តើ​អាមេរិក​ធ្វើ​អ្វីខ្លះ​ដើម្បី​វិបុលភាព​នៅ​កម្ពុជា?

ភ្នំពេញ៖ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ចេញ​សារ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ថា ចាប់តាំងពី​ឆ្នាំ1997មក កម្ពុជា​បាន​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា 36 ពាន់​លាន​ដុល្លារ ស្មើនឹង144ពាន់​ពាន់​លាន​រៀល។

សារ​ដែល​បង្ហោះ​នោះ​មាន​ចំណងជើង​ថា «តើ​សហរដ្ឋអាមេរិក​ធ្វើ​អ្វីខ្លះ​នៅ​កម្ពុជា?» និង«យើង​ធ្វើឱ្យមាន​វិបុលភាព!» ដោយបាន​អត្ថាធិប្បាយ​ថា ទោះ​គិត​ជា​ដុល្លា​ក្តី ជា​រៀល​ក្តី វា​គឺជា​ចំនួន​លុយ​ដ៏​ច្រើន​មួយ! នេះ​គឺជា​តម្លៃ​នៃ​ទំនិញ​ដែល​ប្រទេស​កម្ពុជា​បាន​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​គិត​តាំងពី​ឆ្នាំ1997មក ដោយនៅ​ក្នុងនោះ 90% ជា​សម្លៀកបំពាក់ និង​ស្បែកជើង។

សម្លៀកបំពាក់ និង​ស្បែកជើង​គឺជា​ឧស្សាហកម្ម​សម្រាប់​នាំចេញ​ទីមួយ​របស់​ប្រទេស​កម្ពុជា។ សព្វថ្ងៃនេះ ឧស្សាហ​កម្មនេះ​ប្រើប្រាស់​កម្លាំង​កម្ម​ករក​ម្ពុ​ជា​ដែល​ខំប្រឹងប្រែង​ក្នុង​ការងារ​ចំនួន​ប្រហែល70ម៉ឺន​នាក់។ ប្រទេស​អាមេរិក​បាន​ជួយ​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការកសាង​ឧស្សាហកម្ម​កាត់ដេរ​ក្នុង​គ្រប់​ជំហាន​ទាំងអស់។ កិច្ចព្រមព្រៀង​ឆ្នាំ 1996 របស់​យើង​បានធ្វើឱ្យ​មានការ​ចាប់ផ្តើម​ឡើង​នៃ​ឧស្សាហ​កម្មនេះ។

ស្ថានទូត​អាមេរិក​បញ្ជាក់ថា អស់​រយៈពេល 20 ឆ្នាំ​មកហើយ​ដែល​អាមេរិក​បាន​គាំទ្រ​ជា​ថវិកា​ដល់​កម្មវិធី​រោងចក្រ​ល្អ (Better Factories Program) ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​អ្នកទិញ​នៅ​ប្រទេស​អាមេរិក និង​នៅ​អឺរ៉ុប​មាន​ទំនុកចិត្ត​នៅក្នុង​ការទិញ​ទំនិញ​ទាំងនោះ​ពី​កម្ពុជា។ នៅក្នុងពេលថ្មីៗនេះ​ទៀតសោត យើង​បានធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការបង្កើត​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​ដោះស្រាយ​ជម្លោះ​រវាង​កម្មករ និង​ថៅកែ​ដោយ​សន្តិភាព។

ឧស្សាហកម្ម​កាត់ដេរ​ក​ម្រិ​ត​ពិភពលោក​របស់​ប្រទេស​កម្ពុជា​ផ្តល់ឱ្យ​ប្រទេស​កម្ពុជា​នូវ​មូលដ្ឋាន​រឹងមាំ​មួយ​សម្រាប់​ពង្រីក​ដល់ក​ម្មន្ត​សាល​ដែល​ប្រើ​បច្ចេកទេស​ខ្ពស់៕

Advertisement