តើ​អ្នក​ត្រៀមខ្លួន​រួចស្រេច​ប៉ុនណា​ហើយ ក្នុងការ​ធ្វើជា​ម្ចាស់​មុខ​ជំនួញ?

0

សំណួរ​ដំបូង​គេ​ដែល​អ្នក​ត្រូវ​ឆ្លើយតប​ខ្លួនឯង​នៅពេល​នឹក​ស្រមៃ​ចង់​ចាប់​ផ្ដើមធ្វើ​ជំនួញ​នោះ​គឺ “តើ​អ្នក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ឬ?”  ព្រោះ​អ្វី…ព្រោះ​អ្នកនឹង​ក្លាយជា​បុគ្គលិក​ដែល​សំខាន់បំផុត​នៅក្នុង​ក្រុមហ៊ុន​របស់ខ្លួន​ឯង។

ការវាយតម្លៃ​ខ្លួនឯង​សំខាន់​ខ្លាំង​ជាង​ការវាយតម្លៃ​អនាគត​និយោជិត(កូនឈ្នួល)របស់​អ្នក​ទៅទៀត។ អ្នក​គួរតែ​អាច​វិភាគ​ពី​ចំណុច​លេចធ្លោ និង​ចំណុចខ្សោយ​របស់ខ្លួន​ឯង​បាន ព្រោះ​ការគ្រប់គ្រង​ចាត់ចែង​ការងារ​ជំនួញ​របស់​ខ្លួនឯង​នេះ ម្ចាស់​មុខ​ជំនួញ​ត្រូវតែមាន​គុណសម្បត្តិច្រើនៗយ៉ាង​រួមបញ្ចូល​គ្នា។

ក្នុងការ​ដឹកនាំ​ឆ្ពោះទៅរក​ភាពជោគជ័យ​របស់​ការ​គ្រប់គ្រង​មុខ​ជំនួញ គំរូ​សំណួរ-ចម្លើយ​ខាងក្រោម​នេះ​នឹង​ជួយ​ឱ្យ​អ្នក​បានដឹងថា តើ​អ្នកមាន​ភាព​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ឬ​នៅ ក្នុង​ការធ្វើ​ជំនួញ​របស់​ខ្លួនឯង។ អ្នក​អាច​នាំ​គំរូ​សំណួរ-ចម្លើយ​នេះ​ទៅប្រើ​សម្រាប់​វិភាគ​លើ​មនុស្ស​ដែល​នឹង​ក្លាយ​មកជា​ភាគ​ហ៊ុ​និក​ក្នុងការ​គ្រប់គ្រង​ការងារ​របស់​អ្នក​បាន​ផងដែរ។

សូម​កុំភ្លេចថា ចូរ​ជ្រើស​រើសយក​ចម្លើយ​ក្នុង​លក្ខណៈ​ជា​ខ្លួន​អ្នកពិតៗ មិនមែន​គ្រាន់តែ​អារម្មណ៍​ដែល​គិតថា​គួរតែ​ធ្វើ​អ៊ីចឹង​នោះទេ។ ត្រូវ​ស្មោះត្រង់​ចំពោះ​ខ្លួនឯង ដើម្បីឱ្យ​ទទួលបាន​ពិន្ទុ​ដែល​ត្រូវ​នឹង​ការពិត​ខ្លាំង​បំផុត។

1 . តើ​អ្នកមាន​ភាព​ឧស្សាហ៍​ព្យាយាម​ប៉ុនណា?

