ស្ពាន​អាកាស​ថ្មើរជើង (ឆ្លងថ្នល់) ក្នុង​រាជធានី​ភ្នំពេញ​នឹងត្រូវ​សាងសង់​បន្ថែម

ភ្នំពេញ – ស្ពាន​អាកាស​ថ្មើរជើង​ជាច្រើន​កន្លែង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​នឹងត្រូវ​សាងសង់​បន្ដ ខណៈ​ស្ពាន​អាកាស​ថ្មើរជើង​នាង​គ​ង្ហី​ង​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​សប្ដាហ៍​ក្រោយ។

មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​បានឱ្យដឹងថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន OCIC នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅត្រង់​ម្ដុំ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង។

លោក សាំ ពិ​សិទ្ធិ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​តាមរយៈ Facebook ផ្លូវការ​របស់ខ្លួន​ថា «ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង​ឆ្លងកាត់​ទីតាំង​ភ្លើងស្តុប​មិនឱ្យ​ប៉ះពាល់​ចរាចរណ៍ និង​ធានាបាន​សុវត្ថិភាព រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង​ក្នុង​ខណ្ឌ៧មករា​នៅ​សប្តាហ៍​ក្រោយ​នេះហើយ»។

ជុំវិញ​បញ្ហា​នេះ​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា នៅ​សប្ដាហ៍​ក្រោយនេះ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ទី​បី​ដែល​គ្រោង​នឹង​ប្រើ​ពេលវេលា​សាងសង់​ប្រមាណ6ខែ​នោះ​នឹងត្រូវ​ធ្វើឡើង  ដោយ​ស្ពាន​អាកាស​សម្រាប់​ដើរ​ឆ្លងថ្នល់​ទី​បី​នេះ​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ក្នុងអំឡុង​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​រួច។

ស្ពាន​អាកាស​ថ្មើរជើង​ត្រង់ចំណុច​នា​ងគ​ង្គី​ង​នេះ នឹងត្រូវ​សាងសង់ឡើង​ចេញពី​តំបន់​ពាណិជ្ជកម្ម​អូ​ឡាំ​ព្យា គ្រប់​លើ​ស្តុ​ប​នាង​គ​ង្គី​ង ដើម្បី​ធ្វើយ៉ាងណា​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង​របស់​ប្រជាពលរដ្ឋ​ទូទៅ​ចេញពី​តំបន់​ពាណិជ្ជកម្ម​មកកាន់​ទីសាធារណៈ និង​ការធ្វើដំណើរ​ថ្មើរជើង​ពី​ទីសាធារណៈ​ទៅកាន់​តំបន់​ពាណិជ្ជកម្ម​កុំ​ឱ្យមាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។ ស្ពាន​នេះ​មាន​ច្រក​ឡើង-ចុះ​ជណ្ដើរ 5 ច្រក​ដែល​ស្របតាម​ផ្លូវ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​ទៅតាម​ទិសដៅ​របស់ខ្លួន​បាន។ ដោយឡែក​ពាក់ព័ន្ធ​ការវិនិយោគ​លើ​ស្ពាន​អាកាស​ថ្មើរជើង​ទី​បី​នេះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រកាសជូន​សាធារណៈ​ដឹង​នៅពេល​ខាងមុខ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បន្ដថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ពីរ​រួចហើយ នៅ​ម្ដុំ​ជម្ពូ​វ័​ន្ដ ហើយ​ស្ពាន​អាកាស​នាង​គ​ង្ហី​ង​នេះ គឺជា​ស្ពាន​ទី​បី។ បច្ចុប្បន្ន​ក្រៅពី​គិតគូរ​អំពី​ការសាងសង់​ស្ពាន​ថ្មើរជើង​ទី​បី(នាង​គ​ង្ហី​ង)នេះហើយ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​កំពុងតែ​គិតគូរ និង​សិក្សា​បន្ថែមទៀត​ទៅលើ​ទីតាំង​ណា​ដែល​អំណោយផល និង​មាន​តម្រូវការ​ស្ពាន​អាកាស​ថ្មើរជើង​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ និង​គ្រោះថ្នាក់​កើតចេញពី​បញ្ហា​ចរាចរណ៍​នោះ ហើយ​និង​មានការ​សាងសង់​ជា​បន្ដបន្ទាប់​នៅពេលក្រោយៗទៀត៕

Advertisement