អបអរសាទរ! ជប៉ុន​សង់ស្ពាន​បន្ទាន់​ចំនួន7ទៀត​នៅ​កម្ពុជា

ភ្នំពេញ៖ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​កសិផលផ្សេងៗនោះ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្តល់​ជំនួយឥតសំណង​ចំនួន 3,942 លាន​យ៉េន ស្មើនឹង 35 លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​ស្ពាន​បន្ទាន់​ចំនួន 7ទៀត ឆ្លងកាត់​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា នៅ​ថ្ងៃទី3 ខែតុលា ឆ្នាំ2017 វេលា​ម៉ោង 10.00នាទី​ព្រឹក​នេះ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ( HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 35លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្ត​គម្រោង« សាងសង់​ស្ពាន​បន្ទាន់ នៅ​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់»

ក្រោម​គម្រោង​ខាងលើនេះ ស្ពាន​ចំនួន5នឹងត្រូវ​សាងសង់​នៅលើ​ផ្លូវជាតិ​លេខ73 នៅក្នុង​ខេត្តក្រចេះ និង​ស្ពាន​ចំនួន2ទៀត នៅលើ​ផ្លូវជាតិ​លេខ11ក្នុង​ខេត្តព្រៃវែង​នឹងត្រូវ​សាងសង់​សម្រាប់​ជំនួស​ស្ពាន​ដែល​កំពុង​ប្រើប្រាស់​ក្នុងពេល​បច្ចុប្បន្ន​ដើម្បី​ពង្រឹងសមត្ថភាព​ដឹកជញ្ជូន​នៅតាម​បណ្តោយ​ផ្លូវជាតិ​ទាំងពីរ​នេះ។

SONY DSC

គួរ​កត់សម្គាល់ថា ចាប់តាំងពី​ខែមេសា ឆ្នាំ2017មក កម្ពុជា​បានទទួល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ប្រទេស​ជប៉ុន​ប្រមាណ​ជា249លាន​ដុល្លារ​អាមេរិក​ហើយ ក្នុងនោះ​រួមមាន​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជា40លាន​ដុល្លារ​អាមេរិក សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការពារ​ទឺ​ក​ជំនន់ ព្រមទាំង​ការកែលម្អ​ប្រព័ន្ធ​លូបង្ហូរទឹក​នៅ​រាជធានី​ភ្នំពេញ និង​កម្ចីសម្បទាន​ដែលមាន​ទឹកប្រាក់​ប្រមាណ209លាន​ដុល្លារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​ចំណត​ផែ​កុងតឺន័រ​ថ្មី​នៅក្នុង​ខេត្ត​ព្រះសីហនុ៕

Advertisement