គីមី​ទៀតហើយ! អាហារ​គ្រឿង​សមុទ្រ​នៅ​កំពង់សោម

ភ្នំពេញ៖ ជាទូទៅ​នៅពេល​ធ្វើដំណើរ​ទៅ​លម្ហែកាយ​នៅ​តំបន់​មាត់សមុទ្រ អ្នកទេសចរ​មិន​ថា​ខ្មែរ​ឬ​បរទេស​នោះទេ​តែង​ប៉ងប្រាថ្នា​ញ៉ាំ​គ្រឿង​សមុទ្រស្រស់ថ្មីៗគ្មាន​សារធាតុ​គីមី​ទើប​ស្រង់​ចេញពី​ទឹកសមុទ្រ។ ប៉ុន្តែ​មិនមែន​ដូច្នោះ​ទេ ព្រោះ​កាលពី​ម្សិលមិញ​នេះ​មន្ត្រី​កាំកុងត្រូល​ដែល​ចុះ​ពិនិត្យ​ទំនិញ​ដាក់លក់​នៅ​ទីនោះ​បាន​រកឃើញ​ទៀតហើយ គឺ​បន្លែ 4ប្រភេទ និង​គ្រឿង​សមុទ្រ​ផងដែរ​នោះ​មាន​ផ្ទុក​ទៅដោយ​សារធាតុ​គីមី​ខ្ពស់​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។

ក្នុង​ប្រតិបត្តិការ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​ដែលមាន​រថយន្ត​មន្ទី​ពិសោធ​ចល័ត និង​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី បានធ្វើ​តេស្ត​បឋម​លើ​ផលិតផល​ម្ហូបអាហារ សរុប​ចំនួន77គំរូ ក្នុងនោះ​មាន​គ្រឿង​សមុទ្រស្រស់ៗ (បង្គា មឹក) ចំនួន 36គំរូ និង​បន្លែ ផ្លែឈើ និង​ខ្ញី​ហាន់​រួច ជ្រក់​គ្រប់​ប្រភេទ ត្រីប្រឡាក់ សាច់ជ្រូក​ងៀត ស​សៃ​គុយទាវ បាញ់​កាញ់ ប្រហិត យ៉ាវ​ហេ ប្រហុក សរុប​ចំនួន41គំរូ​ផ្សេងទៀត ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​លើ​ម្ហូបអាហារ​ដែល​ដាក់តាំង​លក់​នៅក្នុង​ផ្សារលើ។

ជា​លទ្ធផល​ការធ្វើ​តេស្ត​បឋម​លើ​ផលិតផល​ម្ហូបអាហារ​ខាងលើ​យើង​បាន​រកឃើញ និង​ដកហូត​ផលិតផល​ដែលមាន​បញ្ហា​ចំនួន4គំរូ​បាន​ចំនួន​សរុប 35.80kgs ដែលមាន​ដូចខាងក្រោមៈ

1.មឹក​ស្រស់​មួយ​គំរូ​មាន​សារ​ធាតុគីមី​ហាមឃាត់ FORMALINE ស្មើនឹង 2.2 kgs។

2.ស្លឹក​គូឆាយ​មួយ​គំរូ​មាន​សំណល់​ថ្នាំ​កសិកម្ម​ស្មើនឹង​3kgs។

3.ត្រសក់​ស្រស់​មួយ​គំរូ​មាន​សំណល់​ថ្នាំ​កសិកម្ម​ស្មើនឹង​23kgs។

4.ស្លឹក​ខ្ទឹម​មួយ​គំរូ​មាន​សំណល់​ថ្នាំ​កសិកម្ម​ស្មើនឹង0.6kgs។

5.ម្ទេស​ប្លោក​មួយ​គំ​រួ​មាន​សំណល់​ថ្នាំ​កសិកម្ម​ស្មើនឹង​7kgs។

គួរបញ្ជាក់​ថា​ពេលថ្មីៗកន្លងទៅនេះ គេហទំព័រ​កាសែត​ឡា​រ៉ែ​ន បាន​ចុះផ្សាយ​ម្តង​ជា​ពីរដង​រួចមកហើយ​អំពី​ករណី​រកឃើញ​ចំណីអាហារ​ផ្ទុក​សារធាតុ​គីមី ហើយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​តែងតែ​អប់រំ​ណែនាំ​កុំឱ្យ​អាជីវ​ករលក់​ចំណីអាហារ ឬ​បន្លែ​ផ្ទុក​សារធាតុ​គីមី​ដូច្នេះ​ទៀត ប៉ុន្តែ​អំពើ​អសកម្ម​ទាំងនេះ​នៅតែ​កើតមានជារឿយៗ ដូច្នេះ​មានតែ​អតិថិជន​ជា​អ្នកទិញ​ទេ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួនឯង​គឺ ពេល​ទិញ​ចំណីអាហារ​គួរ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ជាមុន។ យើង​មិន​បន្តុះបង្អាប់​លើ​ផលិតផល​គ្រឿង​សមុទ្រ​របស់​អ្នកនេសាទ​នៅ​កំពង់សោម​ទេ តែ​សូម​លើកទឹកចិត្ត​កុំឱ្យ​ដាក់​សារធាតុ FORMALINE នេះ​ដើម្បី​កុំឱ្យ​ខូច​ឈ្មោះ​អាហារ​សមុទ្រ​របស់​យើង និង​កុំឱ្យ​ប៉ះពាល់​សុខភាព​របស់​ប្រជាជន​ខ្មែរ​យើង៕

Advertisement