រដ្ឋាភិបាល​ប្រកាស​ចំណាយ 40លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​បន្ថែម​ប្រាក់ខែ​ឱ្យ​កម្មករ

ភ្នំពេញ៖ ដើម្បី​លើកកម្ពស់​ជីវភាព​កម្ម​ករ-កម្មការិនី​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង រាជរដ្ឋាភិបាល​បានសម្រេច​ចំណាយ​ថវិកាជាតិ​ក្នុង​មួយឆ្នាំ​ប្រមាណ​ជា40លាន​ដុល្លារ ដើម្បី​បង្គ្រប់​ប្រាក់ខែ​កម្មករ​ឱ្យបាន​ដល់ 170ដុល្លារ​ចាប់ពី​ឆ្នាំ2018 ខាងមុខ​តទៅ។

ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ2017-2025 នៅ​វិមាន​សន្តិភាព ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្តែង​ការអបអរសាទរ​ចំពោះ​ការស្រុះស្រួល​គ្នា​លើ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ-និយោជិត​នៅ​ឆ្នាំ2018 ដែល​ព្រម​ទទួលយក​តួលេខ165ដុល្លារ និង​ការបន្ថែម​ពីលើ​ដោយ​រាជរដ្ឋាភិបាល 5ដុល្លារ​ទៀត​ស្មើ170ដុល្លារ។

ការបន្ថែម 5ដុល្លារ​ពីលើ​ប្រាក់​ឈ្នួល​របស់​កម្មករ​នៅ​ឆ្នាំ2018នេះ ធ្វើឱ្យ​រាជរដ្ឋាភិបាល​ខាតបង់​ជាង 40លាន​ដុល្លារ​អាមេរិក​តាមរយៈ​ការអនុគ្រោះ​ពន្ធ​កាត់​ទុក ដោយ​ពន្យារ​រហូតដល់​ឆ្នាំ2022 និង​ការយក​ប្រាក់កម្រៃ​លើ​ការនាំចេញ។

យោងតាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ថវិកា​ឆ្នាំ2018 បាន​កំណត់ថា ប្រាក់បៀវត្សរ៍​ចាប់ពី1លាន 2សែន​រៀល​ឡើងទៅ​ទើប​ជាប់ពន្ធ។ សម្តេច​រំពឹងថា រដ្ឋសភា​នឹង​គាំទ្រ​ចំពោះ​ច្បាប់​ថវិកាជាតិ​ថ្មី​នេះ និង​ស្នើឱ្យ​ពិចារណា​ធ្វើយ៉ាងណា​កុំ​ឱ្យមាន​គម្លាត​គ្នា​ខ្លាំង​លើ​ប្រាក់ឧបត្ថម្ភ​ពេល​មរណភាព ទាំង​មរណភាព​ធម្មតា និង​ក្នុងពេល​បេសកកម្ម​រវាង​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ។

សូម​រំឭកថា ក្រៅពី​ប្រាក់ខែ170ដុល្លារ​នេះហើយ កម្មករ-កម្ម​ការ​នី​ក៏​នៅមាន​ប្រាក់ខែ​ឧបត្ថម្ភផ្សេងៗទៀត ក្នុងនោះ​មានដូចជា ៖

-ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន 7ដុល្លារ​អាមេរិក​ក្នុង​មួយខែ។
-ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន10ដុល្លារ​ក្នុង​មួយខែ។

-ប្រាក់​ថ្លៃ​បាយ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន 2,000រៀល​ក្នុង​មួយថ្ងៃ ឬ​ទទួលបាន​បាយ​ដោយ​ឥតគិតថ្លៃ។
-និង​ប្រាក់រង្វាន់​អតីតភាព​ការងារ​ចំនួន 2ដុល្លារ​ដល់11ដុល្លារ​ក្នុង​មួយខែ សម្រាប់​កម្មករ-និយោជិត​ដែល​បានធ្វើការ​ចាប់ពី​ឆ្នាំ​ទី2 ដល់​ឆ្នាំ​ទី11 ។

ដូច្នេះ ជា​មធ្យម​និយោជិត​ម្នាក់​នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍​យ៉ាងតិច​ពី 187ដុល្លារ ទៅដល់198 ដុល្លារ​ក្នុង​មួយខែ៕

Advertisement