ចង់​រកស៊ី​ផ្នែក​អចលនទ្រព្យ តើ​គួរ​ដឹង​អ្វីខ្លះ​ពី​ទីផ្សារ​នេះ?

បច្ចុប្បន្ន​អាជីវក​ម្មខាង​ផ្នែក​អចលនទ្រព្យ​មាន​ភាព​រីកដុះដាល​យ៉ាងខ្លាំង​បើ​ប្រៀបធៀប​នឹង​រយៈពេល​ជាង10ឆ្នាំមុន ទាំង​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ក្តី និង​មិនមាន​អាជ្ញាប័ណ្ណ​ក្តី។ ជាក់ស្តែង​ស្រុក​យើង​មិនទាន់មាន​មហាវិទ្យាល័យ​ដែល​បង្រៀន​ពីមុខ​វិជ្ជា​នេះ​នៅឡើយ​ទេ តែ​ភាគច្រើន​អ្នក​ប្រក​បរបរ​នេះ​ច្រើន​មាន​បទពិសោធ​ពី​ការងារ​ដែល​ខ្លួន​ធ្លាប់ធ្វើ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យធំៗដែល​បាន​បង្កើតឡើង​មុនគេ​កាលពី20ឆ្នាំមុន។ អ្នក​ទាំង​នោះបាន​ឈប់​ធ្វើការ​ហើយ​ចាប់ផ្ដើម​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន ដើម្បី​ឈាន​ជើង​ចូល​ទីផ្សារ​អចលនទ្រព្យ​ដែរ ព្រោះ​យល់ថា វា​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើ។ ជាក់ស្តែង​ក៏មាន​ការលើក​ជា​ចម្ងល់​ដែរ​ថា ប្រសិនជា​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​គួរតែ​ត្រូវ​បង្កើតឱ្យមាន​សេវាកម្ម​អ្វីខ្លះ​ដើម្បី​បំពេញតម្រូវការ​អតិថិជន?

លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើកឡើងថា តាមរយៈ​បទពិសោធ​លោក​មើលឃើញថា អ្នកបើក​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​ដែល​ឈាន​ជើង​ចូលទៅក្នុង​វិស័យនេះ​ភាគច្រើន​បាន​សុំ​អាជ្ញា​ប​ណ្ណ័2គឺ​សេវាកម្ម​ទិញ-លក់-ជួល និង​សេវាកម្ម​វាយតម្លៃ​អចលនវត្ថុ តែ​យ៉ាងណាក៏ដោយ សេវាកម្ម​ទាំងពីរ​នេះ​មាន​សកម្មភាព​ខុសគ្នា ពោលគឺ​សេវាកម្ម​ទិញ-លក់-ជួល ហាក់​មាន​សម្ទុះ​ខ្លាំង​ជាង​សេវាកម្ម​វាយតម្លៃ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បញ្ជាក់ថា មូលហេតុ​សេវាកម្ម​ទិញ-លក់-ជួល​ទទួលបាន​ការពេញនិយម​ជាង​សេវា​វាយតម្លៃ​អចលនវត្ថុ ព្រោះ​ទីផ្សារ​នៃ​សេវា​ទិញ-លក់-ជួល មាន​អ្នកធ្វើការងារ​នៅក្នុង​សេវា​នេះ​ច្រើន ពិសេស​ការងារ​នេះ​ពុំ​ទាមទារ​លក្ខខណ្ឌ​ច្រើន ពោលគឺ​តម្រូវការ​ទីផ្សារ​មាន​ច្រើន​ទើប​ធ្វើឱ្យ​ចរន្ដ​ទីផ្សារ​ដើរ​ខ្លាំង។

លោក​បណ្ឌិត គីម ហ៊ាង បញ្ជាក់ថា៖“ប្រសិន​យើង​បង្កើត​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ គឺ​ទាមទារ​ឱ្យ​បុគ្គល​នោះ​មានចំណេះដឹង​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ និង​ត្រូវការ​បទពិសោធ​យ៉ាងហោច 3ឆ្នាំ ម្យ៉ាងទៀត​ពេល​មាន​បទពិសោធ​ច្រើន​ក៏​មិន​ប្រាកដថា​គេ​ប្រើ​យើង​ដែរ ដូច្នេះ​ការងារ​នេះ​ត្រូវការ​ពេលវេលា​យូរ ផ្ទុយទៅវិញ​បើ​យើង​បើក​ក្រុមហ៊ុន​ទិញ-លក់-ជួល គ្រាន់តែ​បើក​ភ្លាម​មាន​ភ្ញៀវ​មករក​ភ្លាម ឱ្យតែ​និយាយ​ត្រូវ​ថ្លៃ​គ្នា គឺអាច​ទទួល​បានការ-ងារ​ភ្លាម​តែម្ដង។