          ចម្លើយ

. បើ​មាន​អ្នក​បង្ខំ​ឱ្យ​ចាប់ផ្ដើម​ធ្វើការ ទើប​អ្នក​ចាប់ផ្ដើម និង​ធ្វើការ​តទៅទៀត​បានល្អ

. អ្នកដឹង​ពី​តួនាទី​ការធ្វើការងារ​របស់​អ្នក​ខ្លួនឯង មិនចាំបាច់​ឱ្យ​នរណា​មក​បញ្ជា​ឱ្យ​ចាប់ផ្ដើម​នោទេ

. មាន​ដែរ​ភាព​ឧស្សាហ៍​ព្យ​យាម​នោះ…គ្រាន់តែ​មិនទាន់​ចាប់ផ្ដើម​ធ្វើការ ចាំ​រហូត​ទាល់តែ​ដល់ពេលវេលា​ត្រូវ​ចាប់ផ្ដើម

2 . តើ​អ្នកមាន​អារម្មណ៍​ជាមួយ​អ្នកដទៃ​ជុំវិញខ្លួន​អ្នក​យ៉ាងណាដែរ?

          ចម្លើយ

ក . អ្នកមាន​អារម្មណ៍​ថា មនុស្សច្រើនៗគួរឱ្យ​រំខាន​ណាស់ មនុស្ស​ច្រើន រឿង​ក៏​ច្រើន​ដែរ

ខ . អ្នក​ចូលចិត្ត​មនុស្សច្រើនៗ ហើយ​អ្នក​ខ្លួនឯង​ក៏​អាច​ចូល​ចុះ​ជាមួយ​អ្នកដទៃ​បានល្អ​ដែរ

ឃ . ខ្លួន​អ្នកមាន​មិត្ត​ភ័ក្តិ​ច្រើន​គ្រប់គ្រាន់​ស្រាប់​ហើយ មិន​ត្រូវការ​ស្គាល់​អ្នកដទៃ​ថែមទៀត​ទេ

3 . តើ​អ្នកមាន​ភាពជា​អ្នកដឹកនាំ​ដែរឬទេ?

ចម្លើយ

ក . អ្នក​អាចធ្វើឱ្យ​អ្នក​ឯទៀត​ធ្វើការ​តាម​ដែល​អ្នកត្រូវការ​បាន តែ​ត្រូវ​បង្ខំ​ពួកគេ​បន្តិច

ខ . អ្នក​អាចធ្វើឱ្យ​មនុស្ស​ភាគច្រើន​ធ្វើការ​បាន តាម​ដែល​ត្រូវការ​ដោយ​មិនចាំបាច់​បញ្ចេញ​កម្លាំង​ប៉ុន្មានឡើយ

គ . ជា​ប្រក្រតី អ្នក​ច្រើនតែ​ធ្វើតាម​អ្នកដទៃ​បញ្ជា​ច្រើនជាង

4 . តើ​អ្នកមាន​ភាព​ទទួលខុស​ត្រូវ​ប៉ុនណា?

ចម្លើយ

ក . អ្នកនឹង​បង្ហាញ​ភាព​ទទួលខុសត្រូវ​នៅពេលណា​ដែល​ចាំបាច់​ប៉ុណ្ណោះ ពេលនេះ​ឱ្យ​អ្នកដទៃ​ទទួល

ខុសត្រូវ​ការងារ​សិន​ចុះ

ខ . អ្នក​មិន​ចូលចិត្ត​ដឹកនាំ​អ្នកដទៃ ឬ​បង្ហាញ​ភាព​ទទួលខុសត្រូវ​លើ​ការងារ​ណា​ទាំងអស់ ព្រោះ​គិតថាមាន​អ្នក​ឯទៀត​នៅចាំ​ចេញមុខ​ចេញ​មាត់​ច្រើនណាស់ ដូច្នេះ​ទុកឱ្យ​ពួក​នោះ​សម្ដែង​តែម្ដងទៅ​ល្អ​ជាង

គ . អ្នក​ចូលចិត្ត​ធ្វើជា​អ្នកដឹកនាំ និង​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវ​លើ​ការងារផ្សេង។ ចូលចិត្ត​ក្នុងការសម្រេចចិត្ត​លើ​បញ្ហា​ដើម្បីឱ្យ​ការងារ​ដំណើរការ​ទៅមុខទៀត​យ៉ាង​រលូន

5 . តើ​ជំនាញ​ផ្នែក​ការចាត់ការ​របស់​អ្នក​យ៉ាងណាដែរ?

