ដាំ​ត្រសក់​លើដី15 អា មួយថ្ងៃ​បេះ​លក់បាន​ប្រាក់​ពី 15 – 20ម៉ឺន​រៀល

ត្រសក់​ជា​ប្រភេទ​បន្លែ​ម្យ៉ាង​ដែលមាន​តម្រូវការ​ទទួលទាន​ខ្ពស់​គ្រប់​ក្រុមគ្រួសារ​ដោយសារតែ​វា​អាច​យកទៅ​ច្នៃ​ធ្វើជា​ម្ហូប​បាន​ច្រើន​ប្រភេទ ដូចជា​ធ្វើជា​បន្លែ​ឆា ធ្វើជា​អន្លក់ ឬ​ធ្វើ​បន្លែ​ជ្រក់​ក៏បាន។ ដោយសារតែ​តម្រូវការ​បែបនេះហើយ ទើប​ធ្វើឱ្យ​កសិករ​បោះបង់​ការដាំ​ដំណាំផ្សេងៗ ហើយ​បែរមក​ប្រកប​របរ​ដាំ​ត្រសក់​វិញ។

កសិករ​ដាំ​ត្រសក់​នៅក្នុង​ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល លោក​ទុន ចាន់ណា​បានឱ្យដឹងថា កន្លងមក​គ្រួសារ​គាត់​ក៏ដូចជា​គ្រួសារ​កសិករ​ដទៃទៀត​ដែរ​ចូលចិត្ត​ដាំ​បន្លែ​ម្រះ និង​ត្រឡាច ដោយសារ​បន្លែ​ប្រភេទ​នេះ​មានតម្លៃ​សមរម្យ​នៅលើ​ទីផ្សារ ក៏ប៉ុន្តែ​ដោយសារ​ហាងឆេង​ឡើង​ចុះ​មិន​ទៀងទាត់ គ្រួសារ​គាត់ និង​អ្នកភូមិ​មួយចំនួន​បាន​ងាក​មក​ដាំ​ត្រសក់​ជំនួស​វិញ​ប្រមាណ​ជា​ជិត 2ឆ្នាំ​ចុង​ក្រោយនេះ ហើយ​លក់​ចេញ​បាន​តម្លៃ​សមរម្យ​អាច​ទទួលយកបាន​ដែល​ជា​កត្តា​ធ្វើឱ្យ​ពួកគាត់​បន្ត​ដាំ​ត្រសក់​រហូតមកទល់​ប​ច្ចុ​ប្បន្ន។

កសិករ​ខាងលើ​បន្តថា បន្ទាប់ពី​ប្រកបមុខរបរ​ដាំ​ត្រសក់​រយៈ2ឆ្នាំ​មក ឃើញថា​ត្រសក់​គឺជា​ដំណាំ​ងាយស្រួល​ដាំ ហើយ​ទទួលបាន​ផល​ខ្ពស់​ទៀតផង​បើ​ប្រៀបធៀប​ជាមួយ​ដំណាំផ្សេងៗ ដោយ​ដាំ​លើ​ផ្ទៃដី​តែ​ប្រមាណ14អា ក៏​ក្នុង​មួយថ្ងៃ​អាច​បេះ​បាន​ចន្លោះ​ពី 200 ទៅ300គីឡូក្រាម​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ដែរ ដោយ​ក្នុង1គីឡូក្រាម​អាច​លក់បាន​ចន្លោះ​ពី800រៀល ទៅ1.000រៀល និង​លក់ដាច់​ជាប្រចាំ​ដោយសារ​ពួកគាត់​មាន​បច្ចេកទេស​ដាំ​ដុះ ដោយ​មិន​ប្រើប្រាស់​ថ្នាំ​គីមី​នាំឱ្យ​ប៉ះពាល់​សុខភាព​គ្រួសារ​ពួកគាត់ និង​អ្នក​ទទួលទាន​ឡើយ ដោយសារ​មានការ​បណ្តុះបណ្តាល​បច្ចេក​ទេស​ដាំ​ដុះ​ថ្មី​ពី​អង្គការ“លាស់​ថ្មី។

ប៉ុន្តែ​យ៉ាងណាក៏ដោយ កសិករ​ក្នុងភូមិ​ពាម​សាលា​បាន​ត្អូញត្អែរថា ដោយសារតែ​ឆ្នាំនេះ​ផ្លែ​ត្រសក់​ពួកគាត់​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំមុន ដោយ​កាលពីពេល​កន្លងទៅ​ពួកគាត់​អាច​លក់បាន​ក្នុងតម្លៃ​ចន្លោះ​ពី1.500រៀល​ដល់1.700រៀល និង​មាន​ម៉ូ​យមក​ទទួលយក​ដល់​កន្លែង​ទាំងអស់​ទៀតផង។ តែ​ឥឡូវនេះ​ពួកគាត់​អះអាងថា ដោយសារ​មាន​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង​ច្រើនពេក ជាពិសេស​ប្រទេស​វៀតណាម។

