អ្នក​ចង់​បើក​អាជីវកម្ម​លក់​កាហ្វេ គួរតែ​អាន​អត្ថបទ​នេះ

ភ្នំពេញ ស្របពេល​អាជីវកម្ម​លក់​កាហ្វេ​ខ្នាតតូច-មធ្យម​កាន់តែ​ផុសផុល​ច្រើនឡើង​នោះ មាន​យុវជន​ជាច្រើន​ចាប់ផ្ដើម​មានគំនិត​ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​ផងដែរ។ ពួកគេ​តែងតែ​សួរ​ខ្លួនឯង​ថា ប្រសិន​អត់​ចេះ​ជំនាញ​នេះ​តើ​គួរ​ចាប់ផ្ដើម​អាជីវកម្ម​បែបណា?។

ថ្ងៃនេះ​ឡា​រ៉ែ​ន Online សូម​នាំយក​នូវ​ពាក្យពេចន៍​របស់​អ្នកតំណាង​ក្រុមហ៊ុន​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​ទាំងនេះ​មក​ជម្រាបជូន​ទុកជា​មធ្យោបាយ​ដើម្បី​ឈានទៅដល់​ការបើក​អាជីវកម្ម។ អ្នកមាន​បទពិសោធ​ក្នុង​អាជីវកម្ម​លក់​កាហ្វេ​ជាច្រើន​នាក់​បាន​ប្រាប់ថា ដើម្បី​ចាប់​អាច​ផ្ដើម​អាជីវកម្ម​លក់​កាហ្វេ​បាន​ត្រូវ​គិត​លើ3ចំណុចធំៗគឺ រក​ប្រភព​កាហ្វេ ការរៀបចំ​ទីតាំង​ឬ​តូប និង​រក​ប្រភព​ផ្គត់ផ្គង់​សម្ភារ​ដូចជា​កំប៉ុង ឬ​កែវ​ជាដើម។

លោក​ភ្លី រ៉​ហ្វី​គីន បុគ្គលិក​ផ្នែក​លក់​នៃ Founan Café បាន​លើកឡើងថា សព្វថ្ងៃ​អ្នកមាន​បំណង​ចង់​បង្កើត​អាជីវកម្ម​លក់​កាហ្វេ​ច្រើនណាស់ ពិសេស​ក្រុមហ៊ុន​លោក​តែងតែ​ទទួលបាន​ម្ចាស់​អាជីវកម្មថ្មីៗជា​យុវវ័យ។ លោក​បន្ដថា ការបើក​ហាង​លក់​កាហ្វេ​ខ្នាតតូច និង​មធ្យម​លែង​លំបាក​ដូច​មុន​ហើយ ពោលគឺ​គ្រាន់តែ​ទាក់ទង​ក្រុមហ៊ុន​យើងខ្ញុំ និង​បញ្ជា​ទិញ​ម៉ាស៊ីន​ឆុង​កាហ្វេ​ខ្នាតតូច មធ្យម ឬ​ធំ ពួកគាត់​នឹង​អាច​ទទួលបាន​ការបង្រៀន​ពី​វិធី​ឆុង​កាហ្វេ និង​ការធ្វើ​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​ពី​អ្នកជំនាញ​ដោយ​ឥតគិតថ្លៃ។

ម៉ាស៊ីន​ដែល​ក្រុមហ៊ុន​លក់ មាន​ខ្នាតតូច​ដែលមាន​តម្លៃ​ក្នុង​រង្វង់1700ដុល្លារ ខ្នាត​មធ្យម​ក្នុង​រង្វង់3500ដុល្លារ រីឯ​ម៉ាស៊ីន​ខ្នាត​ធំ​ចាប់ពី5000-6000ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​ក៏មាន​ផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​ដំណើការ​អាជីវកម្ម​នោះ​ផងដែរ។