ចម្លើយ

ក . អ្នក​ចូលចិត្ត​រៀប​ផែនការ​មុននឹង​ចាប់ផ្ដើម​ការងារ ដោយ​ជា​ប្រក្រតី​ទៅ អ្នក​ច្រើនតែ​ជា​អ្នកកំណត់ដំណាក់កាល​ក្នុង​ការធ្វើការងារ

ខ . អ្នកធ្វើការងារ​បានល្អ តែបើ​ការងារ​នោះ​មិន​ដំណើរការ​ទៅ​ដូច​ការចង់បាន​នោះ ទើប​អ្នក​ត្រឡប់មក គិតគូរ​រៀបចំ​ផែនការ

គ . មានការ​ងារ​អ្វី​ចូលមក​ក៏​ធ្វើជាបណ្ដើរៗទៅ មិនបាន​ត្រូវ​ការរៀប​ផែនការ​ជា​រឿង​ជា​រ៉ាវ​អ្វី​ប៉ុន្មាន​ទេ

6 . តើ​អ្នកជា​មនុស្ស​ទទួល​ធ្វើការ​ងារ​បាន​ច្រើន​ប៉ុនណា?

ចម្លើយ

ក . មិន​ចូលចិត្ត​ធ្វើការ​ច្រើន ព្រោះ​មើលមិនឃើញ​ថា ការងារ​ច្រើន​នឹង​ជួយ​ឱ្យ​ជីវិត​ល្អ​ឡើង​សោះ

ខ . ធ្វើការ​ច្រើន​ជាប់​រហូត តែបើ​ធ្វើ​លែង​រួចហើយនោះ ឈប់​ក៏​គឺ​ឈប់

គ . ធ្វើការ​ច្រើន​បានជារឿយៗ មិន​ខ្វល់​ពី​រឿង​ការងារ​ច្រើន​ស្រាប់​ទៅហើយ

7 . តើ​អ្នកសម្រេចចិត្ត​បានល្អ​ប៉ុនណា​ដែរ?

ចម្លើយ

ក . បានល្អ បើសិន​មាន​ពេលវេលា​គ្រប់គ្រាន់ តែបើ​មាន​ពេលវេលា​តិច ច្រើនតែ​មិនសូវ​ល្អ

ខ . ច្រើនតែ​សម្រេចចិត្ត​បានល្អ ទោះជា​មាន​ពេល​គិត​មិនសូវ​ច្រើន​ក៏ដោយ

គ . មិន​ចូលចិត្ត​ការសម្រេចចិត្ត​សោះតែ​ម្ដង ព្រោះ​លទ្ធផល​នៃ​ការសម្រេចចិត្ត​មិនសូវ​ល្អ​សោះ

8 . តើ​អ្នកដទៃ​គេ​ជឿ​សំដី​របស់​អ្នក​បាន​ប៉ុនណា​ដែរ?

ចម្លើយ

ក . ព្យាយាម​រក្សា​ពាក្យសំដី​ដែរ តែ​ពេលខ្លះ​ក៏​ជ្រើសរើស​និយាយ​តែ​រឿងងាយៗ និង​គេច​ពី​រឿង​ណដែល​អាច​ត្រូវ​ឆ្លើយ​សំណួរ

ខ . បាន ប្រាកដ​ណាស់!  ព្រោះ​បើ​មិនមែនជា​សំដី​ដែល​ចេញ​មកពី​ចិត្ត អ្នក​នឹងមិន​និយាយ​វា​ចេញមក​ទេ

គ . ដូចជា​មិនឃើញ​ត្រូវ​ទៅ​យកចិត្តទុកដាក់​អី​នឹង​អ្នកដទៃ​សោះ បើ​និយាយ​ទៅហើយ​ធ្វើ​មិនបាន ក៏​គឺ​ធ្វើមិនបាន​ហ្នឹងហើយ

9 . អ្នកជា​មនុស្ស​រក្សា​ពាក្យសន្យា​បាន​ប៉ុនណា​ដែរ?

