មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា 36លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្ដល់​សេវា​សុខភាព​ជូន​កុមារ​កម្ពុជា ក្នុង​ឆ្នាំ 2017

ភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត Denis Laurent អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា ក្នុង​មួយឆ្នាំ2017 កន្លងទៅនេះ មន្ទីរពេទ្យ​គន្ធបុប្ផា បានផ្តល់​សេវា​សុខភាព​ជូន​កុមារ​កម្ពុជា​នៅក្នុង​មន្ទីរពេទ្យ​បាន​ចំនួន 909.192នាក់ និង​បាន​សម្រាក​ព្យាបាល​ជំងឺ​ចំនួន 167.790នាក់ ហើយ​មន្ទីរពេទ្យ​បាន​ចំណាយ​ថវិការ​អស់​ប្រមាណ 36លាន​ដុល្លារ​អាម៉េរិក សម្រាប់​កិច្ចដំណើរការ​ព្យាបាល​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ឱ្យ​រួច​ផុតពី​ការគំរាមកំហែង​នៃ​ជំងឺ​គ្រប់​ប្រភេទ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ AKP នៅ​ថ្ងៃទី 10 ខែមករា ឆ្នាំ 2018។

លោក​វេជ្ជបណ្ឌិត Denis Laurent បានបញ្ជាក់​បន្ថែមទៀត​ថា ភាគច្រើន​កុមារ​ដែលមាន​ជំងឺ​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា គឺជា​កុមារ​ជា​កូនចៅ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រដែល​ពួកគេ​ត្រូវ​បានទទួល​ការពិនិត្យ និង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​គ្រប់​ទីកន្លែង ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប ដោយ​ឥតគិតថ្លៃ ហើយ​ថវិកា​សម្រាប់​ចំណាយ​ទាំងអស់ គឺ​បានមកពី​រាជរដ្ឋាភិបាល​កម្ពុជា កាកបាទក្រហមកម្ពុជា គ្រឹះស្ថាន​អង្គរ ជំនួយ​ពី​ប្រទេស​ស្វី​ស និង​ការបរិច្ចាគ​ដោយ​សប្បុរសជន​ក្នុងស្រុក។

ជាក់ស្តែងថ្មីៗនេះ សមាគម​ប្រតិបត្តិ​ករ​ទេសចរ ខេត្តសៀមរាប បានផ្តល់​ថវិកា​ចំនួន 1ម៉ឺន​ដុល្លា​ដល់​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា​ខេត្តសៀមរាប ដើម្បី​ជួយ​ដល់​កុមារ​នៅ​កម្ពុជា​ផងដែរ៕

Advertisement