ការផ្គត់ផ្គង់​អា​ផាត​មិន ក្នុង​រាជធានី​កើនឡើង ខណៈ​តម្រូវ​ការថយចុះ

ភ្នំពេញ៖ វា​ជា​រឿង​ធម្មតា​ដែល​នៅពេល​មានការ​ផ្គត់ផ្គង់​កើនឡើង​ច្រើន តម្រូវការ​នៃ​ការប្រើប្រាស់​តែងមាន​ការធ្លាក់ចុះ ជាក់ស្តែង​របាយការណ៍​សិក្សា​ថ្មី​មួយ​បាន​រកឃើញថា កាលពី​ឆ្នាំ​កន្លងទៅ​ចំនួន​អា​ផាត​មិន (Apartment) ក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ប្រមាណ​ជា 20% ខណៈដែល​តម្រូវ​ការប្រើ​ប្រាស់​ធ្លាក់ចុះ​រហូតដល់ 8%ឯណោះ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​ដែល​បង្ហាញ​កាលពីពេលថ្មីៗបាន​រកឃើញថា ការផ្គត់ផ្គង់​អា​ផាត​មិន​នៅលើ​ទីផ្សារ​បាន​កើនឡើង​ប្រមាណ​ជា20ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ស្របពេល​ជាមួយ​តម្រូវការ​ប្រើប្រាស់​បាន​ធ្លាក់ចុះ8% ដោយសារ​ការផ្គត់ផ្គង់​អា​ផាត​មិន​កើនឡើង​ច្រើន​នៅលើ​ទីផ្សារ។

លោក​ឧកញ៉ា​នួន រិទ្ធី​អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​មានប្រសាសន៍​ទទួលស្គាល់​ថា ចំនួន​នៃ​ការផ្គត់ផ្គង់​អគារ​អា​ផាត​មិន​ពិតជា​មានការ​កើនឡើង ហើយ​ចំនួន​តម្រូវ​ការជួល​ស្នាក់នៅ​មានការ​ធ្លាក់ចុះ​ប្រាកដ​មែន ដែល​កន្លងមក​ការជួល​បន្ទប់​អា​ផាត​មិន កាលពី​ឆ្នាំមុន​កើនឡើង​ដល់90% ប៉ុន្តែ​បច្ចុប្បន្ន​តម្រូវការ​បាន​ធ្លាក់​ចុះមក​នៅត្រឹម​ប្រមាណ​ជា 70% ប៉ុណ្ណោះ។

លោក​ថា អតិថិជន​គោលដៅ​ដែល​ជួល​បន្ទប់​អា​ផាត​មិន​ស្នាក់នៅ មាន​ទាំង​ប្រជាជន​ខ្មែរ និង​បរទេស ហើយ​សម្រាប់​តម្លៃ​ក្រោម1,000ដុល្លារ​ក្នុង​មួយខែ ភាគច្រើន​គឺ​ក្រុម​អ្នកវិនិយោគ​នៅ​អាស៊ី​ស្នាក់នៅ​កម្ពុជា ចំណែក​តម្លៃ​ចាប់ពី1000ដុល្លារ​ឡើងទៅ គឺ​ភាគច្រើន​ជា​អ្នកវិនិយោគ ឬ​ជនបរទេស​មកពី​អឺរ៉ុប។

ជាមួយគ្នានេះដែរ​លោក សន សៀ​ប ប្រធាន​ក្រុមហ៊ុន Key Real Estate Co.ltd ក៏បាន​ថ្លែង​ទទួលស្គាល់ថា ដោយសារ​ការសង់​អគារ​អា​ផាត​មិន មានការ​ប្រកួតប្រជែង​គ្នា​កាន់​តែមាន​ចំនួនច្រើនឡើងៗ បានធ្វើឱ្យ​ការផ្គត់ផ្គង់​កើនឡើង​ខ្លាំង​នៅ​រយៈពេល​ចុងក្រោយ​នេះ​ដែលជា​ការលំបាក​ក្នុងការ​ស្វែងរក​អតិថិជន​សម្រាប់​ជួល​ស្នាក់នៅ។ លោក​បញ្ជាក់ថា អតិថិជន​គោលដៅ​ជួល​អគារ​ស្នាក់នៅ​គឺជា​ជនបរទេស ចំណែក​ប្រជាជន​ខ្មែរ​មិនទាន់មាន​ទំនោរ​ជួល​បន្ទប់​អា​ផាត​មិន​ស្នាក់នៅ​នោះទេ ភាគច្រើន​ស្នាក់​នៅផ្ទះ​ផ្ទាល់ខ្លួន មិន​សុខចិត្ត​ជួល​គេ​ទេ និង​ស៊ូ​ទិញ​បង់​រំលស់ យូរៗទៅនឹង​ក្លាយជា​កម្មសិទ្ធិ​របស់ខ្លួន។

គួរ​បញ្ជាក់ថា ចំនួន​អា​ផាត​មិន​ដាក់ចូល​ទីផ្សារ​បាន​កើនឡើង​យ៉ាងខ្លាំង ជាក់ស្តែង​គិត​ត្រឹម​ដំណាច់​ឆ្នាំមុន អា​ផាត​មិន និង​ខុន​ដូ​ចំនួន 292 គម្រោង និង​មានផ្ទះ​ចំនួន​ប្រមាណ10,000 យូ​នី​ត​បានដាក់​ចូលទៅក្នុង​ទីផ្សារ៕

Advertisement