ដោយ​ឃើញ​ពី​ចំណុច​ល្អ​នៃ​សេវាកម្ម​ទាំងពីរ​នេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ប្រាប់ថា “អ្នកមាន​បំណង​ចង់​បើក​ក្រុមហ៊ុន​អចលនទ្រព្យ គួរតែ​សុំ​អាជ្ញាប័ណ្ណ​ទាំងពីរ​ទើប​ជាការ​ប្រសើរ។ លោក​បាន​បញ្ជាក់ថា ពេល​ក្រុមហ៊ុន​យើង​ចាប់ដំណើរការ យើង​ធ្វើ​តែ​សកម្មភាព​ទិញ-លក់-ជួល​សិន​ចុះ រីឯ​សេវា​វាយតម្លៃ​អចលនទ្រព្យ​យើង​អាច​ពន្យារ​អាជ្ញាប័ណ្ណ​បាន ព្រោះ​នៅពេល​យើង​យក​អាជ្ញាប័ណ្ណ​ទៅសុំ​ការងារ​វាយតម្លៃ​ពី​ធនាគារ នៅពេល​គេ​ឃើញ​យើង​ទើប​ទទួលបាន​អាជ្ញាប័ណ្ណ​ថ្មីថ្មោង គេ​អត់​ប្រើ​យើង​ទេ។ ផ្ទុយទៅវិញ​សេវា​ទិញ-លក់-ជួល​គេ​អត់​សួររក​បទពិសោធ​ការងារ​យើង​ប៉ុន្មាន​ឆ្នាំ​ទេ ឱ្យតែ​ភ្ញៀវ​និយាយ​ត្រូវ​ថ្លៃ គេ​ប្រើ​យើង​តែម្ដង ឯ​សេវា​វាយតម្លៃ​លើ​អចលនទ្រព្យ​វិញ​គេ​ត្រូវការ​បទពិសោធ​ពី 3 ទៅ 5ឆ្នាំ។

ដើម្បី​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ បុគ្គល​ម្នាក់​ត្រូវ​ចុះបញ្ជី​អាជីវកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម​ដោយមាន​ឈ្មោះ​ទីតាំង ឈ្មោះ​បុគ្គល និង​សកម្មភាព​ជាក់ស្ដែង។ ត្រូវមាន​ប័ណ្ណ​ប៉ាតង់​អាជីវកម្ម​ពី​អគ្គនាយកដ្ឋាន​ពន្ធដា និង​ធ្វើការ​ពន្យារ​បន្ដ​ជា​រៀងរាល់ឆ្នាំ និង​ត្រូវមាន​អាជ្ញាប័ណ្ណ​អចលនទ្រព្យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធ្វើការ​ពន្យារ​បន្ដ​ជា​រៀងរាល់ឆ្នាំ​ដែរ។

កញ្ញា ចេ​វ សុ​ឃុន អគ្គនាយិកា​នៃ​ក្រុមហ៊ុន KAT APPRAISAL CO.,LTD បាន​លើកឡើងថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់​កញ្ញា​បាន​សុំ​អាជ្ញាប័ណ្ណ​ពីរ​ប្រភេទ​គឺ​សេវាកម្ម​ទិញ-លក់-ជួល និង​សេវាកម្ម​វាយតម្លៃ​អចលនវត្ថុ។ កញ្ញា​បន្ដថា បច្ចុប្បន្ន​រវាង​សេវាកម្ម​ទាំងពីរ គឺ​សេវាកម្ម​នៃ​ការទិញ-លក់-ជួល​អចលនទ្រព្យ​មាន​ភាពល្អប្រសើរ​ជាង​សេវាកម្ម​វាយតម្លៃ​តាមរយៈ​ការទទួលបាន​ការងារ​ពី​អតិថិជន​ជា​ហូរហែ។ កញ្ញា​បន្ដថា មូលហេតុ​សេវាកម្ម​ទិញ​លក់​ជួល​មាន​សកម្មភាព​ផុលផុស​ព្រោះ​បុគ្គល​ម្នាក់​អាចមាន​អចលនទ្រព្យ​ច្រើន ដូច្នេះ​សកម្មភាព​ទិញ-លក់-ជួល វា​មាន​សកម្មភាព​ស្ទើរតែ​រាល់ថ្ងៃ​ដែល​តម្រូវឱ្យ​អតិថិជន​ត្រូវ​មក​ទទួល​សេវាកម្ម​ពី​ក្រុមហ៊ុន​ដើម្បី​មាន​ភាពងាយស្រួល​ដល់​ការងារ​ទិញ-លក់-ជួល​របស់​ពួកគាត់។