ចម្លើយ

ក . “និយាយ​ហើយ​ត្រូវតែ​ធ្វើ” បើ​អ្នកសម្រេចចិត្ត​ហើយ​ថា នឹងធ្វើ​អ្វីមួយ អ្នក​នឹងមិន​ព្រមឱ្យ​អ្វីមួយ​មកបញ្ឈប់​អ្នក​បានទេ

ខ . “និយាយ​ហើយ​មិនបាច់​ធ្វើ​ក៏បាន​ដែរ” បើ​ការងារ​កំពុង​ធ្វើ វា​មិន​ទៅតាម​អ្វី​ដូចដែល​ចង់បាន ទៅ​ខំប្រឹង​ធ្វើ​នាំ​តែ​ខាត​ខួរក្បាល​ធ្វើ​អី?!

គ . “និយាយ​ហើយ​គួរតែ​ធ្វើ” ទោះជា​ការងារ​ហ្នឹង​មិនបាន​ដូច​ចិត្ត​ក៏ដោយ ក៏​អ្នកនឹង​ព្យាយាម​ធ្វើឱ្យ​រួចស្រេច​ដូចដែល​បានចាប់ផ្ដើម​ដែរ។

10 . តើ​អ្នក​រក្សាទុក​ព័ត៌មាន​របស់​ការងារ​ដែល​ធ្វើ​ហើយ​យ៉ាងណាដែរ?

ចម្លើយ

ក . ព័ត៌មាន មិនឃើញ​ចាំបាច់ ឬ​សំខាន់​អ្វី​សោះ ព្រោះ​អ្នក​ដឹងថា ត្រូវធ្វើ​យ៉ាងណា​ដោយ​មិនចាំបាច់​ត្រូវ​ពឹង​ព័ត៌មាន​ចាស់​ឡើយ

ខ . រក្សាទុក​ខ្លះ​ដែរ តែ​ធ្វើការ​ឱ្យបាន​តាម​សាច់​ការ វា​សំខាន់​ជាង​មក​អង្គុយ​មើល​តួលេខ

គ . អ្នក​រក្សាទុក​ព័ត៌មាន​ជាប់​រហូត ដើម្បី​ក្រែងលោ​ត្រូវ​ប្រើការ ទោះជា​អ្នក​ខ្ជិល​រក្សាទុក​ក៏ដោយ

ពិន្ទុ

ចម្លើយ  ក  ខ  គ

  1.        6  10  0
  2.       0  10  6
  3.        6  10  0
  4.        6   0  10
  5.       10   6   0
  6.       0   6   10
  7.       6   10   0
  8.       6   10   0
  9.      10   0    6
  10.      0    6   10

វិភាគ​ពិន្ទុ ៖

ពិន្ទុ 100 ៖ កម្រិត​ភាព​ត្រៀមខ្លួន​រួចជាស្រេច ល្អ​កំពូល។ មានន័យថា អ្នក​កើតមក​ដើម្បី​ធ្វើជា​ចៅហ្វាយ​លើ​ខ្លួនឯង​យ៉ាងពិត​ប្រាកដ។ បើ​អ្នក​នៅ​មិនទាន់បាន​ចាប់ផ្ដើម​បើកមុខ​ជំនួញ​ជា​របស់​ខ្លួនឯង​នោះ អ្នក​គួរ​តែបើ​កបាន​ហើយ រឹតតែ​ឆាប់ រឹតតែ​ល្អ ព្រោះ​អ្នក​កំពុងមាន​កម្ដៅ គ្រប់គ្រាន់​សម្រាប់​បោះជំហាន​ទៅមុខ​បាន​យ៉ាង​ល្អ។

