ក្រុមហ៊ុន​ជប៉ុន នឹងធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ថ្មី​កម្ពុជា ចូលចិត្ត​រស់នៅក្នុង​ខុន​ដូ

ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន បានសម្រេច​បោះទុន​ប្រមាណ 60លាន​ដុល្លារ​អាមេរិក​ដើម្បី​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​ចំនួន3 នៅ​ទីក្រុង​ភ្នំពេញ​បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ បាន​មើលឃើញ​ពី​ឱកាស​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា។

លោក TAKASHI Eguchi អគ្គនាយក​ក្រុមហ៊ុន​ជប៉ុន CREED ASIA (Cambodia) Co, Ltd ដែលជា​បុត្រ​សម្ព័ន្ធ​របស់ CREED GROUP បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា ក្រុមហ៊ុន​របស់លោក​បាន​សហការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន TRIPLE GEM នៅ​ឆ្នាំ2012 និង​បានចាប់ផ្តើម​វិនិយោគ​ខុន​ដូ Bodaiju Residences នៅ​ឆ្នាំ2013 ដែល​រហូត​មកទល់ពេលនេះ បាន​វិនិយោគ​លើ​គម្រោង​ខុន​ដូ និង​បុរី​មហា​សែន​សុខ និង​បន្ទាប់ពី​បុរី​នេះ ទទួលបាន​ជោគជ័យ ក្រុមហ៊ុន​ទាំងពីរ​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Hoosiers ដើម្បី​ចាប់ផ្តើម​គម្រោង​លំនៅដ្ឋាន​ថ្មី​មួយ​ឈ្មោះ ARATA ដែល​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី 12ហិកតា។

លោក​បន្តថា “គម្រោង​ទាំង3នេះ ក្រុមហ៊ុន​បាន​បោះទុន​វិនិយោគ​ប្រមាណ60លាន​ដុល្លារ​អាមេរិក ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ពេញនិយម​រស់នៅក្នុង​លំនៅដ្ឋាន​ដែល​នៅជាប់​នឹង​ដី។ “តែ​រយៈពេល10ឆ្នាំ​ខាងមុខ ខ្ញុំ​គិតថា​ប្រជាជន​កម្ពុជា​នឹង​ផ្លាស់ប្តូរ​ការគិត ហើយ​ពួកគេ​ចាប់ផ្តើម​រស់នៅ​ខុន​ដូ ដោយសារ​តម្លៃ​ដីធ្លី​នៅ​កណ្តាល​ក្រុង​ឡើងថ្លៃ​ខ្ពស់។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក អគ្គនាយក​ក្រុមហ៊ុន។

លោក​បាន​លើកយក​បទពិសោធ​ពី​ប្រទេស​ក្នុង​តំបន់​ថា ប្រជាជន​នៅ​ទីក្រុង​បាងកក​ក៏​ដូចគ្នា ពួកគេ​ចង់បាន​លំនៅដ្ឋាន​ជាប់​នឹង​ដី ប៉ុន្តែ​ដោយសារ​ទីក្រុង​រីកចម្រើន តម្លៃ​ដីធ្លី​មានការ​កើនឡើង​ខ្ពស់ ពួកគេ​បានចាប់ផ្តើម​រស់នៅ​តាម​ខុន​ដូ​វិញ។ នៅក្នុង​ទីក្រុង​ហូ​ជី​មី​ញ​ក៏​ដូចគ្នា ប្រជាជន​ប្រាថ្នា​រស់នៅ​ផ្ទះ​ជាប់​នឹង​ដី​ដូចគ្នា​ប៉ុន្តែ​ដោយសារ​ដី​មានតម្លៃ​ថ្លៃ និង​ទីក្រុង​កាន់តែ​ចង្អៀត ពួកគេ​សម្រេចចិត្ត​រស់នៅ​តាម​ខុន​ដូ។ នាពេល​អនាគត​ប្រជាជន​វ័យក្មេង​នៅទីនេះ ពួកគេ​នឹង​រស់​នៅតាម​ខុន​ដូ​ដែលមាន​ទីតាំង​នៅក្បែរ ឬ​កណ្តាល​ទីក្រុង។

លោក TAKASHI Eguchi បាន​បន្តថា “ការរីកចម្រើន​សេដ្ឋកិច្ចកម្ពុជា និង​ការកើនឡើង​នូវក្នុង​ស្រទាប់​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម ជា​កាលានុវត្តន៍​ភាព​ស​ម្រា​ប់​យើង​ដែល​ត្រូវ​ផ្តោតលើ​ការវិនិយោគ​លំនៅដ្ឋាន​ដើម្បី​បំពេញតម្រូវការ​ដល់​ពួកគេ។ លោក​បន្តថា “យើង​នឹង​វិនិយោគ​លើ​មូលដ្ឋាន​ប្រជាជន​ដែលមាន​តម្រូវការ​ពិតប្រាកដ​ស​ម្រា​ប់​ទីផ្សារ​ជាក់ស្តែង”៕

Advertisement