ធនាគារជាតិហាមមិនឱ្យប្រើប្រាស់រូបិយវត្ថុ Crypto Currency នៅកម្ពុជា

ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាសថ្មីមួយ ហាមមិនឱ្យចរាចររូបិយវត្ថុ Crypto Currency នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដោយសារតែចៀសវាងកុំឱ្យមានហានិភ័យទៅដល់សាធារណជន។

ខ្លឹមសារនៃសេចក្តីជូនដំណឹង ដែលបានជម្រាបទៅដល់គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ បានលើកឡើងថាធនាគារជាតិនៃកម្ពុជាបានពិនិត្យឃើញថា បច្ចុប្បន្នមានការចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយ រូបិយវត្ថុ Crypto (Crypto Currency) ដូចជា BitCoin និងឧបករណ៍អេឡិចត្រូនិកប្រហាក់ប្រហែលគ្នា ដោយមិនមានច្បាប់អនុញ្ញាត និងមិនមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា។

ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការទាំងនេះ អាចបង្កហានិភ័យដល់សាធារណជន និងជាមធ្យោបាយសម្រាប់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងទីផ្សារងងឹត ដោយសារអ្នកប្រើប្រាស់ និងវិនិយោគិនមួយចំនួនមិនមានការយល់ដឹងពីរូបិយវត្ថុ Crypto Currencies ដែលងាយឆបោក។ លោកជំទាវ ជា សេរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា មានប្រសាសន៍នៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី4 កាលពីសប្តាហ៍មុននេះថា ថ្មីៗនេះធនាគារជាតិនៃកម្ពុជាបានទទួលព័ត៌មានមួយចំនួន ដែលបានចរាចររូបិយវត្ថុ Crypto Currency ហើយបានផ្តល់ឈ្មោះប្លែកៗគ្នា ដូចជា Bit Coin បន្ទាប់មកទៀតក៏មានក្រុមហ៊ុនមួយចំនួន កំពុងតែបំផុសបំផុលឱ្យប្រជាជនទិញយក។

លោកជំទាវបញ្ជាក់ថា ធនាគារជាតិកម្ពុជាមិនគាំទ្ររូបិយវត្ថុ Crypto Currency ដែលមិនទទួលស្គាល់ដោយរដ្ឋាភិបាល ហើយបើសិនជាមានការបំផុសបំផុល ឱ្យប្រើប្រាស់ណាមួយ សូមកុំជឿតាមការបំផុសបំផុលរបស់គេ ព្រោះរូបិយវត្ថុប្រភេទនេះមិនអាចប្តូរយកប្រាក់សុទ្ធនៅធនាគារជាតិបានឡើយ៕

Advertisement