គោលនយោបាយលើកទឹកចិត្តក្រុមហ៊ុនសាងសង់ផ្ទះតម្លៃទាបជិតបញ្ចប់ហើយ

ភ្នំពេញៈ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ក្នុងការ​លើកទឹកចិត្ត​ក្រុមហ៊ុន​ឯកជន​នានា​ដែល​ធ្វើការ​អភិវឌ្ឍ​លំនៅដ្ឋាន​សាធារណៈ​មានតម្លៃ​សមរម្យ​នោះ​ជិត​បញ្ចប់​ហើយ និង​រង់ចាំតែ​ការអនុម័ត​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ប៉ុណ្ណោះ។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា គោលនយោបាយ​នេះ​បានបញ្ចប់​កិច្ចពិភាក្សា​ក្រុមការងារ​បច្ចេកទេស​ហើយ និង​កំពុង​រង់ចាំ​ដាក់​ឆ្លង​កិច្ចប្រជុំពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ និង​សម្រេច។ លោក​បន្តថា តាមរយៈ​គោលនយោបាយ​នេះ​រដ្ឋាភិបាល​នឹង​ជួយ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ប្រព័ន្ធ​ផ្លូវ ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង និង​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​មួយចំនួនទៀត​ដើម្បី​លើកទឹកចិត្ត​ក្រុមហ៊ុន​ឯកជន ដែល​បាន​ចូលរួម​អភិវឌ្ឍ​លំនៅដ្ឋាន​សាធារណៈ​មានតម្លៃ​សមរម្យ​សម្រាប់​លក់​ជូន​ប្រជាពលរដ្ឋ។

លោក​បន្តថា “រហូតមកទល់​ពេលនេះ​មាន​ក្រុមហ៊ុន​ចំនួន2ហើយ​ដែល​បាននិងកំពុង​រៀបចំ​វិនិយោគ​សាងសង់​លំនៅដ្ឋាន​មានតម្លៃ​សមរម្យ​គឺ​ក្រុមហ៊ុន​World Bridge Land Group និង​ក្រុមហ៊ុន BM ដែលជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា ប៊ុន ជេស្ឋ ស្ថិតនៅ​តំបន់​ព្រែកតាទែន ជាយក្រុង​ភ្នំពេញ។

ឆ្លើយតប​នឹង​សញ្ញា​វិជ្ជមាន​នេះ កាលពី​ថ្ងៃ​ម្សិលមិញ​ក្រុមហ៊ុន World Bridge Land Group ដែល​បាន​ចាប់​ដៃគូ​ជាមួយ​អ្នកវិនិយោគ​មកពី​ប្រទេស​សិង្ហ​បុរី​ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋាន​ដំបូង​គេ​នៅ​កម្ពុជា​ស្ថិតនៅ​ភាគខាងត្បូង​ក្រុង​តាខ្មៅ​បានប្រកាស​ឲ្យ​អតិថិជន​ដែល​បាន​ចុះឈ្មោះ​ទិញ​គម្រោង​លំនៅដ្ឋាន​របស់​ក្រុមហ៊ុន​នេះ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​មុនពេល​ពួកគេ​អាច​ទិញ​លំនៅដ្ឋាន​សាធារណៈ​ដែលមាន​តម្លៃ​ទាប​នោះបាន។

លំនៅដ្ឋាន​សាធារណៈ​របស់​ក្រុមហ៊ុន World Bridge Land Group ផ្តោតលើ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ទូទៅ​ដែលមាន​ប្រាក់ចំណូល​ទាប​ជាង500ដុល្លារ​ក្នុង​មួយខែ៕

Advertisement