របរ​ដាំ​ត្រសក់​មិន​ត្រឹមតែ​រក​ចំណូល​ឱ្យ​អ្នក​ដាំ​បាន​ដោយ​ស្រួល​ប៉ុណ្ណោះ​ទេ សូម្បីតែ​អ្នក​មើលថែ​ចម្ការ​ឱ្យគេ​ក៏​អាច​រកប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បានដែរ។ លោក​អុំ ជឿន​សុផល អ្នក​មើលថែ​ចម្ការ​ខាងលើ​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា គាត់​មិនមាន​ដី​ដាំ​បន្លែ​នឹង​គេ​ទេ ប៉ុន្តែ​ក្នុង​មួយ​ព្រឹក​គាត់​អាច​រក​ចំណូល​ពី​ការ​ស៊ីឈ្នួល​ធ្វើ​ស្មៅ និង​កាត់​ស្លឹក​ត្រសក់​ឱ្យគេ​ក៏បាន2ម៉ឺន​រៀល​ដែរ​ក្នុង​មួយថ្ងៃ ហើយ​ពេលទំនេរ​ពី​ការធ្វើ​ស្មៅ គាត់​អាច​ទៅ​ស៊ីឈ្នួល​កាត់​បន្លែ​ឱ្យគេ​ដើម្បី​រក​ចំណូល​បន្ថែម​បាន​ទៀតផង។

គួរ​បញ្ជាក់ថា ត្រសក់​គឺជា​ប្រភេទ​ដំណាំ​ងាយស្រួល​ដាំ​ដុះ​មិន​ពិបាក​ថែទាំ​ច្រើន​នោះទេ ហើយក៏​មិនសូវ​ប្រើ​ជី ឬ​បាញ់ថ្នាំ​គីមី​ដើម្បី​សម្លាប់​សត្វល្អិត​ច្រើនពេក​ដែរ និយាយ​រួម​ទៅ​គឺ​ចំណាយ​ដើមទុន​អស់​តិច តែ​ប្រមូល​ផល​បានយូរ​រហូត​ជាង1ខែ​ឯណោះ ទើប​ដើម​ទុំ​ចាស់​ងាប់​ស្លឹក ហើយ​សឹម​រៀបចំ​ដាំ​ថ្មី​ឡើងវិញ។

ចំណែកឯ​វិធី​ដាំ​ដុះ​វិញ​កសិករ​ដដែល​នោះបាន​ប្រាប់ថា មុនពេល​ដាំ​គេ​ត្រូវ​ភ្ជួរ​រាស់​ដី ហើយ​ហាល​ដី​ចោល​រយៈពេល​មួយ​សប្តាហ៍ ទើប​ភ្ជួរ​ពូន​ជា​រង​បន្ទាប់មក​យក​គ្រាប់​កប់​ដាំ​តែម្តង។ នៅពេល​មិនទាន់​ដុះ ក្នុង​មួយថ្ងៃ​គេ​ត្រូវ​ស្រោច​ទឹក​វា3ដង​គឺ​ពេលព្រឹក ថ្ងៃត្រង់ និង​ល្ងាច លុះ​កូន​ត្រសក់​ដុះ​ហើយ​គឺ​ស្រោច​ទឹកតែ2ដង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។ លុះ​ដល់ពេល​ត្រសក់​ឡើងទ្រើង កសិករ​អាច​យក​ជី និង​ថ្នាំ​ជំនួយ​ត្រួយ​មក​ដាក់​ត្រាំ​ក្នុង​ទឹកស្រះ​ដើម្បី​បូម​ស្រោច​តាម​គុម្ព​ត្រសក់​ទាំងនោះ​រយៈពេល​មួយ​សប្តាហ៍ រហូតដល់​អាយុ​បាន1ខែ ត្រសក់​អាច​ចេញ​ផ្កា និង​ក្ដិ​ប ហើយ​យើង​អាច​បន្ត​បេះ​វា​បាន​រហូតដល់ 1ខែ ឬ1ខែ​កន្លះ​ឯណោះ​ទើប​រើ​ទ្រើង​ដាំ​សាជាថ្មី។

ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​ស្អាង លោក អ៊ុក សុគន្ធ មានប្រសាសន៍ថា ផ្ទៃដី​ដាំ​បន្លែ​ចម្រុះ​នៅក្នុង​ស្រុក​ស្អាង​មាន​ប្រមាណ2.037ហិកតា ហើយ​ក្នុង​មួយថ្ងៃ​ទូទាំង​ស្រុក​ផលិត​បន្លែ​គ្រប់​ប្រភេទ​នាំ​ចេញទៅ​លក់​លើ​ទីផ្សារ​បាន​ពី50-60តោន។ លោក​បាន​បន្តទៀតថា កសិករ​គួរ​មាន​ទម្លាប់​ផ្លាស់ប្តូរ​ប្រភេទ​ដំណាំ និង​គួរ​ដាំ​ដំណាំ​ណា​ដែលមាន​តម្រូវការ​ទីផ្សារ ចៀសវាង​ការដាំដុះតាមៗគ្នា​ដែលនាំឱ្យ​បរិមាណ​ផ្គត់ផ្គង់​ច្រើន​លើស​តម្រូវការ​ដែលនាំឱ្យ​បន្លែ​នោះ​ធ្លាក់​ថ្លៃ៕

Advertisement