អគ្គនាយិកា​នៃ​ក្រុមហ៊ុន KAT APPRAISAL CO.,LTD បន្ថែមថា៖“អតិថិជន​ខ្លះ​មាន​សមត្ថភាព​ទិញ​ផ្ទះ​ដល់​ទៅ​ពីរ-បី​កន្លែង ពេលខ្លះ​គាត់​ទិញ​ហើយ​គាត់​ចង់​ជួល​អចលនទ្រព្យ​នោះ​ដើម្បី​បាន​កម្រៃ​ត្រឡប់មកវិញ ទើប​បង្កើតឱ្យមាន​ជា​ចរន្ដ​ទិញ-លក់-ជួល ឡើង រហូត​យើង​មើលឃើញថា មាន​សកម្មភាព​ផុសផុល។

ទាក់ទង​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ ត្រូវបាន​កញ្ញា ចេ​វ សុ​ឃុន បញ្ជាក់ថា ដើម្បី​ទទួលបាន​ការងារ​វាយតម្លៃ​អចលនទ្រព្យ លុះត្រាតែ​ក្រុមហ៊ុន​នោះ​មាន​បទពិសោធ​ចាប់ពី 3ឆ្នាំ​ឡើងទៅ​ទើប​ទទួលបាន​ទំនុក​ចិ​ត្ដ​ពី​ធនាគារ សម្រាប់​ក្រុមហ៊ុន KAT APPRAISAL CO.,LTD រាល់ថ្ងៃ​ក៏​ទទួលបាន​ការងារ​វាយតម្លៃខ្លះៗពី​ធនាគារ​ដែរ។ កញ្ញា​បាន​បន្ថែមថា៖ “ក្រុមហ៊ុនធំៗគេ​មាន​បទពិសោធ​ច្រើនជាង​យើង ដូច្នេះ​គេ​ទទួលបាន​ទំនុក​ចិ​ត្ដ​ពី​ធនាគារ​ច្រើនជាង​ក្រុមហ៊ុន​ដែលមាន​បទពិសោធ​ក្មេងខ្ចី ព្រោះ​ធនាគារ​គេ​ត្រូវការ​ពិចារណា​លើ​ប្រព័ន្ធ​ការងារ និង​គុណភាព​ការងារ​របស់​ក្រុមហ៊ុន​ផងដែរ។ ទោះជា​យ៉ាងណា​យើង​ឃើញថា ក្រុមហ៊ុន​វាយតម្លៃ​មាន​បទពិសោធខ្លាំងៗ ក៏​ពុំ​សូវ​ជាមាន​ច្រើន​ដែរ​នាពេល​បច្ចុប្បន្ន។

ចំណែក​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL វិញ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់លោក​បាន​បង្កើតឡើង​ជាង20ឆ្នាំ​ហើយ សេវាកម្ម​ដែល​ក្រុមហ៊ុន​របស់លោក​បានទទួល​ការគាំទ្រ​ច្រើន គឺ ទិញ-លក់​ជួល​អចលនទ្រព្យ វាយតម្លៃ​អចលនទ្រព្យ និង​ផ្នែក​គ្រប់គ្រង​អចលនទ្រព្យ។

សូមបញ្ជាក់ថា ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា​ជាទូទៅ​មាន​ផ្តល់​សេវាកម្ម 4ប្រភេទ​ទៅតាម​ទំហំ​និង​ការប្រតិបត្តិ​ការងារ​រ​បស់​ក្រុមហ៊ុននីមួយៗដូចជា សេវាកម្ម​ទិញ-លក់-ជួល​អចលនទ្រព្យ សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ សេវាកម្ម​ផ្នែក​គ្រប់គ្រង​អចលនទ្រព្យ និង​ការអភិវឌ្ឍ​អចលនទ្រព្យ៕

Advertisement