ផ្សារ​រាត្រី​កុងតឺន័រ​មួយទៀត​នឹង​បើក​ដំណើរការ​នៅថ្ងៃនេះ

ភ្នំពេញៈ ផ្សារ​រាត្រី​កុងតឺន័រ​មួយទៀត​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ល្ងាច​ថ្ងៃទី26 សីហា​នេះ​បន្ទាប់ពី​ចំណាយពេល​រៀបចំ​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ។

ផ្សារ​កុងតឺន័រ​ថ្មី​នេះ​មានឈ្មោះ Arts Container Market ដែលមាន​ទីតាំង​នៅក្នុង​តំបន់​អតីត​បឹងកក់ ឬ ​CITY Centerដែលជា​តំបន់​មួយ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស។

អ្នកវិនិយោគ​ផ្សារ​ទំនើប​នេះ លោក ប៊ុន សេង បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការបង្កើត​អាជីវកម្ម​នេះ (Art’s Container Market) គឺ​ដើម្បី​គាំទ្រ​ទាំង​អាជីវកម្ម​ដែល​បង្កើត​ថ្មី​ក្នុងស្រុក និង​ក្រៅ​ស្រុក​ក្នុងការ​បំពេញតម្រូវកា​រ​ដល់​អតិថិជន។ ការបង្កើត​កន្លែង​អាជីវកម្ម​នេះ​មិនមែនជា​លើកដំបូង​ទេ សំណង់​ផ្សារ​កុងតឺន័រ​ជិត80តូប​ដែល​ស្ថិតក្នុង​ផ្ទៃដី​ជិត3ពាន់​ម៉ែត្រការ៉េ​បាន​ខិតខំ​ធ្វើការ​ឌី​ហ្សា​ញ​ជា​លក្ខណៈ​ស្តង់ដារ​ថ្មី​ដោយ​ផ្តោត​សំខាន់​ទៅលើ​ទម្រង់​សិល្បៈ​ដែល​កំពុង​ពេញនិយម​សម្រាប់​ប្រជាជន​កម្ពុជា។

លោក ប៊ុន សេង បាន​សម្តែង​សុ​ទិ្ទ​ដ្ឋិ​និយម និង​រំពឹង​ទទួលបាន​ជោគជ័យ​ពី​ផ្សារ​ទំនើប​នៅ​កម្ពុជា។

ផ្សារ​រាត្រី​កុងតឺន័រ​បាន​រីកដុះដាល​យ៉ាងច្រើន​នៅ​កម្ពុជា​ទាំង​នៅ​រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប បន្ទាប់ពី​ផ្សារ​រាត្រី Jet Container Night Market ដែលមាន​ទីតាំងនៅ​ទល់មុខ​រដ្ឋសភាជាតិ​បាន​បើក​ដំណើរការ និង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​រួចមក៕

Advertisement