​ច្រាំង​វិញ​បានឡើយ ដូច្នេះ​វិធី​ដោះខ្លួន​ឱ្យ​រួច​ពី​ស្ថានការណ៍​បែបនេះ​គឺ យើង​មិនត្រូវ​ហែល​ត្រឡប់​មករក​ច្រាំង​វិញ​បែបត្រង់ៗតាម​សញ្ជាតិញាណ​របស់​យើង​ឡើយ តែ​ចូរ​យើង​ហែល​ចេញទៅ​ខាងស្ដាំ ឬ​ខាងឆ្វេង​ជាមុនសិន ដើម្បី​គេច​វាង​ពី​ផ្ទាំង​ថ្ម​ដែល​ធ្វើឱ្យ​កើត​ខ្សែទឹក​ហូរ​កួច​បញ្ច្រាស់​នោះ។

3 – រត់គេច​ពីស​ត្វ​ក្រពើ​ដេញ​ត្របាក់


បើ​ចៃដន្យ​លោកអ្នក​ទៅ​វាក់អ៊ើ​នឹង​សត្វ​ក្រពើ​បែប​តទល់​មុខ​គ្នា​នោះ ការរត់​គេច​ពី​វា​ទៅមុខត្រង់ៗ គឺជា​កំហុសឆ្គង​មួយ ព្រោះ​វា​អាច​រត់លឿន​ជាង​លោកអ្នក ដូច្នេះ ការរត់​ទៅ​ឆ្វេង​ផង​ទៅ​ស្តាំ​ផង ឬ​រត់​បែប​បត់បែន​ឆ្វេង​ស្តាំ​នឹងធ្វើ​សត្វ​ក្រពើ​ដែលមាន​ជើងខ្លីៗនោះ​នឹងមាន​បញ្ហា​ពេល​បត់ និង​រត់តាម​លោកអ្នក​មិនទាន់ និង​ដែល​សំខាន់ គឺ​ពេល​លោកអ្នក​រត់​រួច​ផុតពី​ខ្សែ​ភ្នែក​របស់​វា​ហើយ នឹងធ្វើ​ឱ្យ​លោកអ្នក​មានឱកាស​រស់​ជីវិត​ច្រើន។

4 – ច្បាប់​របស់​លេខ 3 សម្រាប់​ជីវិត

ច្បាប់​ពាក់ព័ន្ធ​នឹង​លេខ 3 ដែលមាន​សម្ព័ន្ធ​ជាមួយនឹង​ការ​ដោះខ្លួន​ឱ្យ​រួច​ជីវិត​របស់​មនុស្ស​យើង​គឺ ជា​មធ្យម​បើ​មនុស្ស​យើង​គ្មាន​ខ្យល់អាកាស​ដកដង្ហើម 3 នាទី នឹង​អាច​សន្លប់​បាត់ស្មារតី  បើ​គ្មាន​ទឹក​បរិភោគ 3 ថ្ងៃ រាងកាយ​នឹង​ចាប់ផ្តើម​ខ្វះ​ជាតិ​ទឹក និង​បើ​គ្មាន​អាហារ​បរិភោគ 3 សប្តាហ៍ នឹង​ហុច​ផល​អាក្រក់​ដល់​រាងកាយ និង​ពិតប្រាកដ​ណាស់ បើសិនជា​យូរ​ជាង​រយៈ​ពេលនេះ វា​នឹង​ហុច​ផល​ឱ្យ​មនុស្ស​យើង​ស្លាប់បាត់​បង់ជីវិត​ជាមិនខាន។

5 – បើ​មាន​វត្ថុ​អ្វីមួយ​មុត​ជាប់​នៅ​នឹង​របួស

មនុស្ស​ជាច្រើន​ជឿថា ការដែល​ត្រូវ​វត្ថុ​មុត​ស្រួច ឬ​កម្ទេច​កែវ​មុត​ជាប់​នៅក្នុង​មុខរបួស  រឿង​ដែល​យើង​គួរ​ធ្វើ​មុនគេ​បំផុត​គឺ ការយក​វត្ថុ​នោះ ឬ​កម្ទេច​កែវ​ទាំងនោះ​ចេញពី​មុខរបួស  តែ​នៅក្នុង​ស្ថានភាព​ពិត​វិញ លោកអ្នក​មិនគួរ​ដក ឬ​យក​កម្ទេច​កែវ ឬ​វត្ថុ​អ្វីដែល​មុត​ជាប់​នៅលើ​មុខរបួស​នោះ​ចេញ​ដោយ​ខ្លួនឯង​ឡើយ ព្រោះ​នៅពេលណា​ដែល​លោកអ្នក​ដក ឬ​យក​វា​ចេញ ឈាម​នឹង​ចាប់ផ្តើម​ហូរ​ចេញមក​ឥត​ឈប់​ឡើយ ហើយ​លោកអ្នក​ក៏​មិនអាច​បញ្ឈប់​ឈាម​ដែល​ហូរ​ចេញមក​ច្រើន​នោះ​ដោយ​ខ្លួនឯង​បានដែរ។ រឿង​ដែល​ត្រូវធ្វើ​គឺ នៅ​ឱ្យ​ស្ងៀម ដើម្បី​រង់ចាំ​គេ​នាំទៅ​មន្ទីរពេទ្យ​គឺជា​ការប្រសើរ​បំផុត៕

ស្រាវជ្រាវ​ដោយ តា​វ៉ែនតា

Advertisement