ពិន្ទុ 91 – 99 ៖ កម្រិត​ភាព​ត្រៀមខ្លួន​រួចជាស្រេច ល្អ​ណាស់។ មានន័យថា អ្នកមាន​ភាព​ត្រៀម​រួចជាស្រេច​លើ​គ្រប់ផ្នែក​សម្រាប់​ការចាប់ផ្ដើម​មុខ​ជំនួញ​របស់​ខ្លួនឯង។ កុំ​បង្អង់​យូរ  ដំណើរ​ផ្លូវ​នៃ​ភាពជោគជ័យ​នៅខាងមុខ​កំពុងតែ​បើកចំហ និង​រង់ចាំ​អ្នក​ហើយ។

ពិន្ទុ 72 – 90 ៖ កម្រិត​ភាព​ត្រៀមខ្លួន​រួចជាស្រេច ល្អ។  មានន័យថា អ្នកមានគុណ​ស​ម្ប​ត្កិ និង​ភាព​ត្រៀម​ជាស្រេច​ក្នុងការ​ធ្វើជា​សហគ្រិន​ដែល​នឹង​ទទួលជោគជ័យ  តែ​ក៏​នៅមាន​ចំណុចខ្សោយ​ជាច្រើន​ចំណុច​ទៀត​ដែរ។ ជំនាញ​លើ​ចំណុច​ដែល​អ្នក​ខ្វះ អ្នក​អាច​សិក្សា​រក​ចំណេះដឹង​បន្ថែម​បាន ឬ​មិន​ទេ​អាច​ជួល​មនុស្ស​ពី​ក្រៅ​ឱ្យចូល​មកជួយ​បាន។

ពិន្ទុ 40 – 71 ៖ កម្រិត​ភាព​ត្រៀមខ្លួន​រួចជាស្រេច កណ្ដាល ឬ​មធ្យម។  មានន័យថា នៅ​មិនទាន់​ប្រាកដ​ច្បាស់​ថា តើ​អ្នក​ត្រៀម​រួចស្រេច​ក្នុងការ​ធ្វើជា​ចៅហ្វាយ​លើ​ខ្លួនឯង និង​អ្នកដទៃ​ហើយ​ឬ​នៅទេ។ អ្នក​នៅ​ខ្វះ​គុណសម្បត្តិ​ច្រើន​ប្រការ​ដែល​អនាគត​សហគ្រិន​ជោគជ័យ​មិនគួរ​មើលរំលង  តែបើ​អ្នក​នៅតែមាន​តម្រូវ​ការចង់​បើកមុខ​ជំនួញ​របស់​ខ្លួនឯង​ឱ្យបាន​វិញ​នោះ អ្នកនឹង​ជួប​ឧបសគ្គ​ដ៏​ច្រើន​នាពេល​អនាគត​ដែល​អាច​នឹង​ធ្វើឱ្យ​អ្នក​បរាជ័យ​យ៉ាង​អស់ក្បាច់​មិន​ខាន។

ពិន្ទុ ទាប​ជាង 40 ៖ កម្រិត​ភាព​ត្រៀមខ្លួន​រួចជាស្រេច មិនសូវ​ល្អ។  មានន័យថា មិន​ចង់​ប្រាប់​ឡើយ​ថា ចូរ​បំភ្លេច​ក្តី​សុបិន​ដែល​ចង់​ក្លាយជា​ចៅហ្វាយ​លើ​ខ្លួនឯង​នោះ​ចោល​ទៅ។ ការធ្វើ​ជំនួញ​មិនមែនជា​ដំណើរ​ផ្លូវ​របស់​អ្នក​ទេ អ្នក​ប្រហែលជា​ស័ក្តិសម​នឹង​ការងារ​ដែល​អ្នក​កំពុង​ធ្វើ​ហ្នឹង​ច្រើនជាង។  ដូច្នេះ​ចូរ​កុំមក​ខាត​ពេល​មក​អង្គុយ​នឹក​ស្រមៃ​ទៅដល់​អ្វីដែល​មិនអាច​ក្លាយជា​ការពិត​បានធ្វើ​អី៕                                                                                                    រៀបរៀង​ដោយ តា​វ៉ែនតា

 

ចែករំលែក