លោក គង់ ឈៀង​ឈុន ម្ចាស់​អាជីវកម្ម គង់​កី ជា​ក្រុមហ៊ុន​ទទួល​ច្នៃ​រទេះ​លក់​កាហ្វេ បាន​លើកឡើងថា អាជីវកម្ម​របស់លោក​បានចាប់ផ្ដើម​តាំងពី​ឆ្នាំ1992មកម្ល៉េះ ប៉ុន្ដែ​អ្នក​ប្រកប​អាជីវកម្ម​លក់​កាហ្វេ​មានការ​ផុសផុល​ខ្លាំង​នាពេល​បច្ចុប្បន្ន​តាមរយៈ​ការ​កុម្ម៉ង់​ទិញ​រទេះ​របស់លោក។ លោក​បញ្ជាក់ថា អតិថិជន​មានបំណង់​ចង់​បញ្ជា​ទិញ​រទេះ​លក់​កាហ្វេ ពួកគាត់​អាចមក​ក្រុមហ៊ុន​ដោយផ្ទាល់​មើល​គំរូ​រទេះ ឬក៏​កុម្ម៉ង់​ទៅតាម​តម្រូវការ​របស់ខ្លួន។ ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង300ដល់​ជាង1000ដុល្លារ​អាមេរិក។

ម្ចាស់​អាជីវកម្ម​រូបនេះ​បញ្ជាក់ថា៖ «អតិថិជន​គាត់​អាច​កុម្ម៉ង់​រទេះ​បាន​គ្រប់​ប្រភេទ​ទៅតាម​តម្រូវការ តម្លៃ​វា​អាស្រ័យ​ទៅតាម​ប្រភេទ​រទេះនីមួយ។ ក្នុងករណី​អតិថិជន​ពុំមាន​គំនិត​ក្នុងការ​កុម្ម៉ង់​ក្រុមហ៊ុន​យើង​មាន​គំរូ​សម្រាប់​ជ្រើសរើស»។

តំណាង​ក្រុមហ៊ុន ​TPH Display Equipment Supply ជា​ក្រុមហ៊ុន​ចែកចាយ​កំប៉ុង​កាហ្វេ និង​សម្ភារ​មួយចំនួន​ឱ្យ​ក្រុមហ៊ុន​កាហ្វេ​មាន​Brand ធំ​ចំនួន​ពីរ​នៅក្នុង​ប្រទេស​កម្ពុជា បាន​លើកឡើងថា ពាក់ព័ន្ធ​នឹង​វិស័យ​កាហ្វេ​នេះ​ក្រុមហ៊ុន​លោក​កំពុងតែ​ផ្គត់​ផ្គត់​កំប៉ុង​សម្រាប់​ធ្វើការ​វេច​ខ្ចប់​កាហ្វេ។

មាន​អ្នក​និយម​ញ៉ាំ​កាហ្វេ​ជាច្រើន​បាន​លើកឡើងថា ការ​ញ៉ាំ​កាហ្វេ​ក្រៅពី​ត្រូវការ​កាហ្វេ​រសជាតិ​ឆ្ងាញ់​ហើយ​នោះ សោភ័ណភាព​របស់​កំប៉ុង​ក៏​ជា​ចំណុច​ទាក់ទាញ​មួយ​យ៉ាងសំខាន់​ដែរ។

តំណាង​ក្រុមហ៊ុន​រូបនេះ​បញ្ជាក់ថា នៅ​ក្រុមហ៊ុន​របស់​យើង​មាន​គំរូ​កំប៉ុង​ជាច្រើន​សម្រាប់​អតិថិជន​សុទ្ធតែ​ម៉ូដ​ស្ដង់ដារ​ទាំងអស់ ប៉ុន្ដែ​បើ​អតិថិជន​មានគំនិត​ច្នៃប្រឌិត​អ្វី​ប្លែក​ខុសពី​គំរូ​នានា​នោះ ក្រុមហ៊ុន​លោក​ក៏​អាចមាន​សមត្ថភាព​ផលិត​ជូន​បានដែរ៕

Advertisement